ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ ចាត់វិធានការ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​លើ​ផ្ទៃសមុទ្រ​ឡើយ
20, Aug 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាត់វិធានការ​ពង្រឹង និង​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​នៅលើ​ផ្ទៃសមុទ្រ តំបន់ឆ្នេរ និង​តាម​បណ្ដា​កោះ ដោយ​មិន​ឲ្យ​ម្ចាស់​អាជីវកម្ម និង​ភ្ញៀវទេសចរ ធ្វើដំណើរ​នៅលើ​ផ្ទៃសមុទ្រ​ឡើយ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​លិខិត​ផ្សព្វផ្សាយ ពី​ស្ថានភាព​ព្យុះ ទី​៧ ឈ្មោះ ដៀ​ន​មុ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥​ខែសីហា​នេះ​។


 
​ក្រោយពី​ពិនិត្យ​លើ​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្ដែង ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អំពាវនាវ​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​តំបន់ឆ្នេរ​សមុទ្រ ទាំង​អ្នក​ប្រកប​អាជីវកម្ម មុខរបរ​នេសាទ​ខ្នាតតូច ខ្នាត​ធំ ត្រូវ​ផ្អាក​អា​ជីក​ម្ម​និង​ការធ្វើដំណើរ​លើ​ផ្ទៃសមុទ្រ ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​អាកាសធាតុ​វិល​មករក​ភាព​ដើម​វិញ​។ ចំណែក​ម្ចាស់​អាជីវ​កម្មជួល​យានយន្ត ដឹក​ភ្ញៀវ​ទេសចរណ៍ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ពី​បញ្ហា​អាកាសធាតុ លើ​ផ្ទៃសមុទ្រ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស មិន​ផ្ទុក​លើស​ចំណុះ ហើយ​ក្នុងករណី​មាន​ខ្យល់​បក​ក​ន្ទ្រា​ក់ ត្រូវ​ផ្អាក​ការចេញដំណើរ​ជា​បណ្ដោះអាសន្ន​។ 
 
​ដោយឡែក​ម្ចាស់​អាជីវកម្ម​តាម​ឆ្នេរសមុទ្រ និង​តាម​បណ្ដា​កោះ ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ជួយ​ផ្សព្វផ្សាយ​ណែនាំ ពន្យល់​ទៅ​ភ្ញៀវទេសចរ ដែល​មក​ទៅលេង​កម្សាន្ត​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន ជៀសវាង​ការកើតមាន​បញ្ហា​។ 
 
​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃ​១៩ ម្សិលមិញ មាន​ករណី​ឧ​ប​ទ្ទ​ហេតុ​សមុទ្រ​កួច នៅ​ឆ្នេរ​ខេត្ត​ព្រះសីហនុ​ដែល​បណ្ដាល​ឲ្យ​មាន​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​មាន​គ្រោះថ្នាក់​លង​ទឹក រហូតដល់​បាត់បង់​ជីវិត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com