ជាតិ
សេដ្ឋកិច្ច
«​វិធីសាស្ត្រ​កម្លោច​រូបគំនូរ​លើ​ស្លឹកត្នោត​»​ជា​ស្នាដៃ​កូន​ខ្មែរ​លើកដំបូង ដែល​ទទួល​ចុះបញ្ជី​តក្កកម្ម​
19, Aug 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រកាសនីយបត្រ​តក្កក​ម្ម (Patent) គឺជា​ការទទួល​ចុះបញ្ជី​ពី​រដ្ឋាភិបាល ចំពោះ​ស្នាដៃ ដែលជា​ការរកឃើញ​នូវ​វិធីសាស្ត្រ​ថ្មី ឬ​បច្ចេកវិទ្យា​ថ្មី​ណាមួយ​។ វិធីសាស្ត្រ​កម្លោច​រូបគំនូរ​លើ​ស្លឹកត្នោត ដែល​រកឃើញ​ដោយ​វិចិត្រករ រឿ​ម ប៊ុន​ហាក់ ត្រូវបាន​រដ្ឋាភិបាល​ទ​ទួល​ចុះបញ្ជី​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​។ បើតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ស្នាដៃ​នេះ គឺជា​ស្នាដៃ​កូន​ខ្មែរ​លើកដំបូង ដែល​ទទួលបាន​ការចុះ​បញ្ជី​តក្កកម្ម​។​



​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ថ្ងៃទី​១៨​ខែសីហា បានរៀបចំ​ពី​ធី​ប្រគល់​វិញ្ញាបនបត្រ​ប្រកាសនីយបត្រ​តក្ក​ម្ម ជូន​ដល់​លោក រឿ​ម ប៊ុន​ហាក់ សម្រាប់​ការរកឃើញ​«​វិធីសាស្ត្រ​គូររូប​ភាព​ដោយ​ប្រើប្រាស់​ដែក​ក្បាលមាន់​ដុត​ឲ្យ​ក្ដៅ​គូ​រលើ​ស្លឹកត្នោត​»​។​


​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ឲ្យ​ដឹងថា ការទទួល​ចុះបញ្ជី​ពី​រដ្ឋាភិបាល​ចំពោះ​វិធីសាស្ត្រ​គូររូប​បែប​ថ្មី​នេះ  នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​លោក រឿ​ម ប៊ុន​ហាក់ ដែលជា​ម្ចាស់​ស្នាដៃ ក្នុង​រយៈពេល​២០​ឆ្នាំ​។ លោក​បន្ថែមថា  លោក ប៊ុន​ហាក់ ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ដាច់មុខ​លើ​ស្នាដៃ​របស់ខ្លួន ហើយ​បើ​បុគ្គល​ណា​ម្នាក់​ចង់​ប្រកប​អាជីវកម្ម​គូររូប ដោយ​ប្រើ​វិធីសាស្ត្រ​នេះ គឺ​ត្រូវសុំ​សិទ្ធិ​ពី​ម្ចាស់​ដើម​ជាមុនសិន បើ​មិន​ដូច្នោះ​ទេ​នឹង​ក្លាយជា​អំពើ​រំលោក​កម្មសិទ្ធិបញ្ញា ដែល​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​។​


​លោក ចម ប្រសិទ្ធិ អះអាងថា វិធីសាស្ត្រ​គូ​គំនូរ​បែប​ថ្មី ដែល​ទើប​ទទួលបាន​ការចុះបញ្ជី​នេះ គឺជា​ស្នាដៃ​លើកដំបូង​នៅលើ​សក​លោក​។ 
             
​បើតាម​អ្នកជំនាញ​ក្នុង​វិស័យនេះ ការរកឃើញ​វិធីសាស្ត្រ​ថ្មី ដែល​អាច​ចុះបញ្ជី​តក្ក​កម្មបាន លុះត្រាតែ​វិធីសាស្ត្រ​នោះ មិន​ត្រូវបាន​បុគ្គល​ណា​ម្នាក់​រកឃើញ​ពីមុនមក​នៅលើ​ពិភពលោក​។ ហើយ​ស្នាដៃ​តក្ក​កម្មនេះ ត្រូវបាន​ការពារ​នៅលើ​ទឹកដី​នៃ​ប្រទេស​ដែល​ទទួល​ចុះបញ្ជី​។

​លោក ចម ប្រសិទ្ធិ បញ្ជាក់ថា កម្ពុជា​បានផ្ដល់ Patent ដល់​ស្នាដៃ​ចំនួន​៥ តែ​ស្នាដៃ ៤​ក្នុងចំណោម​នោះ គឺជា​ស្នាដៃ​បរទេស ដែល​សុំ​ចុះបញ្ជី​នៅ​កម្ពុជា ដើម្បី​ទទួល​ការ​កា​ពា​លើ​ទឹកដី​កម្ពុជា​។ ហើយ​ស្នាដៃ​របស់លោក រឿ​ម ប៊ុន​ហាក់ គឺជា​ស្នាដៃ​កូន​ខ្មែរ​ទី​១ ដែល​ទទួលបាន​ការចុះ​បញ្ជី​តក្កកម្ម​។​


​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រូបនេះ បន្ថែមថា មាន​ការដាក់​ពាក្យសុំ​ចុះបញ្ជី​តក្កកម្ម​ច្រើន តែ​កម្ពុជា​នៅ​ខ្វះ​ធនធានមនុស្ស ដើម្បី​ពិនិត្យ​ផ្នែក​បច្ចេកទេស​លើ​ស្នាដៃ ដែល​សុំ​ចុះបញ្ជី​ទាំងនោះ​។ លោក​បន្តថា ក្រៅពីនោះ​នៅ​កម្ពុ​ជាមាន​ស្នាដៃ​ប្រភេទ​តក្កកម្ម ឬ​ប្រភេទ​ផ្សេង ជាច្រើន​ទៀត តែ​ម្ចាស់​ស្នាដៃ មិន​មក​ដាក់​ពាក្យសុំ​ចុះបញ្ជី​។​

​វិចិត្រករ រឿ​ម ប៊ុន​ហាក់ ថ្លែងថា លោក​មានគំនិត​បង្កើត​វិធីសាស្ត្រ​គូររូប​បែប​ថ្មី​នេះ នៅ​ឆ្នាំ​២០០៧ ។ «​ពេល​ខ្ញុំ​ប្រមូល​សំរាម​ដុត ដែលមាន​ទាំង​ស្លឹកត្នោត​ផង​នោះ ខ្ញុំ​មើល​ស្លឹកត្នោត​ដែល​កំពុង​ឆេះ ឃើញ​ជា​រូបភាព​ផ្សេងៗ ទើប​ខ្ញុំ​នឹកឃើញ​យក​ដែក​ក្បាលមាន់​មក​ដុត រួច​គូរ​លើ​ស្លឹកត្នោត​»​។ នេះ​ជា​បញ្ជាក់​របស់លោក ប៊ុន​ហាក់ ។​

​លោក​រៀប​ទៀតថា​៖«​យើង​យក​ស្លឹកត្នោត​ស្ងួត​មក​បិត​លើ​បន្ទះ​ឈើ​កុង​ផ្លា​កេ រួច​យក​ដែក​ក្បាល​មាន់មក​គូរ​ពីលើ​ស្លឹកត្នោត​នោះ​។ កន្លែង​ដែល​ត្រូវការ​ខ្មៅ​ដិត​ខ្លាំង យើង​ប្រើ​ដែក​ក្នុង​កម្ដៅ​ខ្លាំង ឯ​កន្លែង​ស្រាលៗ កម្ដៅ​ដែក​ទៅតាម​នោះ​»​។​

​រូបគំនូរ ដែល​ប្រើ​វិធីសាស្ត្រ​ថ្មី​នេះ លោក ប៊ុន​ហាក់ លក់​ក្នុងតម្លៃ​ចាប់ពី​១០​ដុល្លារ រហូតដល់​៨០​ដុល្លារ តាម​រូប​តូចធំ តែ​សម្រាប់​អតិថិជន​បរទេស​លោក​លក់​ជូន​ក្នុងតម្លៃ​ផ្សេង​។ លោក​អាច​ផលិត​រូបគំនូរ​បាន​៣​ផ្ទាំង​ក្នុង​មួយថ្ងៃ សម្រាប់​គំនូរ​តូច តែ​បើជា​គំនូរ​ផ្ទាំង​ធំ លោក ប៊ុន​ហាក់ ត្រូវ​ចំណាយពេល​បី​បួន​ថ្ងៃ​ឯណោះ​។​

​ការចុះបញ្ជី​តក្កកម្ម សម្រាប់​ស្នាដៃ​លោក ប៊ុន​ហាក់ ត្រូវ​ចំណាយ​ថវិកា ១​លាន​និង​៤​ម៉ឺន​រៀល តែ​ប្រាក់​នេះ លោក ចម ប្រសិទ្ធ បាន​ជួយ​បង់​ជូន​រដ្ឋ​ទាំងអស់​៕


Tag:
 គំនូរ​
  រឿ​ម ប៊ុន​ហាក់​
  patent
© រក្សាសិទ្ធិដោយ thmeythmey.com