កីឡាជាតិ
ជាតិ
យុវជនភ្នំពេញក្រោនជាប់ជម្រើសជាតិ U19 ២០នាក់សម្រាប់ការហ្វឹកហាត់ក្នុងដំណាក់កាលទី២
× កីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់ក្លិបភ្នំពេញក្រោនជាប់ក្នុងបញ្ជីហ្វឹកហាត់ដំណាក់កាលទី២ ដើម្បីជ្រើសរើសកីឡាករជម្រើសជាតិ U19 សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U19 Championship 2016 នៅប្រទេសវៀតណាមចំនួន២០នាក់ ក្នុងចំណោមកីឡាករ៣១នាក់ ដែលមកពីក្លិបចំនួន៧នៅកម្ពុជា។ ការហ្វឹកហាត់ក្នុងដំណាក់កាលទី២ដែលចាប់ផ្តើមពីថ្ងៃទី២២-២៧ ខែសីហា ធ្វើឡើងបន្ទាប់ពីការហ្វឹកហាត់ដំណាក់កាលទី១ដែលមានកីឡាករ៥២នាក់ចូលរួមបានចាប់ផ្តើមពីថ្ងៃទី១៤-១៨ ខែសីហា បានបញ្ចប់។
ក្នុងចំណោមកីឡាករជម្រើសជាតិ U19 ចំនួន៥២នាក់ដែលហ្វឹកហាត់ក្នុងដំណាក់កាលទី១នាពេលកន្លងមកត្រូវបានជម្រុះនៅសល់ត្រឹមតែ៣១នាក់ប៉ុណ្ណោះសម្រាប់ហ្វឹកហាត់ក្នុងដំណាក់កាលទី២ ដោយក្នុងចំណោមកីឡាករទាំងនោះមានកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់ក្លិបភ្នំពេញក្រោនរហូតដល់២០នាក់ ពោលគឺមានចំនួនច្រើនជាងគេក្នុងចំណោមក្លិបទាំង៧ដែលមានឈ្មោះនៅក្នុងដំណាក់កាលនេះ។
កីឡាករជម្រើសជាតិ U19 ទាំងនេះនឹងធ្វើការហ្វឹកហាត់នៅលើទីលានរបស់ក្លិបភ្នំពេញក្រោនដោយចាប់ផ្តើមហ្វឹកហាត់ពីថ្ងៃទី២២ ខែសីហា នេះរហូតដល់ថ្ងៃទី២៧ ខែសីហា ដើម្បីចម្រាញ់ជ្រើសរើសកីឡាករដែលមានសមត្ថភាពសម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U19 Championship 2016 នៅប្រទេសវៀតណាមនាថ្ងៃទី១១-២៤ ខែកញ្ញា ខាងមុខនេះ។
គួរបញ្ជាក់ថា កីឡាករ U19 ដែលហ្វឹកហាត់ក្នុងដំណាក់កាលទី២នេះមានចំនួន៣១នាក់ក្នុងនោះមកពីក្លិបភ្នំពេញក្រោនចំនួន២០នាក់, ក្លិបព្រះខ័នរាជស្វាយរៀង៣នាក់, បឹកកេតអង្គរ២នាក់, ណាហ្គាវើល៣នាក់, ស៊ីម៉ាក់១នាក់, ប៉ូលិស១នាក់ និងវេស្ទើនភ្នំពេញ១នាក់៕
Tag:
បាល់ទាត់
U19
AFF U19 Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com