ពីនេះ ពីនោះ
តើ​ពាក្យ​«​ឆ្ងុយ​» និង​ពាក្យ​«​ឈ្ងុយ​» ពាក្យ​ណា​ដែល​ត្រឹមត្រូវ​ដើម្បី​ប្រកប​ជាមួយ​ពាក្យ​«​ឆ្ងាញ់​»?
02, Sep 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការសរសេរ​ពាក្យ​ខ្មែរ ចាំបាច់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សូរ​អានរ​បស់ពាក្យ មុន​យកមក​សរសេរ​។ មូលហេតុ​គឺ​នៅត្រង់ថា ពាក្យ​ខ្លះ​មាន​សូរ​អាន​ស្រដៀង​គ្នា ប៉ុន្តែ​សរសេរ​ព្យញ្ជនៈ​ផ្សេងគ្នា ហើយ​អត្ថន័យ​ក៏​ខុសគ្នា​ដែរ​។ ដោយឡែក ពាក្យ​ថា «​ឆ្ងុយ​» និង​ពាក្យ​«​ឈ្ងុយ​» មាន​សាធារណជន លោក​មានការ​ច្រឡំ ហើយ​ប្រើប្រាស់​ទាំង​មិន​ច្បាស់​ថា​ពាក្យ​មួយណា​គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ ដើម្បី​ប្រកប​ជាមួយ​ពាក្យ​«​ឆ្ងាញ់​»​ឡើយ​។



​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា «​ឆ្ងុយ​» និង​ពាក្យ​«​ឈ្ងុយ​»​ជា​ពាក្យ​ពីរ​ដាច់ដោយឡែក​ពីគ្នា ហើយ​ក៏មាន​អត្ថន័យ​ផ្សេងគ្នា​ផងដែរ​។ ប៉ុន្តែ​ពាក្យ​ដែល​ត្រឹមត្រូវ​ក្នុង​ការប្រើ​ជាមួយ​ពាក្យ​«​ឆ្ងាញ់​» គឺ​ពាក្យ​«​ឈ្ងុយ​» មិនមែន «​ឆ្ងុយ​» នោះទេ​។

​ចំពោះ​ពាក្យ​ថា​«​ឆ្ងុយ​»​គឺជា​ប្រភេទ​កិរិយា​វិសេស មានន័យថា ដែល​មើលទៅ​ឃើញ​រាង​បញ្ឈរ​មាន​សណ្ឋាន​កំបុត​ចុងៈ កំ​បុត​ឆ្ងុយ​។ ចំណែក​ពាក្យ​ថា​«​ឈ្ងុយ​» ជា​កិរិយា​វិសេស​ដូចគ្នា ប៉ុន្តែ​មានន័យថា មាន​ក្លិន​ធុំ​ផ្សាយ​អំពី​វត្ថុ​អ្វីៗ​ដែល​លីង​, ដុត​, ឆ្អើរ​, អាំង ដល់​ឡើង​សម្បុរ​កន្លាត នាំ​ឲ្យ​មាន​ក្លិន​គួរ​ឲ្យ​ចង់​បរិ​ភោ​គ។

​ពាក្យ​នេះ​គេ​ច្រើន​និយាយថា មាន​ក្លិន​ឈ្ងុយ​, មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ ជាដើម​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com