ជាតិ
ការវាយប្រហារ​លើ​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ភាព​តានតឹង​ដល់​ខ្មែរ​រស់នៅ​ក្រៅប្រទេស​
25, Aug 2016 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​សម្លាប់​លោក កែម ឡី អ្នកវិភាគ​ដ៏​លេចធ្លោ​ម្នាក់ និង​ការវាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​លើ​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​កម្ពុជា កំពុងតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស ដូចជា​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​។​



​យ៉ាងណាមិញ សមាជិក​ដឹកនាំ​សហគមន៍​នៅក្រៅ​ប្រទេស បាន​ព្រមាន​ពី​ការស្រងាកចិត្ត​លើ​គណបក្សកាន់អំណាច​ប្រជាជន​កម្ពុជា (CPP) ហើយ​ថា ការណ៍​នេះ​ទំនងជា​មិនអាច​នាំ​ឲ្យ​មានការ​គាំទ្រ​បន្ថែមទៀត​លើ​មេដឹកនាំ​គណបក្សប្រឆាំង​ឯកឧត្ដម សម រង្ស៊ី ដែល​និរទេស​ទៅ​រស់នៅ​ប្រទេស​បារាំង​។​

​ឯកឧត្ដម សម រង្ស៊ី មិន​ទទួលបាន​ប្រយោជន៍​ពី​ការមិន​ពេញចិត្ត​នឹង CPP ពី​សំណាក់​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ឡើយ​
​នៅ​ប្រទេស​អូស្ត្រាលី លោក ហុង លីម ដែលជា​សមាជិក​តំណាងរាស្ត្រ​រដ្ឋ Victoria និង​ជា​សមាជិក​លេចធ្លោ​ក្នុង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី បានប្រកាស​ឈប់​គាំទ្រ​ឯកឧត្ដម សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​។​

​លោក​ថា សកម្មភាព​របស់​មេដឹកនាំ​គណបក្សប្រឆាំង ក្រោយពី​ចាញ់ឆ្នោត​៤​អណ​ត្តិ​ជាប់ៗ​គ្នា និង​ការខ្វះ​ការប្រឹក្សា​យោបល់​ជាមួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី បានធ្វើ​ឲ្យ​លោក​បោះចោល​ការគាំទ្រ​នេះ​។​

​លោក ហុង លីម បាន​និយាយ​សំដៅ​ទៅលើ​ឯកឧត្ដម សម រង្ស៊ី ថា​៖ «​ពលរដ្ឋ​នៅទីនេះ​បាន​បាត់បង់​ការជឿទុកចិត្ត​លើ​គណបក្សប្រឆាំង ដោយសារ​ពួកគេ​បាន​ព្រងើយកន្តើយ​នឹង​សំឡេង​សហគមន៍​នេះ​។ គ្មាន​ការប្រឹក្សា​យោបល់​ជាមួយ​គាត់​ទេ​។ ហើយ​ឯកឧត្ដម សម រង្ស៊ី គ្រាន់តែ​ចេញមុខ​មក​ដឹកនាំ ហើយ​បាត់​មុខ​ទៅវិញ​។ ហើយ​ការធ្វើ​បែបនេះ​មិនមាន​ប្រយោជន៍​ទៀត​ទេ​»​។​

​តាំងពីដើម​មក ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​បាន​ផ្តល់ជំនួយ និង​ការគាំទ្រ​ជាច្រើន​ដល់​គណបក្សប្រឆាំង ដែល​កើតចេញពី​ការ​ច្របាច់​ចូលគ្នា​រវាង​គណបក្ស​ស​ម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​ឯកឧត្ដម កឹម សុខា ដែល​បច្ចុប្បន្ន​គឺជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​។​

​ឯកឧត្ដម សម រង្ស៊ី បាន​បដិសេធ​មិន​វិល​ចូល​ស្រុក​វិញ​កាលពីដើមឆ្នាំ​២០១៦​នេះ ក្រោយ​ពេលដែល​លោក​អាច​រង​ការ​គំរាម​ចាប់​ដាក់គុក​នៅក្នុង​ករណី​បទ​បរិហារកេរ្តិ៍​។ ឯកឧត្ដម កឹម សុខា ក៏​កំពុងតែ​ប្រឈម​នឹង​ការឃុំខ្លួន​ដែរ ក្នុងករណី​ស្រដៀង​គ្នា​។​

​ក្នុងករណីនេះ លោក ហុង លីម បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុងការ​ជំរុញ​ឲ្យ​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ចេញមុខ​ចូលរួម​ដឹកនាំ​បក្ស​។​

​លោក​ថា​៖ «​គណបក្ស​នេះ​មិនមាន​គម្រោង​ស្នង​តំណែង​ទេ​»​។ លោក​បន្ថែមថា ការបន្ថែម​មេដឹកនាំ​ថ្មី​ក្នុង​បក្ស អាចជា​បញ្ហា​ចម្បង​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈមមុខ មុន​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយនេះ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ការវាយប្រហារ​លើ​គណ​បក្សប្រឆាំង​
​លោក ហុង លីម បាន​ឲ្យ​ដឹងថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​១៨​នាក់​ត្រូវបាន​ឃុំខ្លួន ខណៈដែល​ការបាញ់សម្លាប់​លោក កែម ឡី បានធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​រស់នៅ​ក្រៅប្រទេស​មាន​ការខឹង​សម្បា​។​

​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ កាន់តែ​មានការ​ភ័យព្រួយ​ពី​សហគមន៍​ខ្មែរ រស់នៅ​ក្រៅប្រទេស​រាប់សែន​នាក់ ដែល​បាន​រត់​ភៀសខ្លួន​ដោយសារតែ​សង្គ្រាម ហើយ​ក្លាយជា​ជនអន្តោប្រវេសន៍​នៅ​ប្រទេស​លោកខាងលិច​។​

​ក្រុម​ដែលមាន​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​សហគមន៍​ខ្មែរ​រស់នៅ​ក្រៅប្រទេស ក៏ត្រូវ​បាន​ចោទថា បាន​ញុះ​ញ៉ុ​ង​ឲ្យ​មាន​ការមិន​ពេញចិត្ត​ពី​ខាង​គណបក្សប្រឆាំង ដោយ​ជារឿយៗ​ជំរុញ​ឲ្យ​មាន​ការធ្វើ​បាតុកម្មហិង្សា ប្រឆាំងនឹង​រដ្ឋាភិបាល រួមមាន​ការចោទប្រកាន់​អំពី​ការរំលោភ​ព្រំដែន​ដោយ​ប្រទេស​វៀតណាម​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ផងដែរ​។​

​លោក ហុង លីម ក៏ត្រូវ​បាន​រិះគន់​មិន​សំចៃមាត់​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ត្រូវបាន​ប្រកាសថា​ជា​ជន​ដែល​កម្ពុជា​មិន​ស្វាគមន៍ ក្រោយពី​លោក​បាន​ហៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​របប​តិរច្ឆាន ទាក់ទិន​នឹង​ការសម្លាប់​លោក កែម ឡី​។​

​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ និង​មិន​ពេញចិត្ត​
​នៅ​សហរដ្ឋអាមេរិក ការសម្លាប់​លោក កែម ឡី ក៏បាន​បណ្តាល​ឲ្យ​មានការ​ខឹងសម្បា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​។ ក៏ប៉ុន្តែ ការព្រួយបារម្ភ​ក៏​កំពុងតែ​កើនឡើង​ទាក់ទង​នឹង​សមត្ថភាព​របស់​គណបក្ស​ប្រឆាំង​ដើម្បី​តតាំង និង​ជំនះ​ស្ថានភាព​នយោបាយ​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ​។​

​លោក ប៉ែន សុខ​ផល ប្រធាន​ផ្នែក​ទំនាក់ទំនង​យុវជន និង​និស្សិត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា សម្រាប់​ការបោះឆ្នោត​ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ គណបក្ស​ឆាំង​នឹង​ផ្តោត​សំខាន់​លើ​ការធ្វើ​យុទ្ធនាការ​ជាមួយ​យុវជន ដើម្បី​បង្កើន​ការគាំទ្រ និង​ប្រមូលផ្តុំ​ថវិកា​។​

​លោក​ថា​៖ «​យើង​មាន​គម្រោង ខ្ញុំ​ផ្ទាល់ និង​ក្រុមយុវជន​សហរដ្ឋអាមេរិក​នឹង​ចុះ​ផ្ទាល់​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ដើម្បី​ពង្រឹង​យុវជន​ទូទាំងប្រទេស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​យុវជន​សកម្ម​ក្នុងសង្គម​ដែល​ជួយ​ជាតិ ឲ្យ​គាត់​ដាក់ចិត្ត​ដាក់​កាយ​ដាក់​ពលិកម្ម ដើម្បី​ជា​ចលនា ឲ្យ​គាត់​ធ្វើការ​សម្រុក​ឲ្យ​ខ្លាំង​ពី​ការបោះឆ្នោត ឲ្យ​គាត់​តាមដាន​ការបោះឆ្នោត ឲ្យ​គាត់​ដឹក​នឹង​សម្រួលការ​បោះឆ្នោត ឲ្យ​គាត់​ត្រៀម​ថវិកា​ខ្លះ ដើម្បី​ជួយ​ដល់​ការធ្វើដំណើរ ការហូបចុក​ជាដើម​»​។​

​រីឯ​លោក យ័​ប គឹម​ទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​សហរដ្ឋអាមេរិក ក៏បាន​ឲ្យ​ដឹងថា កិច្ចការ​មួយផ្នែក​ដែល​អង្គការ​របស់លោក​ផ្តោត​នោះ គឺ​ការផ្តល់​សំឡេង​ឲ្យ​គណបក្សប្រឆាំង ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​នយោបាយ​ដោយ​ស្មើភាព​គ្នា​ដល់​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា តាមរយៈ​ការផ្សព្វផ្សាយ​ពត៌មាន​។​

​លោក​ថា​៖ «​ពួកយើង​ចង់ឃើញ​គណបក្សប្រឆាំង​មាន​សំឡេង ឲ្យ​បាន​ទៅដល់​ប្រជាជន​ខ្មែរ​អាមេរិកាំង និង​ប្រជាជន​ខ្មែរ​នៅ​ស្រុក​ខ្មែរ ពីព្រោះ​យើង​ឃើញថា គណបក្សកាន់អំណាច មិនសូវ​ឲ្យ​ឱកាស​ពួក​គណបក្សប្រឆាំង បញ្ចេញ​សម្លេង​នៅ​ទូរទស្សន៍ និង​វិទ្យុ​នៅ​ស្រុក​ខ្មែរ​។ ឧទាហរណ៍ ការរំលោភ​ដីធ្លី​នៅ​ស្រុក​ខ្មែរ គេ​ដឹងឮ​មួយ​ពិភពលោក ប៉ុន្តែ​វិទ្យុ ឬក៏​ទូរទស្សន៍​នៅ​ស្រុក​ខ្មែរ​មិនសូវ​បាន​បញ្ចាំង​ឲ្យ​ខ្មែរ​យើង​ដឹង​»​។​

​យ៉ាងណាមិញ លោក ទូច វិបុល ដែលជា​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង បាន​ឲ្យ​ដឹងថា អង្គការ​របស់លោក​ផ្តោត​សំខាន់​ទៅលើ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ធ្វើការ​ជាមួយនឹង​តំណាងរាស្ត្រ និង​សមាជិកសភា និង​ព្រឹទ្ធសភា​នៅ​សហរដ្ឋអាមេរិក​។​

​លោក​ក៏បាន​លើកឡើងថា អង្គការ​របស់លោក មាន​គម្រោង​បង្កើត​វេទិកាសាធារណៈ​មួយ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដោយ​ចង់​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មក​ពិភាក្សា និង​ចែក​រំ​ឡែក​គោលនយោបាយ​ការទូត​រវាង​គ្នា​ទៅវិញទៅមក​។​

​លោក​ថា​៖ «​យើង​ធ្វើ​កិច្ចការ​យុវជន​នៅ​សហរដ្ឋអាមេរិក និង​យុវជន​នៅ​ស្រុក​ខ្មែរ​យើង ដោយ​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ ហើយ​មាន​គោលការណ៍​មួយចំនួន ដែល​យុវជន​ក្នុងស្រុក​បាន​ស្ម័គ្រចិត្ត ចូលរួម​ផ្សព្វផ្សាយ​អំពី​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុ​ជ‍ា​»​។​

​សម្ដេច ហ៊ុន សែន ថ្មីៗ​នេះ ក៏បាន​ចាប់យក​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រៅប្រទេស​ឲ្យ​ធ្វើជា​មូលដ្ឋាន​ដ៏​មាន​សក្តានុពល​មួយ សម្រាប់​ការគាំទ្រ​របស់​ពួកគេ​នាពេល​អនាគត​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com