ពីនេះ ពីនោះ
វិធី​៨​យ៉ាង​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នេហា​«​អង្ករ​ក្លាយជា​បាយ​»
11, Aug 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ «​អង្ករ​ក្លាយជា​បាយ​» គឺ​មិនមែន​ជាការ​ដាំបាយ សម្រាប់​បរិភោគ​ប្រចាំថ្ងៃ​នោះទេ ប៉ុន្តែ ពាក្យ​នេះ ចាស់​បុរាណ​តែង​សំដៅលើ​ស្នេហា​ជ្រុលខ្លួន​របស់​យុវវ័យ​។ ស្នេហា​ដំបូង​ដ៏​ផ្អែម​ល្អែ​ម​ដូច​ទឹកឃ្មុំ ប៉ុន្តែ ប្រែជា​ស្នេហា​ទឹកខ្មេះ​នោះ គឺ​តែង​ធ្វើ​ឲ្យ​អ្នក​ដែល​ជួបប្រទះ​បញ្ហា​នេះ ពិបាក​រក​ផ្លូវ​ដោះស្រាយ ពីព្រោះ​យុវវ័យ​ជា​វ័យ​ឈាមរាវ មិនសូវ​មានគំនិត​វែងឆ្ងាយ​។ ភិក្ខុ គូ សុភាព មាន​វិធី​៨​យ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។  


 
«​អង្ករ​ក្លាយជា​បាយ​» បើ​បញ្ហា​ធ្ងន់ធ្ងរ មិនអាច​ដោះស្រាយបាន អ្នកមាន​បញ្ហា​នេះ​ទាំងឡាយ គួរ​ពិចារណា​ស្វែងរក​ផ្លូវ​ដោះស្រាយ​តាមផ្លូវ​ចិត្ត​ខ្លួនឯង​ដូចខាងក្រោម​៖ 
 
១) កុំ​ចាំបាច់​ក្តៅក្រហាយ​ស្តាយក្រោយ​ធ្វើ​អ្វី ទោះបី​ខំ​យំ​ស្រែក រហូត​មិន​ញ៉ាំ​បាយ​ផឹកទឹក ដេក​បង្ហូរទឹកភ្នែក និង​ធ្វើបាប​ខ្លួនឯង​ប៉ុណ្ណា ក៏​មិន​ត្រឡប់​ដូចដើម​វិញ​ដែរ​។ គួរ​គិតថា ទុក​សោក​របស់​យើង​ប៉ុណ្ណឹង នៅ​មិនទាន់​ដល់​ទុក្ខ​របស់​នាង​បដា​ចារ ដែល​ប្តី ឪពុកម្តាយ និង​បងប្អូន​ត្រូវស្លាប់ តែ​នាង​នៅតែ​តស៊ូរ​ស់បាន ដោយ​មិន​អស់សង្ឃឹម​ក្នុង​ជីវិត រហូត​នាង​ក្លាយជា​មនុស្ស​ដ៏​មានតម្លៃ និង​គួរ​ឲ្យ​គោរព​។​
 
២) គួរ​គិតថា វា​មិនមែន​កើតឡើង​ចំពោះ​យើង​ម្នាក់​ទេ ពីព្រោះ​មនុស្ស​លើ​ផែនដី​ទាំងអស់ សុទ្ធតែ​មានរឿង​នេះដែរ​។ ចូរ​កុំ​យកចិត្តទុកដាក់ នឹង​ពាក្យ​សើចចំអក ពាក្យ​និន្ទា គឺ​ត្រូវ​ទ្រាំ​លេប​ថ្ម លេប​គ្រួស លុះដល់​ថ្ងៃក្រោយ ពាក្យ​ទាំងនោះ នឹង​ក្លាយជា​អសារ​បង់​។ ចូរ​កុំ​មានគំនិត​សងសឹក និង​កុំ​គិត​ខ្លី​ចង់​សម្លាប់ខ្លួន​ដោយសារ​ខ្មាស់​គេ​។ គួរ​ត្រូវ​គិតថា យើង​អាច​រក​អ្នកផ្សេង​មក​ជំនួស​បានទេ​តើ ឲ្យ​តែ​នៅមាន​ជីវិត​។ 
 
៣) បើ​នៅ​រៀន ត្រូវ​ខំរៀន​ឡើងវិញ បើ​រកស៊ី ត្រូវ​ខំ​រកស៊ី​ឡើងវិញ និង​ធ្វើ​អ្វីដែល​នាំ​ឲ្យ​សប្បាយចិត្ត ដូចជា ដើរលេង​កំសាន្ត លេង​កីឡា ហូប​នេះ ហូប​នោះ បំបាត់ទុក្ខ​កង្វល់​។ 
 
៤) កុំ​រម្លឹក​រឿង​ចាស់ នាំ​សៅហ្មង​ចិត្ត កុំ​និយាយដើម​គេ បង្កាច់បង្ខូច​កេរ្តិ៍​គេ ឬ​តាម​បំបែកបំបាក់​គេ​។ គួរ​ចៀសវាង​គំនិត​«​បើ​អញ​មិនបាន​សុខ​ហើយ អញ​មិន​ឲ្យ​អ្នកណា​បាន​សុខ​ទេ​» ព្រោះ​អាច​នាំ​តែ​នាំទុក្ខ​ដល់​ខ្លួន​វិញ​។ 
 
៥) កុំ​គិតថា ខ្លួន​ខូច​ហើយ​ទៅ​លក់ខ្លួន​ជានា​រី​រកស៊ី​ផ្លូវភេទ ដើរ​ពាលា​អាវាសែ ឬ​ដើរ​ផឹក​ប្រមឹក ពុកមាត់​មិន​កោរ សក់​មិន​កាត់  មើលមុខ​ដូច​ចោរប្លន់ គឺ​ត្រូវ​គិត​ប្រឹងប្រែង ប្រកប​របរ​អាជីព​ដោយ​សុចរិត​ទៀត​ត្រង់​។  
 
៦) ព្យាយាម​ដេក​ឲ្យ​ឆ្អែត​ភ្នែក ស៊ី​ឲ្យ​ឆ្អែត​ពោះ កុំ​ធ្វើបាប​ខ្លួនឯង ព្យាយាម​បំភ្លេច​រឿងអាស្រូវ​នោះ​ចេញ ហើយ​ត្រូវ​ចូលទៅ​ពិគ្រោះ​យោបល់​ជាមួយ​ឪពុកម្តាយ និង​ចាស់ទុំ​ដើម្បី​ឲ្យ​លោក​ជួយ​ដោះស្រាយ​។ 
៧) កុំ​រម្លឹក​អនុស្សាវរីយ៍​ល្អូកល្អិន ផ្អែម​ល្អែ​ម នាំ​ឲ្យ​ហូរ​ទាំង​ភ្នែក ព្រោះ​វា​គ្រាន់តែ​រឿង​អតីតកាល​តែប៉ុណ្ណោះ​។ គួរតែ​បោះចោល​រូបថត លក់​ចោល​វត្ថុ​អនុស្សាវរីយ៍ ឬ​គ្រឿង​បញ្ចាំចិត្ត​ណា​ដែល​មិន​សំខាន់ កុំ​ទុក​ច្រើនពេក អាច​នាំ​ឲ្យ​អាល័យ កាត់ចិត្ត​មិន​ដាច់​។​
 
៨) សមាធិ ប្រមូល​ចិត្ត ប្រមូល​អារម្មណ៍​ឲ្យ​មូល មិន​ឲ្យ​រវើរវាយ អង្គុយ​ក្នុង​បន្ទប់ ពែនភ្នែន បិទ​ភ្នែក ផ្តោតចិត្ត​ទៅលើ​ខ្ស​ល់​ដកដង្ហើម​ចេញចូល​នៅ​ចុង​ច្រមុះ​តែ​ម្យ៉ាង កុំ​គិត​រឿង​អ្វី​ផ្សេងទៀត​។  ហ្វឹកហាត់​មុនពេល​ចូល​គេង​រៀងរាល់ថ្ងៃ យ៉ាងហោចណាស់​៣០​នាទី​ក្នុង​មួយថ្ងៃ​៕ 
 
​ប្រភព​៖«​យល់ដឹង​អំពី​ជីវិត​អាពាហ៍ពិពាហ៍​»​រៀបរៀង ដោយ ភិក្ខុ គូ សុភាព  
 

Tag:
 ស្នេហា​
  ​ភិក្ខុ គូ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com