អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រូបភាព​កុមារម្នាក់របួសក្នុងសង្គ្រាម​ស៊ីរីធ្វើ​ឲ្យពិភពលោក​តក់ស្លុត​ខ្លាំង
19, Aug 2016 , 8:00 am        
រូបភាព
រូបភាព៖ Aleppo Media Center
រូបភាព៖ Aleppo Media Center
ដោយ: ថ្មីៗ
​រូបភាព​កុមារ​ជនជាតិ​ស៊ី​រី​វ័យ​៥​ឆ្នាំ​ម្នាក់​ដែល​រាងកាយ​ដិតដាម​ដោយ​ឈាម​និង​របួស​ភ្នែក​ផង​នោះបាន​ធ្វើ​ឲ្យ​ពិភពលោក​សោកសង្រេង​និង​មនុស្ស​ផងទាំងពួង​តក់ស្លុត និង​អាណិត​ខ្លោចចិត្ត​។ គេ​ដឹង​ច្បាស់​ថា​កុមារ​ម្នាក់នេះ​ជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​រាប់លាន​នាក់​ផ្សេងទៀត​ដែល​កំពុង​បាត់បង់​ជំរក ព្រាត់ប្រាស​បងប្អូន​និង​ប្រឈម​ការបាត់​បង់ជីវិត​ដោយ​សង្គ្រាមរ៉ាំរ៉ៃ​ជាង​៥​ឆ្នាំ​មកនេះ​។​

​បន្ទាប់ពី​ភ្ញាក់ផ្អើល​ដោយសារ​រូបភាព​ក្មេង​តូច​ជា​ជនភៀសខ្លួន​ម្នាក់​ដែល ស្លាប់​ដោយសារ​លង់ទឹក​នៅលើ​ឆ្នេរ​នៅ​ប្រទេស​ក្រិ​ក ថ្មីៗ​នេះ​ទៀត​គេ​បានឃើញ​មានការ​ចែកចាយ​បន្ត​គ្នា​នូវ​រូបភាព​គួរ​ឲ្យ​ខ្លោចចិត្ត​ដែល​របស់​ក្មេង​ជនជាតិស៊ីរី​ម្នាក់ទៀត​។ ក្មេង​នោះ​មាន​ដិតដាម​ដោយ​ឈាម និង​រង​របួស​ភ្នែក​ដោយសារ​ការទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ក្រុម​ឧទ្ទាម​នៅ​ទីក្រុង Aleppo ហើយ​ត្រូវបាន​គេ​ជួយសង្គ្រោះ​។
 
​យោងតាម​រូបភាព​ដែល​ចែកចាយ​ដំបូង​ដោយ អង្គការ Aleppo Media Center ក្មេងប្រុស​នេះ​មាន​ឈ្មោះថា Omran Daqneesh មាន​វ័យ ៥​ឆ្នាំ​។ គេ​រស់នៅ​តំបន់​ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ឧទ្ទាម​នៅ​ក្រុង Aleppo ។ ក្មេង​ម្នាក់នេះ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ពីក្រោម​គំនរ​អាគារ​ដែល​បែកបាក់​ក្រោយ​ការទម្លាក់​គ្រាប់ ហើយ​គេ​ក៏បាន​ទទួល​ការព្យាបាល​ក្បាល​និង​ភ្នែក​ដែល​រងរបួស​ផងដែរ​។

បើ​យោងតាម Aleppo Media Center នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨ សីហា មាន​ក្មេងៗ​រងរបួស​ដោយសារ​កា​រ​វាយប្រហារ​ផ្លូវអាកាស​ប្រហែល  ១២​នាក់ ហើយ​ពួកគេ​ភាគច្រើន​មាន​អាយុ​ក្រោម ១៥​ឆ្នាំ​។​
 
​តាមពិតទៅ រូបភាព​របស់​ក្មេង​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ​បាន​អង្រួន​ចិត្ត​មនុស្សជាតិ​លើ​ពិភពលោក ហើយក៏​ទាញ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​ចំពោះ​សង្គ្រាម​បង្ហូរឈាម​នៅ​ស៊ី​រី​រយៈពេល ៥​ឆ្នាំ​នេះដែរ​។ ហើយ​គេ​ក៏​ឃើញ​មានការ​ដង្ហោយ​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​មហាអំណាច​ធំៗ​មាន​រុស្ស៊ី និង​អាមេរិក​ដែល​បាន​គាំទ្រ​ភាគី​ជម្លោះ​នោះ ជួយ​បញ្ចប់សង្គ្រាម​នេះឲ្យបាន​ឆាប់​។ គេ​​មិនអាច​បន្ត​ព្រងើយកន្តើយ​បណ្តោយ​ឲ្យ​សង្គ្រាម​បង្ហូរឈាម​ដណ្តើម​អំណាច​នេះ បន្ត​ឆក់យក​ជីវិត​មនុស្ស​ប្រជាជន​ស្លូតត្រង់​ជាពិសេស​កុមារ​បែបនេះ​ឡើយ​។ សង្គ្រាម​នេះ គួរ​ដល់​ពេលដែល​ត្រូវ​ចប់​ហើយ ប្រជាជន​ស៊ីរីឆ្អែត​ឆ្អន់នឹងសង្គ្រាម​ហើយ​។​
 
​សូមបញ្ជាក់ថា សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០១១ ក្រោយ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កើតឡើង​ផុសផុល​ដើម្បី​ទាមទារ​ផ្តួល​រលំ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ​។ តែ​សង្គ្រាម​នេះ​បន្ត​អូសបន្លាយ​រហូតមក ដោយសារ​គ្មាន​ភាគី​ណាមួយ​អាច​ឈ្នះ​សង្គ្រាម​ដាច់​ណាត់ ហើយ​មកទល់ពេលនេះ​សង្គ្រាម​ស៊ី​រី​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រហែល​ជាង ៤​សែន​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង​៧​លាន​នាក់​ផ្សេងទៀត​បាត់បង់​ជំរក​និង​រត់​ភៀសខ្លួន​៕

© រក្សាសិទ្ធិដោយ thmeythmey.com