ពីនេះ ពីនោះ
១៦ ហេតុផល ដែល​ពលរដ្ឋ​ចាំបាច់​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​
02, Sep 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការគិត​បែប​ទុទ្ទិដ្ឋិនិយម​ថា «​មិន​ថា​បក្ស​ណា ឬ​បក្ស​ណា​គឺ​ដូច​តែ​គ្នា ហេតុនេះ មិនចាំបាច់​ទៅ​ចុះឈ្មោះ ឬ​ទៅ​បោះឆ្នោត​ទេ​» គឺ​មិន​ត្រឹមត្រូវ​ទាំង​ការគិត និង​កាតព្វកិច្ច ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ព្រោះ​ការសម្រេច​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស តាមរយៈ​ការបោះឆ្នោត គឺជា​មាគ៌ា​សំខាន់បំផុត ក្នុងការ​កែប្រែ​មុខមាត់​ប្រទេស​។  ខាងក្រោម​នេះ ជាហេតុ​ផល​ដែល​ពលរដ្ឋ​ចាំបាច់​ត្រូវតែទៅ​ចុះឈ្មោះ និង​ទៅ​បោះឆ្នោត​៖



១.​ការបោះឆ្នោត គឺ​បង្ហាញ​ពី​សង្គម​មួយ​ដែលមាន​របៀប​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ

២.​ការបោះឆ្នោត​បង្ហាញថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ និង​សេរីភាព​គ្រប់គ្រាន់​ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​

៣.​ការបោះឆ្នោត បញ្ជាក់ថា​វាសនា​ជាតិ​ស្ថិតនៅលើ​ដៃ​របស់​ប្រជាជន​ជា​អ្នកសម្រេច មិនមែន​ស្ថិតនៅលើ​ការសម្រេច​របស់​មនុស្ស​មួយក្រុម​

៤.​ការបោះឆ្នោត បង្ហាញថា​អំណាច​ពលរដ្ឋ​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ក្រុម​អ្នកដឹកនាំ​

៥.​ការបោះឆ្នោត អាចធ្វើ​ឲ្យ​របប​ដឹកនាំ​សង្គម​មានការ​ប្រែប្រួល​

៦.​ការបោះឆ្នោត​បង្ហាញ​ពី​ការទទួលខុសត្រូវ​ជា​ចម្បង​មួយ​របស់​ប្រជាពលរដ្ឋ​

៧.​ការបោះឆ្នោត ជា​ឱកាស​ដែល​ពលរដ្ឋ​អាច ជ្រើសរើស​អ្នកមាន​សមត្ថភាព​ការងារ ទស្សន​វិ​ជា្ជ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ និង​ការ​បេ្ដ​ជ្ញា​ចិត្ត​បម្រើ​សុខុមាលភាព​
របស់​ប្រជាជន និង​ការខិតខំ​កសាង​ប្រទេសជាតិ​

៨.​ការបោះឆ្នោត ជា​ជំ​ហ៊ាន​ដើម្បី​ទៅ ពង្រឹងគុណភាព​នៃ​ការដឹកនាំ​គ្រប់លំដាប់​ថ្នាក់​

៩.​ការបោះឆ្នោត ជា​ដំណើ​ដ៏​សន្តិភាព​មួយ ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ និង​ឱកាស​បញ្ចេញ​គំនិត​របស់ខ្លួន​ដោយ​សម្ងាត់​លើ​សន្លឹកឆ្នោត​

១០.​ការបោះឆ្នោត មួយ​សន្លឹកឆ្នោត​របស់​ម្ចាស់ឆ្នោត គឺជា​ការកំណត់​ជោគវាសនា​របស់​ប្រទេសជាតិ មាន​សារៈប្រយោជន៍​ដល់​ជាតិ និង​សារៈប្រយោជន៍​ដល់​ម្ចាស់ឆ្នោត​

១១. ការបោះឆ្នោត ជា​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ដោយ​សន្តិវិធី គ្មាន​ការប្រើ​អំពើហិង្សា

១២.​ការបោះឆ្នោត ជា​សម្ពាធ​ធ្វើអោយ​អ្នកដឹកនាំ​មានការ​ទទួលខុសត្រូវ​ផ្ទាល់ ចំពោះមុខ​ប្រជាពលរដ្ឋ​

១៣.​ការបោះឆ្នោត ជាគោលការណ៍​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រយោល​មួយ ដើម្បី​ឲ្យ​កាន់តែ​ល្អប្រសើរ​

១៤.​ការបោះឆ្នោត ជាការ​អនុវត្តន៍​សិទ្ធិ​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​

១៥.​ការបោះឆ្នោត ជា​វិធី​ធានា​ការពារ​ការប្រតិបត្តិ​សិទ្ធិ​សេរី​ទាំងអស់​របស់​បុគ្គល

១៦.​ការបោះឆ្នោត ដែល​រើស​បាន​មេដឹកនាំ​ល្អ នឹងធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ហេតុផល​ទាំង ១៦​ខាងលើ​អាច​មិនទាន់​គ្រប់គ្រាន់ ទៅលើ​អត្ថប្រយោជន៍​នៃ​ទៅ​ចុះឈ្មោះ និង​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​វា​គឺជា​កត្ដា​សំខាន់ៗ​ដែល បញ្ជាក់​ដល់​ពលរដ្ឋ កុំ​ឲ្យ​បោះបង់​ឱកាស​ក្នុងការ​ចូលរួម ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត មាន​សមត្ថភាព មាន​ទស្សនវិស័យ​វែងឆ្ងាយ ដើម្បី​ឲ្យ​កាន់​ការងារ​ប្រទេសជាតិ​។ ព្រោះ​ឱកាស ប្រាំ​ឆ្នាំ​ទើប​មាន​ម្ដង​៕


© រក្សាសិទ្ធិដោយ thmeythmey.com