ពីនេះ ពីនោះ
តើ​ពាក្យ​«​ខ្លាញ់​»​មានន័យ​ដូចម្តេចខ្លះ​?
22, Aug 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នរណា​ក៏​យល់​ពាក្យ​«​ខ្លាញ់​»​នេះដែរ​។ ពាក្យ​«​ខ្លាញ់​» មានន័យ​ត្រង់ និង​សាមញ្ញ​ថា សារធាតុ​ទឹក​រាវ​ដែល​គេ​អាច​ចំរាញ់​ចេញពី​សត្វ​ត្រី គោ ជ្រូក មាន់ ទា​។​ល​។ ឧទាហរណ៍​ថា គេ​យក​«​ខ្លាញ់​»​ជ្រូក​ទៅ​ឆា​ខ្ញី​ជាមួយ​សាច់គោ​ដើម្បី​ពិសា​ជាមួយ​បាយកក​នៅពេល​ល្ងាច​។ តែ​អត្ថន័យ​អរូបី​មួយទៀត គឺ​មានន័យ​ទាក់ទង​នឹង​អំពើពុករលួយ​។ សំណួរ​ជាច្រើន ច្រើន​សួរ​ឡើង​ថា តើ​អ្នកធ្វើការ​នៅ​កន្លែង​«​ខ្លាញ់​»​ឬទេ​?

 
«​ខ្លាញ់​»​នៅ​ក្នុងន័យនេះ គឺ​ទាក់ទង​ទៅនឹង​ការ​រកចំណូលបាន​ច្រើន ឬ​អត់​។ គ្មាន​ការបញ្ជា​ក់ថា ពាក្យ​នេះ មានន័យ​អវិជ្ជមាន ឬ​វិជ្ជមាន​ទេ​។ តែ​គ្រាន់តែ​គេ​គិត​ជាទូទៅ​ថា បើ​បុគ្គល​នេះ​ធ្វើការ​នៅ​កន្លែង​«​ខ្លាញ់​» មនុស្ស​ភាគច្រើន​តែង​យល់ថា ការរកចំណូល​នៅ​កន្លែង​«​ខ្លាញ់​»​ច្រើនតែ​ជា​ចំណូល​មិន​ស្របច្បាប់​។ តែ​ពេលខ្លះ ក៏​វា​ស្របច្បាប់​ដែរ​។ ពាក្យ​«​កន្លែង​ខ្លាញ់​»​នេះ ត្រូវបាន​គេ​សង្កេតឃើញថា វា​បាន​កើតឡើង​ច្រើន​នៅក្នុង​ទសវត្សរ៍​៩០ ហើយ​ត្រូវបាន​គេ​ប្រើតៗ​គ្នា​រហូតមក​ដល់ពេលនេះ​។ មនុស្ស​វ័យ​ចំណាស់​យល់ច្បាស់​ពី​អត្ថន័យ​របស់​វា តែ​ក្មេងៗ​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ មិនសូវ​យល់​ពី​ន័យធៀបរ​បស់ពាក្យ​នេះ​ទេ ប្រសិនបើ​មនុស្ស​ចាស់​ប្រើប្រាស់​ពាក្យ​នេះ ជា​លើក​ទី​១ ទៅកាន់​ក្មេងៗ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com