ជាតិ
គជប ប្រកាស​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅថ្ងៃនេះ​
18, Aug 2016 , 9:19 am        
រូបភាព
 
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នឹង​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ឆ្នាំ​២០១៦ និង​កិច្ចសហប្រតិបត្តិការ រវាង​គជប ជាមួយ​សហភាព​អឺរ៉ុប និង​ជប៉ុន​។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៣​រសៀល នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​សណ្ឋាគារ អ៊ឹម​ភើ​រៀល​។ នេះ​បើតាម សេចក្តីជូនដំណឹង​រប​ស់គ​ជប​។

 
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គជ​ប បាន​លើកឡើងថា គជប​នឹង​បែងចែក​កំ​ព្យូ​ទ័​រ​ទៅកាន់​មន្ត្រី​បោះឆ្នោត នៅតាម​ឃុំ​-​សង្កាត់ នាពេល​ខាងមុខនេះ​។ លោក បន្ថែមថា គជប​បានរៀបចំ​ផែនការ​៣​ជំហាន ក្នុងការ​ចែកចាយ កំ​ព្យូ​ទ័​រ​ទៅ​ថា្នក់​មូលដ្ឋាន​។ 
 
​អ្នកនាំពាក្យ​រូបនេះ ពន្យល់​លម្អិត​ថា ជំហាន​ដំបូង គឺ​ត្រូវ​បញ្ចូល​និង​ដំឡើង កម្មវិធី (Install Program) ជាមុនសិន​។ បន្ទាប់ពី​ដំឡើង​កម្មវិធី​រួចហើយ  គជប នឹង​បញ្ជូន​កំ​ព្យូ​ទ័​រ​ទៅ​ឲ្យ​គ្រូ​បណ្តុះបណ្តាល ហើយ​ចុងក្រោយ គ្រូ​បណ្តុះបណ្តាល ត្រូវ​ចុះទៅ​បង្រៀន​មន្ត្រី​នៅតាម​មូលដ្ឋាន ព្រមទាំង​ប្រគល់​កំ​ព្យូ​ទ័​រទាំង​នោះ​ឲ្យ​ពួកគេ​ប្រើប្រាស់​តែម្តង​។  
 
​ទាក់ទង​នឹង​បញ្ហា​ខាងលើ សហភាព​អឺរ៉ុប បានប្រគល់​កំ​ព្យូ​ទ័​រ​ចំនួន​២៦០០​គ្រឿង ដែល​ម៉ាក​អេ​ច​ភី (HP) ដល់​គជប ដោយ​ក្នុងនោះ កំ​ព្យូ​រ​យួរដៃ (laptop) មាន​ចំនួន ២៤០០​គ្រឿង ហើយ​កំ​ព្យូ​រលើ​តុ (Desktop) មាន​ចំនួន​២០០​គ្រឿង​។ ក្រៅពី​កំ​ព្យូ​ទ័​រ សហភាព​អឺរ៉ុប ក៏បានផ្តល់​សម្ភារ​ជាច្រើន​ទៀត ដល់​គជប ផងដែរ ដូចជា កាមេរ៉ា​សុវត្ថិភាព (Security Camera), ម៉ាស៊ីន​ព្រី​ន (Printer), ទឹកខ្មៅ​, ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ផ្ទុក​ឯកសារ (Flash) និង​ឧបករណ៍​ស្កេ​ន​មេដៃ ជាដើម​។ បើតាម​ការអះអាង​រប​ស់លោក ហង្ស ពុទ្ធា កំ​ព្យូ​ទ័​រ រួមទាំង​សម្ភារ​បច្ចេកទេស​ទាំងអស់ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​គ​.​ជ​.​ប មានតម្លៃ​ប្រមាណ​ជា​៧​លាន​ដុ​លា្ល​រ​។​
 
​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​ឆ្នាំ​២០១៧ ខាងមុខ​។ រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ហើយ ជុំវិញ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោងតាម​សេចក្តីជូនដំណឹង​នោះ  គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦ តទៅ​៕
 
 

Tag:
 គជប​
  ចុះឈ្មោះ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com