តើ​ចេះ​ជំនាញ​រឹង និង​ជំនាញ​ទន់ មួយណា​សំខាន់​ជាង​?
ជាតិ
សង្គមជាតិ
តើ​ចេះ​ជំនាញ​រឹង និង​ជំនាញ​ទន់ មួយណា​សំខាន់​ជាង​?
21, Aug 2016 , 7:00 pm        
រូបភាព
​ភ្នំពេញ​៖ ចេះ​ជំនាញ​ពិត​(​ជំនាញ​រឹង​)​ក៏​មិនអាច​ធានាថា អាច​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​ដែរ​បើ​ខ្វះ​ជំនាញ​ទន់​។ ជំនាញ​ទន់ និង​ជំនាញ​រឹង​គួប​បញ្ចូល​គ្នា​ទើប​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​អាច​ទទួលបាន​ជោគជ័យ​ភាគច្រើន​។ ខ្វះ​ចំណុច​ណាមួយ​ក្នុងចំណោម​ចំណុច​ទាំងពីរ​ខាងលើ បុគ្គល​ភាគច្រើន​ត្រូវតែ​បរាជ័យ​ក្នុង​ជីវិត​។

 
​ជំនាញ រឹង និង​ជំនាញ​ទន់​មាន​សារៈសំខាន់​ដូចគ្នា​។ ប្រសិនជា មានតែ​ជំនាញ​រឹង​មួយ​យកទៅ​ធ្វើការ ដោយ​មិនមាន​ជំនាញ​ទន់​ផ្គួប​ផ្សំ​នោះ ប្រាកដជា​មិនអាច​បំពេញការងារ​បា​ន​ល្អ​ទេ ព្រោះ​ជំនាញ​ទន់​ជា​ផ្នែក​ធំ​មួយ ដែល​ជួយ​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ជាក់ស្តែង​នៅក្នុង​បរិបទ​ការងារ​ចាំបាច់​គេ​ត្រូវការ​បុគ្គលិក ដែលមាន​ជំនាញ​ច្បាស់លាស់​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ (​ប្រៀបបាន​ដូចជា អ៊ីដ្រូសែន បូក អុកស៊ីសែន បង្កើតបានជា​ទឹក​) ដើម្បី​ជួយ​បំពេញ​គ្នា​បន្ថែម​ឲ្យ​បរិ​ប​យា​កាស​ការងារ​កាន់តែ​ប្រសើរឡើង​។ 
 
​ជំនាញ​រឹង (Hard Skill) ជា​ជំនាញ​មួយ​ដែលមាន​លក្ខណៈ​ជា​ឯកទេស ឬ​ជា​លក្ខណៈ​បច្ចេក ទេស និង​វិជ្ជាជីវៈ​ណាមួយ​ច្បាស់លាស់ ដូចជា​ជំនាញ​ជុស​ជុល​ម៉ាស៊ីន ជំនាញ​កុំព្យូទ័រ អក្សរសាស្ត្រ​អង់គ្លេស គណនេយ្យ​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​ច្បាប់​ជាដើម​។ ជំនាញ​នេះ ងាយស្រួល​ក្នុងការ​បណ្តុះបណ្តាល និង​ងាយស្រួល​ក្នុង​ការទទួល​យកចំណេះ​ដឹង​ទាំងនោះ ព្រោះ​វា​ជា​លក្ខណៈ​ទ្រឹស្តី​ច្រើនជាង​។​
 
​រីឯ ជំនាញ​ទន់ (Soft Skill) ជា​ជំនាញ​មួយ​ដែលមាន​លក្ខណៈ​ជា​សិល្បៈ​នៃ​ការធ្វើ​អ្វីមួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ជា​លក្ខណៈ​ចិត្តសាស្ត្រ​ច្រើនជាង ដូចជា​ជំនាញ​នៃ​ការ​ស្តាប់ ការទំនាក់ទំនង ការលើកទឹកចិត្ត ការនិយាយ​ជា​សាធារណៈ ភាពជា​អ្នកដឹកនាំ ការគ្រប់គ្រង​ពេលវេលា និង​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ជាដើម​។ ជំនាញ​នេះ ពិបាក​ក្នុងការ​បណ្តុះបណ្តាល និង​មិន​ងាយ​ក្នុងការ​ចាប់យក​ចំណេះដឹង​ទាំង​នេះឡើយ ព្រោះ​វា​ជា​លក្ខណៈ​អ​រូបិយ និង​ចិត្តសាស្ត្រ ហើយ​អាស្រ័យ​ទៅតាម​ចរិតលក្ខណៈ​របស់​បុគ្គ​ល​ម្នាក់ៗ ។ 
 
​នៅក្នុង​បរិបទ​ការងារ​បុគ្គលិក​មួយចំនួន​ធ្វើការ​មិនត្រូវ​តាម​ជំនាញ ដែល​ខ្លួន​មាន​នោះទេ​។ អ្នកខ្លះ​រៀន​ជំនាញ​គ្រប់គ្រង បែរជា​មក​ធ្វើការ​ជា​អ្នកកាសែត​។ អ្នក​មួយចំនួនទៀត មាន​ជំនា​ញក​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ តែ​មក​ធ្វើការ​ខាង​ផ្នែក​រដ្ឋបាល​ទៅវិញ​។ រីឯ​អ្នក​ខ្លះទៀត រៀន​ជំនាញ​សង្គមវិទ្យា តែ​បែរ​ជាម​យ​ធ្វើជា​គ្រូបង្រៀន​នៅតាម​សាលា​មតេយ្យ​ឯកជន​ក៏មានដែរ​។ ការធ្វើ​ការខុស​ជំនាញ​នេះ ប្រាកដ​ណាស់​ថា​ពួកគេ​អាចធ្វើ​បាន ប៉ុន្តែ​ពួកគេ​មិនមាន​ភាពច្បាស់លាស់  ហើយ​ការងារ​របស់​ពួកគេ​ក៏​ពុំមាន​ប្រសិទ្ធិភាព​ខ្ពស់​ដូច អ្នកធ្វើការ​តាម​ជំនាញ​នោះឡើយ​។​
 
​ដោយឡែក នៅក្នុង​បរិបទ​ការងារ​ដូចគ្នា ប្រសិនបើ បុគ្គលិក​មិនមាន​ជំនាញ​ទន់​ក្នុង​ខ្លួន​ទេ នោះ​ការបំពេញ​ការងារ​ក៏​មិន​បានល្អ​ដែរ​។ ព្រោះ​ជំនាញ​ទន់​របស់​បុគ្គលិក​ម្នាក់ៗ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាពជោគជ័យ​ទាំង​បុគ្គល​ខ្លួនឯង និង​ទាំង​ស្ថាប័ន​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​នោះ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ផង​។ ជំនាញ​ទន់​មួយចំនួន​នេះ​មានដូចជា​៖
 
​ទី​១) ជំនាញ​ធ្វើ​ការងារ​ជា​ក្រុម​។ បុគ្គលិក​ដែល​ធ្វើការ​ជាមួយគ្នា​ត្រូវ​ចេះ​រៀបចំ​បែងចែក សហការ និង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ការងារ ដើម្បី​អនុវត្តន៍​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​ដែល​ស្ថាប័ន បានកំណត់​។ 
 
​ទី​២) ជំនាញ​ទំនាក់ទំនង​។ ក្នុងការ​បំពេញការងា​រ​ចាំបាច់​ត្រូវមាន​ទំនាក់ទំនង​រវាង​បុគ្គលិក ទៅ​អ្នកគ្រប់គ្រង និង​ពី​អ្នកគ្រប់គ្រង ត្រឡប់មក​បុគ្គលិក​វិញ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ភាពរស់រវើក​ក្នុងពេល​បំពេញការងារ​។​
 
​ទី​៣) ជំនាញ​គ្រប់គ្រង​ពេលវេលា​។ បុគ្គលិក​ត្រូវ​បែងចែក​ពេលវេលា និង​ចាត់​អាទិភាព​ការងារ​ឲ្យ​បានច្បាស់លាស់ ថា​តើ​ការងារ​ណាមួយ​ត្រូវធ្វើ​បន្ទាន់ ការងារ​ណា​ត្រូវធ្វើ​បន្ទាប់ និង​ការងារ​ណា​ត្រូវ​ទុក​ធ្វើ​ចុងក្រោយ​។ 
 
​ទី​៤) ជំនាញ​ភាពជា​អ្នកដឹកនាំ​។ បុគ្គលិក​ត្រូវមាន​ស្មារតី​នៃ​ភាពជា​អ្នកដឹកនាំ មានការ​ទទួលខុសត្រូវ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​បំពេញការងារ ត្រូវ​ចេះ​លើកទឹកចិត្ត និង​ជួយ​ការងារ​គ្នា​ទៅវិញទៅមក​។ ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com