ពីនេះ ពីនោះ
តើ​ពាក្យ​«​ស្ថានីយ​»​និង​ពាក្យ​«​ឋានីយ​» មាន​អត្ថន័យ​ខុសគ្នា​បែបណា​?
01, Sep 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ស្ថានីយ​»​និង​ពាក្យ​«​ឋានីយ​»​គឺជា​ពាក្យ​ពីរ​ផ្សេងគ្នា ប៉ុន្តែ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងពីរ​នេះ​មាន​អត្ថន័យ​ដូចគ្នា​។



​ពាក្យ​«​ឋានីយ​»​មាន​ថ្នាក់​ពាក្យ ជា​នាម មានន័យថា ទី​សម្រាប់​សម្នាក់​, ទី​ចត​, ទីសំចត​, ដំណាក់​សម្រាប់​ឈប់សម្រាក់​, សម្រាប់​ដាក់រទេះ​ជាដើម​។​ល​។ ឧទាហរណ៍ ឋានីយ​រថយន្ត​, ឋានីយ​រទេះភ្លើង​...​។​

​ចំណែក​ពាក្យ​«​ស្ថានីយ​» មាន​ថ្នាក់​ពាក្យ​ជានា​ម​ដូចគ្នា ហើយ​ក៏មាន​អត្ថន័យ​ដូច​ពាក្យ​ថា «​ឋានីយ​»​ផងដែរ​។ ប៉ុន្តែ​ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ ភាគច្រើន​គេ​សង្កេតឃើញថា ពាក្យ​«​ស្ថានីយ​» ត្រូវបាន​គេ​សរសេរ និង​ប្រើប្រាស់​ច្រើនជាង​។

​បញ្ជាក់​ពាក្យ​ថា​៖ «​សម្នាក់​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ស្នាក់នៅ​, ឈប់​ស្នាក់នៅ​, ឈរ​នៅ​អាស្រ័យ​មានកំណត់​វេលាៈ ខ្ញុំ​មក​សម្នាក់​នៅផ្ទះ​សម្លាញ់​។ ពាក្យ​នេះ គេ​សរសេរ​ជា សំណាក់ ក៏បាន​។ តែបើ​ថ្នាក់​ពាក្យ​ជានា​ម​វិញ មានន័យថា ទី​ជ្រក​អាស្រ័យ​,​បន្ទុក​, ការ​នៅ​ដោយសារ​។ រាជសម្នាក់ មានន័យថា លំនៅ​របស់​ព្រះរាជា​,​ព្រះរាជវាំង​។ ប៉ុន្តែ​ពាក្យ សម្នាក់ នេះ​គេ​កម្រ​ឃើញ​សរសេរ​ណាស់ ប៉ុន្តែ​ភាគច្រើន​ឃើញ​សរសេរ​តែ​ពាក្យ សំណាក់​៕

 ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com