ជាតិ
Zaman ជឿជាក់ថា កម្ពុជា​មិន​បិទ​សាលា​ខ្លួន​ឡើយ​
01, Sep 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាយក​សាលា​អន្ដរជាតិ​ហ្សា​ម៉ាន់​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​លោក Gurkan Cil ជឿជាក់ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​ច្បាស់លាស់ ដោយ​ពុំ​យល់ព្រម​តាម​សំណើ​រដ្ឋាភិបាល តួ​ក​គី ឲ្យ​បិទ​សាលា Zaman ឡើយ​។ រដ្ឋាភិបាល​តួ​គី ស្នើ​រដ្ឋា​ភិ​បា​កម្ពុជា បិទ​សាលា Zaman ដែល​តួ​គី​បាន​ចោទថា ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​សមាជិក​ចលនា​អន្តរជាតិ​របស់លោក Fethullas Gulen ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​តួ​ក​គី​កាលពី​ថ្ងៃទី ១៥ ខែកក្កដា​កន្លងមក ។​



​លោក Gurkan Cil ចាត់ទុក​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​តួ​គី មកលើ​សាលា​Zaman ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​។ នាយក​សាលា​អន្ដរជាតិ​ហ្សា​ម៉ាន់​រូបនេះ មិន​ព្រួយបារម្ភ​ពី​ការបិទ​សាលា Zaman នៅ​កម្ពុជា​នោះទេ ដោយ​លោក ជឿជាក់ថា រដ្ឋាភិបាល​កម្ពុជា នឹងមាន​ការវិនិច្ឆ័យ​ច្បាស់លាស់ ហើយ​មិន​បិទ​សាលា Zaman តាម​សំណើ​របស់​រដ្ឋាភិបាល​តួ​ក​គី​ឡើយ​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សាលា​ហ្សា​ម៉ាន់ (Zaman) នៅ​ថ្ងៃទី​១ កញ្ញា​នេះ​លោក Gurkan Cil បានបញ្ជាក់​ដូច្នេះ​ថា​៖«Zaman នៅតែ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ជាធ​ម្ម​តា​។ យើង​ជឿជាក់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​យល់ស្រប​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​តួ​ក​គី​ទេ​»​។​

​កាលពី​ថ្ងៃទី​២២ ខែសីហា រដ្ឋាភិបាល លោក Ilhan Khemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានស្នើ​ជា​ផ្លូវការ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​សាលា​អន្តរជាតិ  ZAMAN នៅ​កម្ពុជា​តែម្តង​ពីព្រោះ​រដ្ឋាភិបាល​តួ​ក​គី​យល់ថា សាលា​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​រដ្ឋប្រហារ​បរាជ័យ​កាលពី​ថ្ងៃទី ១៥ ខែកក្កដា កន្លងមក​។​

​ត្រង់ចំណុច​នេះ​នាយក​សាលា​អន្ដរជាតិ​ហ្សា​ម៉ាន់​លោក Gurkan Cil ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​បង្ហាញ​ភស្តុតាង​សិន មុននឹង​ចោទប្រកាន់​សាលា Zaman ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​សមាជិក​ចលនា​អន្តរជាតិ​របស់លោក Fethullas Gulen ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​តួ​ក​គី​នេះ ។​

​កាលពី​ថ្ងៃទី ១៨ ខែកក្កដា លោក Ejder Klic ប្រធាន​ក្រុមហ៊ុន ហ្សា​ម៉ាន់​Co.,Ltd បានចេញ​សេចក្តីថ្លែងការណ៍ បដិសេធ​នឹង​ការចោទប្រកាន់​របស់​ឯក​អគ្គរដ្ឋទូត​តួ​គី​ប្រចាំ​នៅ​កម្ពុជា មកលើ​សាលា​អន្តរជាតិ​ZAMAN ហើយ​ក្រុមហ៊ុន​របស់លោក ក៏​ថ្កោលទោស​អំពើ​រដ្ឋប្រហារ​នៅ​តួ​គី​នោះដែរ​។ បើតាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ លោក Ejder Klic ទទួលស្គាល់ថា ស្ថាបនិក​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ បានចាប់ផ្តើម​ស្ថាបនា​ដោយ​ផ្អែកលើ​ស្មារតី និង​ទស្សនៈវិស័យ​ពី​លោក ហ្វេ​ធូ​ឡា ហ្គូ​ឡិន​(Fethullas Gulen ) ពិតមែន​។ ប៉ុន្តែ​លោក ហ្គូ​លិ​ន មិនដែល​បាន​ចូលរួម​ក្នុង​ការងាររដ្ឋបាល ឬ​ជា​ម្ចាស់​ស្របច្បាប់​ណាមួយ​របស់​សាលា​ហ្សា​ម៉ាន់​ឡើយ​។

​ជុំវិញ​ការចោទប្រកាន់​គ្នា​រវាង​រដ្ឋាភិបាល​តួ​គី និង​សាលា Zaman នេះ រដ្ឋាភិបាល​កម្ពុជា​មិនទាន់​អាច​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន បាន​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ សុន្ទរី ធ្លាប់​ប្រាប់​អ្នកកាសែត​កន្លងមក​ថា ក្រសួង​នឹងធ្វើ​ការពិនិត្យ​ពិចារណា​នូវ​សំណើ​នេះ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​៕


Tag:
 Zaman
  តួ​ក​គី​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com