ជាតិ
កម្ពុជា​ចង់​រៀបចំ​ប្រព័ន្ធ​ចំណីអាហារ​ស្តង់ដា​Halal​ដើម្បី​ទាក់ទាញ​ទេសចរ​ឥស្លាម​
19, Aug 2016 , 10:53 am        
រូបភាព
រូបភាពពី៖ក្រសួងពាណិជ្ជកម្ម
រូបភាពពី៖ក្រសួងពាណិជ្ជកម្ម
​ប្រទេស​កម្ពុជា​កំពុង​ចាប់អារម្មណ៍​ខ្លាំង លើ​ការរៀបចំ​ប្រព័ន្ធ​ចំណីអាហារ​តាមបែប​សាសនា​ឥស្លាម គឺ​ស្តង់ដា ហា​ឡា​ល់ (Halal)​។ កម្ពុជា​បានជ្រើសរើស​យក​ប្រទេស​ម៉ាឡេស៊ី ជា​ដៃគូ​ដែល​អាច​រៀបចំ​ស្តង់ដា​ហា​ឡា​ល់ ព្រោះថា​ម៉ាឡេស៊ី​ជា​ប្រទេស​ឥស្លាម ហើយ​មានបទពិសោធន៍​ច្រើន​លើ​ការងារ​មួយ​នេះ​។​



​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័​ក្ត បាន​ឲ្យ​ដឹងថា ជា​រឿង​មួយ​ដ៏​ចាំបាច់ ដែល​កម្ពុជា​គួររៀបចំ​ប្រព័ន្ធ​ចំណីអាហារ​តាម​ស្តង់ដា​ហា​ឡា​ល់​។ លោក​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​អាច​រៀបចំ​ស្តង់ដា​ហា​ឡា​ល់​បាន​មែន​នោះ វា​ជា​ឳ​កាស​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឥស្លាម ដែល​សព្វថ្ងៃ​មាន​ចំនួន​តិចតួច​នៅឡើយ​នោះ​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​៩ សីហា គឺ​ក្រោយពី​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ និង​ឧស្សាហកម្ម ម៉ាឡេស៊ី លោក ប៉ាន សូរ​ស័​ក្ត បាន​រៀបរាប់​ត្រួសៗ​ពី​ការរៀបចំ​ស្តង់ដា​ហា​ឡា​ល់​។ លោក​ពន្យល់ថា ហា​ឡា​ល់ គឺជា​ប្រព័ន្ធ​ស្តង់ដា​មួយ ដែល​រៀបចំ​តាម​បច្ចេកទេស និង​មាន​អនាម័យ ដោយ​គោរព​តាម​គោលការណ៍​ក្នុង​ច្បាប់​សាសនា​ឥស្លាម ដែល​មានចែង​ក្នុង​គម្ពី​សាសនា​។ ក្នុងនោះដែរ​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ហា​ឡា​ល់ គឺ​មិន​សំដៅ​តែ​លើ​អាហារ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ក្នុងនោះ​ទាក់ទង​នឹង​ការ​ស្លៀកពាក់ គ្រឿង​តុបតែង​ខ្លួន​។​ល​។ ដែល​ផ្តោត​សំខាន់​លើ​បញ្ហា​អនាម័យ​ជាធំ​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមទៀតថា ទាំង​របៀបរបប​នៃ​ការសម្លាប់​សត្វ គេ​ធ្វើយ៉ាងណា​ឲ្យ​សត្វ​ស្លាប់​ទៅដោយ​ងាយស្រួល និង​មិន​ទទួលរង​នូវ​ទុក្ខវេទនា​ឡើយ ហើយ​ការរៀបចំ​ទុកដាក់ គឺ​ត្រូវមាន​អនាម័យ​បំផុត​។ លោក​រដ្ឋមន្ត្រី​បន្តទៀតថា​៖«​ចំពោះ​ខ្ញុំ​យល់ថា វា​ជា​ស្តង់ដា​មួយ​ល្អ ព្រោះ​កម្ពុជា​អត់​ទាន់​មាន​ស្តង់ដា​នេះ​ទេ ជួល​កាល​ម្ហូបអាហារ​មាន​ជាតិពុល សត្វ​ឈឺ តែ​ពេល​យើង​មាន​ស្តង់ដា​បែបនេះ​ចូលមក គឺ​យើង​ទុកចិត្ត និង​អាច​ហូប​បាន​។ ថ្ងៃក្រោយ​យើង​អាចបង្កើត​ស្តង់ដា​នេះ​ដោយ​ខ្លួនឯង​»​។​

​កម្ពុជា​កំពុង​រក​កិច្ច​សហការគ្នាជាមួយ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ប្រទេស​ឥស្លាម​មួយ​នេះ ជួយ​រៀបចំ​ប្រព័ន្ធ​ស្តង់ដា​ហា​ឡា​ល់​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ទទួលស្គាល់ថា ផលិតផល​ហា​ឡា​ល់​នាពេល​បច្ចុប្បន្ន កំពុងមាន​ទីផ្សារ​ល្អ ជាពិសេស​នៅ​ប្រទេស​អឺរ៉ុប ព្រោះ​គេ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ស្តង់ដា​មួយ​នេះ​។ ប្រសិនបើ​ប្រទេស​កម្ពុជា​អាច​រៀបចំ​ប្រព័ន្ធ​ស្តង់ដា​ហា​ឡា​ល់​បាន​នោះ កម្ពុជា​នឹង​អាច​ទាក់ទាញ​អ្នកទេសចរ​ឥស្លាម​កាន់តែច្រើន ដែល​បច្ចុប្បន្ន​តួលេខ​បង្ហាញថា នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ជាងនេះទៅទៀត វា​អាចបង្កើត​កម្លាំង​ពលកម្ម​ជាច្រើន ដល់​យុវជន​កម្ពុជា​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាន សូរ​ស័​ក្ត​។​

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា គោលការណ៍​រៀបចំ​ប្រព័ន្ធ​ស្តង់ដា​ហា​ឡា​ល់​នេះ ត្រូវបាន​អនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី​រួចហើយ ប៉ុន្តែ​រាជរដ្ឋាភិបាល​មាន​ផល​លំបាក​ក្នុង​ការរៀបចំ​អនុ​ក្រិ​ត្យ​។ អនុ​ក្រិ​ត្យ​ដែល​លោក ប៉ាន សូរ​ស័​ក្ត អះអាងថា ត្រូវការ​ប្រើពេល​យូរ ព្រោះ​ស្តង់ដា​មួយ​នេះ​ទាក់ទង​ច្បាប់​សាសនា ដែល​ត្រូវការ​អ្នកចេះដឹង​ផ្នែក​ច្បាប់​សាសនា​ឥស្លាម​ជាច្រើន ដើម្បី​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​៕


Tag:
 ​ប្រព័ន្ធ​ស្តង់ដា​ហា​ឡា​ល់​
  ប៉ាន សូរ​ស័​ក្ត​
© រក្សាសិទ្ធិដោយ thmeythmey.com