ជាតិ
​ចំណុច​សំខាន់​ដែល​ច្បាប់បោះឆ្នោត​ថ្មី ហាម​មិន​ឲ្យ​NGOs ធ្វើ​ទាក់ទង​នឹង​ការបោះឆ្នោត​
25, Aug 2016 , 10:26 pm        
រូបភាព
ដោយ: ថ្មីៗ
ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ចុងឆ្នាំ ២០១៥ កន្លងទៅ បានចែង​ពី​ចំណុច​មួយចំនួន ដែល​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ  ត្រូវ​ចៀសវាង​ធ្វើ​សកម្មភាព​មួយ​ចំនូ​ន​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។


 
​មាត្រា ៨៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ បាន​កំណត់ថា  អង្គ​ការមិន​រដ្ឋាភិបាល ឬ​សមាគម ក្នុងស្រុក និង​សមាគម ឬ​អង្គការ​អន្តរជាតិ ដែល​បំពេញការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ជនបរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ក្នុងស្រុក និង​សមាគម ឬ​អង្គការ​អន្តរជាតិ​ដែល​បំពេញការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី ដូចខាងក្រោម​៖

 
​ទី ១ ហាម​មិន​ឲ្យ​ផ្តួចផ្តើម ឬ​ចូលរួម​ក្នុងការ​ឃោសនាបោះឆ្នោតរ​បស់​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ការផ្តួចផ្តើម ឬ​ការចូលរួម​ឃោសនា​រួមមាន​៖ ការបញ្ចុះ​បញ្ចូល ឬ​ការប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ឃោសនា ដើម្បី​គាំទ្រ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ការចូលរួម​ក្នុង​ក្បួន​ដង្ហែ ឬ​ការប្រជុំ​របស់​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ការចូលរួម​ផ្សព្វផ្សាយ​គោលនយោបាយ ឬ​សម្ភារ​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ការចូល​ជា​សមាជិក​គណៈកម្មការ​ឃោសនាបោះឆ្នោត​នៃ​គណបក្សនយោបាយ​ណាមួយ​។​
 
​ទី ២ ហាម​មិន​ឲ្យ​ចេញ​សេចក្តីថ្លែងការណ៍ ឬ​ធ្វើ​សកម្មភាព​ណាមួយ ក្នុង​គោលបំណង​គាំទ្រ ឬ​បង្ហាញ​ភាពលម្អៀង​ទៅរក ឬ​ប្រឆាំងនឹង​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។  ការចេញ​សេចក្តីថ្លែងការណ៍ ការធ្វើសកម្មភាព​គាំទ្រ ឬ​ការបង្ហាញ​ភាពលម្អៀង​រួមមាន​៖ ការស្ទង់មតិ​ក្នុង​បំណង​បម្រើ​ឲ្យ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ការសរសេរ​ជា​លាយលក្ខណ៍អក្ស ឬ​ផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងន័យ​គាំទ្រ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ការដាក់​តាង ឬ​បិទ​ផ្សាយ​រូបភាព ឬ​ឯកសារ​ផ្សេងៗ ភ្ជាប់​នឹង​យានយន្ត​របស់​អង្គការ​ខ្លួន​ឬ​នៅក្នុង​បរិវេណ​នៃ​ទីកន្លែង​ធ្វើការ​របស់ខ្លួន ដើម្បី​គាំទ្រ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។​
 
​ទី ៣ ហាម​មិន​ឲ្យ​ផ្តល់​មធ្យោបាយ​ជា​ថវិកា សម្ភារ បរិក្ខារ ធន​ជាន​មនុស្ស ឬ​មធ្យោបាយ​ផ្សេងៗ ដើម្បី​គាំទ្រ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ ដែល​រួមមាន​៖ ការផ្តល់​ថវិកា សម្ភារ និង​បរិក្ខា​ប្រើប្រាស់​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ សម្រាប់​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា ដើម្បី​គាំទ្រ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។ ការផ្តល់​ថវិការ សម្ភារ និង​បរិក្ខារ សម្រាប់​ដង្ហែ​ក្បួន​ឃោសនា ការជួបជុំ​សាធារណៈ  ការសម្តែង​សិល្បៈ និង​ការបោះពុម្ព​សម្ភារ​ឃោសនា ទោះ​ដោយផ្ទាល់​ក្តី​ឬ​ប្រយោល​ក្តី ដើម្បី​គាំទ្រ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​៕
 

Tag:
 បោះឆ្នោតកម្ពុជា
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com