ជាតិ
មេ​អន្តោប្រវេសន៍​ថា គ្មាន​ហេតុផល​លាក់បាំង​ចំនួន​ជនអន្តោប្រវេសន៍​វៀតណាម​
19, Aug 2016 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  លោក សុខ ផល បាន​ថ្លែង​ការពារ​ពី​សុក្រឹតភាព​នៃ​របាយការណ៍​ជំរឿន​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​ដែល​បង្ហាញថា កម្ពុ​ជាមាន​ជនអន្តោប្រវេសន៍​វៀតណាម​តែ​ជាង ១៦ ម៉ឺន​នាក់ ដែល​មិន​ដូចនឹង​ការចោទប្រកាន់​កន្លងមក​ថា ចំនួន​ជនជាតិ​វៀតណាម​នៅ​កម្ពុ​ជាមាន​រាប់លាន​នាក់​ឡើយ​។ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​រូបនេះ អះអាង នៅ​ថ្ងៃទី​១៩ សីហា ថា អាជ្ញាធរ​គ្មាន​ប្រយោជន៍​អ្វី ដែល​ត្រូវ​លាក់បាំង​ចំនួន​ជនអន្តោប្រវេសន៍ ជាពិសេស​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​ឡើយ​។​



​សូម​ស្តាប់​សំឡេង​លោក សុខ ផល ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​ជំហាន​ដំបូង ស្តីពី​ការអនុវត្ត​បន្តការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ក្នុងប្រទេស​កម្ពុជា​ក្រសួងមហាផ្ទៃ​៖

​សូមបញ្ជាក់ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បានបង្ហាញ​របាយការណ៍​ដែល​ខ្លួន​រកឃើញថា បច្ចុប្បន្ន​ជនអន្តោប្រវេសន៍​ចំនួន ២៥ សញ្ជាតិ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ១៦០ ៨៧២ នាក់  ដោយ​ក្នុងនោះ​មាន​ជនជាតិ​តិ​វៀតណាម ៩៩.៤៩ ភាគរយ​ស្មើនឹង​១៦០,០១៥ នាក់​។ របាយការណ៍​អន្តោប្រវេសន៍​ដដែល​នោះ បាន​បញ្ជាក់ថា ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ច្រើនជាងគេ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ១៦,៨៦០ គ្រួសារ មាន​មនុស្ស​ចំនួន ៥៤,៨០១ នាក់​, នៅ​ខេត្តកណ្តាល​មាន​ចំនួន ៦,៩៦៨ គ្រួសារ​មាន​មនុស្ស ២៦,៧២៤ នាក់​, នៅ​ខេត្ត​កំពង់​ឆ្នាំមាន​ចំនួន ៤,៦៧២ គ្រួសារ មាន​មនុស្ស ២០,៣៤១ នាក់ ខេត្តព្រៃវែង​ចំនួន ៤,៣៥៧ គ្រួសារ មាន​មនុស្ស ១៦,៣២៣ នាក់​៕


Tag:
 សុខ ផល​
  អន្តោប្រវេសន៍​
  មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com