ជាតិ
សង្គមជាតិ
ក្រសួង​សន្យា​ជួយ​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​បឹងទំពុន និង​បឹង​ជើងឯក
11, Aug 2016 , 6:08 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ ដោយ​ព្រួយបារម្ភ​ពី​គម្រោង​អភិវឌ្ឍន៍​នៅក្បែរ​សហគមន៍​របស់​ខ្លួន ពលរដ្ឋ​មកពី​សហគមន៍ ព្រែក​តា​គង់​១ និង​ខ្វា នៃ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក នៅថ្ងៃនេះ បានដាក់​ញត្តិ​ទាមទារ​ជាថ្មី​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ឲ្យ​ក្រសួង​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់​។ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី បាន​សន្យា​​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ទាំងនោះ​។



​ញត្តិ​ទាមទា​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​សហគមន៍​ព្រែក​តា​គង់​១ និង​ខ្វា ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី​ព្រម​ទទួល យកទៅ​ពិន​ត្យ​ដោះស្រាយ​ហើយ​នៅថ្ងៃនេះ​។ លោក អ៊ំ ណា​រី តំណាង​សហគម​ព្រែក​តា​គង់​១ ឲ្យ​ដឹងថា ពលរដ្ឋ​ទាំងពីរ​សហគមន៍​នៃ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក នៅ​ថ្ងៃទី​១១​ខែសីហា​នេះ បានទាមទារ​ជាថ្មី​ទៅ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី និង​អភិវឌ្ឍន៍​នៅនឹងកន្លែង ខណៈ​ពលរដ្ឋ​ទាំងនោះ ព្រួយបារម្ភ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING Holding នៅក្នុង​តំបន់​នោះ​។ បើតាម​លោក ណា​រី សហគមន៍​ព្រែក​តា​គង់​១​មាន​ពលរដ្ឋ​ជាង ៣៨០​គ្រួសារ និង​សហគមន៍​ខ្វា​មាន​ប្រហែល ១៦០​គ្រួសារ​។​
 
​តំណាង​សហគមន៍​ព្រែក​តា​គង់​១​រូបនេះ បញ្ជាក់ថា ពលរដ្ឋ​បានដាក់​ញ្ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី​ម្ដង​រួចហើយ តែ​ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ទាមទារ​ទាំងនោះ ស្វែងរក​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ​។ លោក​បន្ថែមថា ដោយ​មិនទាន់​ទទួល​ដំណោះស្រាយ​ពី​អាជ្ញាធរ​រាជធានី ទើប​សហគមន៍​ទាំងពីរ​នេះ​បន្ត​ដាក់​ញ្ញត្តិ​ជាថ្មី​ទៅ​ក្រសួង​រៀបចំ​ដែនដី​។ 
 
​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សារុន ឫទ្ធា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​ព្រម​ទទួលយក​ញត្តិ​របស់​ពលរដ្ឋ ដើម្បី​ពិនិត្យ​ដោះស្រាយ​រឿង​ដីធ្លី​ទាំងនោះ​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ជាគោលការណ៍​រាល់​ញត្តិ ឬ​សំណូមពរ​របស់​ពលរ​ដ្ឋ​ដាក់​ទៅ​ក្រសួង​តែង​យកទៅ​ពិនិត្យ ហើយ​ចែក​ក្រុម​ដោះស្រាយ​តាម​ជំនាញ​នីមួយៗ​»​។ ប៉ុន្តែ​ដំណោះស្រាយ​របស់​ក្រសួង​នឹង​សម្រេច​យ៉ាងណា​នោះ លោក ឫទ្ធា ប្រាប់ថា គឺ​អាស្រ័យ​ការពិនិត្យ​តាម​ភាពជាក់ស្តែង​របស់​ក្រុម​ជំនាញ​។​
 
​លោក អ៊ំ ណា​រី តំណាង​ពលរដ្ឋ​តវ៉ា អះអាងថា បើ​ដំណោះស្រាយ​របស់​ក្រសួង​មិន​ឆ្លើយតប​តាម​ការចង់បាន​របស់​ពលរដ្ឋ​នោះទេ នោះ​នឹងមាន​ការទាមទារ​សាជាថ្មី​។ លោក​និយាយ​ដូចនេះ​ថា​៖«​យើង​នឹង​បន្ត​ទាមទារ ដោយមាន​មនុស្ស​ច្រើន​ជាងនេះទៀត ដើម្បី​ឲ្យ​ក្រសួង​ដោះស្រាយ​»​។ បើតាម​លោក ណា​រី ក្រសួង​នឹង​ផ្ដល់ដំណឹង​អំពី​ដំណោះស្រាយ​នៅ​ថ្ងៃទី​២៤​ខែសីហា ខាងមុខនេះ​៕ 

Tag:
 ​ដីធ្លី​
  បឹងទំពុន
© រក្សាសិទ្ធិដោយ thmeythmey.com