អន្តរជាតិ
ក្មេង​នី​ហ្សេ​រី​យ៉ា​ជិត​៥​ម៉ឺន​នាក់​អាច​នឹង​ស្លាប់​បើ​គ្មាន ជំនួយ​មនុស្សធម៌​
26, Aug 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​អង្គការ UNICEF បាន​អះអាងថា គ្រោះរាំងស្ងួត​និង​ចលនា​ក្រុម​ប្រដាប់អាវុធ បូ​កូ​ហា​រ៉ា​ម (Boko Haram) បាន​បណ្តាល់​ឲ្យ​ក្មេងៗ​នៅជាប់​បឹង Chad ជិត​កន្លះ​លាន​នាក់​រងគ្រោះថ្នាក់​ដោយសារ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​ធ្ងន់ធ្ងរ​។ ហើយ ក្នុងចំណោម​នោះ ក្មេងៗ​នី​ហ្សេ​រី​យ៉ា​រហូតដល់​៤៩០០០​នាក់​អាច​ស្លាប់​ក្នុងឆ្នាំនេះ បើសិនជា​ពួកគេ​មិនបាន​ទទួល​ជំនួយ​មនុស្សធម៌​និង​ការព្យាបាល​ទាន់ពេលវេលា​ទេនោះ​។


​ក្មេងៗ​ប្រហែល​ជិត​កន្លះ​លាន​នាក់​រស់នៅ​តំបន់​បឹង Chad ប្រឈមមុខ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយសារ​ការអត់ឃ្លាន​និង​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​។ យោងតាម​អង្គការ UNICEF ក្នុងចំណោម​ក្មេង​ទាំងនោះ មាន​ក្មេង​ប្រហែល ៤៩០០០​នាក់ នៅ​រដ្ឋ Borno នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា អាច​នឹង​ស្លាប់បាត់​បង់ជីវិត​ដោយសារ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​នៅក្នុង​ឆ្នាំនេះ បើសិនជា​គ្មាន​ការផ្តល់​ជំនួយ​មនុស្សធម៌​ទាន់ពេល​ទេនោះ ។ អង្គការ​នេះ​ក៏បាន​ដង្ហោយ​យ៉ាងទទូច​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្មេងៗ​ទាំងអស់​ខាងលើ​ប្រឈម​គ្រោះថ្នាក់ ដោយសារ​បញ្ហា​ធំ​ពីរ ក្នុងនោះ​មាន​គ្រោះរាំងស្ងួត​ដែល​អូសបន្លាយ​ពេល​យូរ និង​ចលនា​ប្រដាប់អាវុធ​របស់​ក្រុម​ភេរវជន Boko Haram ផងដែរ​។ ខាង​អង្គការ UNICEF បាន​វាយតម្លៃថា ដើម្បី​សង្គ្រោះ​កុមារ​ទាំង ៤៩០០០​នាក់​ដែល​អាច​នឹង​ស្លាប់​នោះ គេ​ត្រូវការ​ជំនួយ​ដែលមាន​ទំហំ ៣០៨ លាន​ដុល្លារ​អាមេរិក​ឯណោះ​។  ជំនួយ​ទាំងនោះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រងគ្រោះថ្នាក់​នៅក្នុង​ប្រទេស​បួន ក្នុងនោះ​មាន ឆាត​, នី​ហ្សេ​រី​យ៉ា​, នី​ហ្សេ និង​កា​មេ​រ៉ូ​ន​។​
 
​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​គឺ​មកទល់​ពេលបច្ចុប្បន្ន អង្គការ UNICEF បានទទួល​ជំនួយ​ត្រឹម ៤១​លាន​ដុល្លារ ដែល​ស្មើ ១៣​ភាគរយ​នៃ​ទំហំ​លុយ​ដែល​គេ​ត្រូវការ​ប៉ុណ្ណោះ​។  ដូច្នេះហើយ វា​ជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ បើសិនជា​មិនមាន​ការផ្តល់​ជំនួយ​ម​នុស្ស​ធម៌ ទាំង​ស្បៀងអាហារ​និង​ការព្យាបាល​ទាន់ពេលវេលា​ទេនោះ​។ 
 
​ដោយសារ​ការប្រយុទ្ធ​គ្នា​និង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​បូ​កូ​ហា​រ៉ា​ម មន្ទីរពេទ្យ​និង​គ្លីនិក​ប្រហែល ២​ភាគ ៣ ហើយ​៣​ភាគ​៤​នៃ​ប្រព័ន្ធ​ទឹក​និង​បង្គន់​អនាម័យ​ជាដើម​នោះ​ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​។​
 
​តាមពិតទៅ នៅ​ដើមឆ្នាំ ២០១៥ ក្រុម​ភេរវជន​បូ​កូ​ហា​រ៉ា​ម បាន​កាន់កាប់​ទឹកដី​ដ៏​ធំ​នៅ​តំបន់​ខាងលើ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​ក្រុម​កងទ័ព​ប្រទេស​ទាំង​បួន​ខាងលើ​បានចាប់ផ្តើម​វាយប្រហារ​លើ​ក្រុម​សកម្មប្រយុទ្ធ​នេះ​។​តែ​ក្រុម​នេះ​បានចាប់ផ្តើម​សកម្មភាព​តាំងពី​ឆ្នាំ ២០០៩ មកម្ល៉េះ ហើយ​បើ​គិត​មកដល់​ពេលបច្ចុប្បន្ន​ក្រុម​នេះ​សម្លាប់​មនុស្ស​រហូតដល់ ១៥០០០​នាក់​ឯណោះ​។ ដោយសារ​ការវាយប្រហា​រ​ពី​សំណាក់​ក្រុម​កងកម្លាំង​រដ្ឋាភិបាល មកដល់ពេលនេះ ក្រុម​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម​ដកថយ​និង​កំពុង​លាក់ខ្លួន​ក្នុងព្រៃ Sambisa ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍​រដ្ឋ  Borno​។​
 
​ប៉ុន្តែ ថ្វីបើ​កងកម្លាំង​រដ្ឋាភិបាល​មានប្រៀប​និង​បាន​វាយ​បណ្តេញ​ក្រុម​ប្រដាប់អាវុធ​បូ​កូ​ហា​រ៉ា​ម​ឲ្យ​ដកថយ​ក៏ដោយ មនុស្ស​ប្រហែល ២​លាន​នាក់​នៅ​បន្ត​រស់នៅ​តំបន់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​នេះ​៕  
 
 

Tag:
 Boko Haram
  នី​ហ្សេ​រី​យ៉ា​
  UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com