ជាតិ
អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​ចិន និង​វៀតណាម ២១​នាក់ នៅ Sino Great Wall
16, Aug 2016 , 10:30 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នគរបាល​អន្តោប្រវេសន៍​បាន​ចុះ​ឆែកឆេរ​រកឃើញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ២១ ក្នុងចំណោម​ជនជាតិ​ចិន និង​វៀតណាម​ចំនួន ១៩០​នាក់ កំពុងធ្វើការ​នៅ​ការដ្ឋាន​សំណង់ ចិន Sino Great Wall ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​



​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក អ៊ុក ហៃ​សីឡា សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន និង​តំណាង​អយ្យការ បាន​បន្ត​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​រក​ជនអន្តោប្រវេសន៍​ធ្វើការ និង​ស្នាក់នៅ​ខុសច្បាប់ ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦​នេះ​។​

​លោក​បាន​ប្រាប់​ក្រោយពី​ការពិនិត្យ​ឆែកឆេរ នៅថ្ងៃនេះ​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កម្មករ​ចិន​ចំនួន ២០​នាក់ និង​វៀតណាម​១​នាក់ គ្មាន​លិខិតឆ្លងដែន​ស្របច្បាប់ កំពុងធ្វើការ​នៅ​ទីនោះ បញ្ជូនទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ពិន័យ​តាមច្បាប់​។ ហើយ​ថា នគរបាល​អន្តោប្រវេសន៍​បាន​ប្រមូល​លិខិតឆ្លងដែន​ចំនួន ៤៣៨​លិខិត មក​ពិនិត្យ ដើម្បី​ធានា​ពី​ភាពស្របច្បាប់​ការងារ ក្នុងប្រទេស​កម្ពុជា​ដែរ​។​



«​ពួកគេ​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ធ្វើជា​កម្មករសំណង់​ខុសច្បាប់ ក្នុង​ការដ្ឋាន​សំណង់​នេះ​ចំនួន ២១​នាក់ ចំណោម​អន្តោប្រវេសន៍ ១៩០​នាក់​។ យើង​ចង់​ឲ្យ​ពួកគេ​ទាំង​កម្មករនិយោជិត និង​និ​យោ​ជិ​ក​បរទេស​គោរព​ច្បាប់​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សីឡា​។​

​ទន្ទឹមគ្នា លោក​បាន​អំពាវនាវ​កម្មករនិយោជិត និង​និយោជក​បរទេស​ទាំងអស់​ត្រូវ​បំពេញ​សៀវភៅ​ការងារ ស្របតាម​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​កម្ពុជា ជៀសវាង​កុំ​ឲ្យ ពួកគេ​ខាត​ពេលវេលា​ធ្វើការ​ងារ។​

​គួរ​ជម្រាប​ដែរ គិត​ចាប់ពី​ឆ្នាំ​២០១៤ រហូតដល់​ខែសីហា ឆ្នាំ​២០១៦​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កម្ពុជា​បាន​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ៦៨​សញ្ជាតិ ចំនួន ១០,៧៨៧​នាក់ ក្នុងនោះ នារី​១,៧០៤ នាក់​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង ១ ម៉ឺន​នាក់​មាន​ជនជាតិ​វៀតណាម​ចំនួន ៩២១៧ នាក់​៕


Tag:
 ​អន្តោប្រវេសន៍​
  ចិន​
  វៀតណាម​
  Sino Great Wall
© រក្សាសិទ្ធិដោយ thmeythmey.com