ជាតិ
មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា នឹង​ជជែក​គ្នា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្តិសុខ​
02, Sep 2016 , 10:29 am        
រូបភាព
hun_sen(រូបភាពពីហ្វេកប៊ុកសម្តេច ហ៊ុន សែន ពេលសម្តេចបំពេញបេសកកម្មនៅក្រៅប្រទេស កាលពីពេលកន្លងទៅ។)
hun_sen(រូបភាពពីហ្វេកប៊ុកសម្តេច ហ៊ុន សែន ពេលសម្តេចបំពេញបេសកកម្មនៅក្រៅប្រទេស កាលពីពេលកន្លងទៅ។)
 
 
​កិច្ចប្រជុំ​កំពូល​ជាង​១០ នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ​ចាប់ពី​ថ្ងៃទី​៦ ដល់ទី​៨ ខែកញ្ញា​ខាងមុខនេះ​។ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ទាំងនោះ ថ្នាក់ដឹកនាំ​អាស៊ាន និង​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន នឹង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិកា​លើ​វិស័យ​ដ៏​ទូលំទូលាយ ក្នុង​បំណង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ជាង​មុន​ថែមទៀត នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បញ្ហា​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​នៅក្នុង និង​ក្រៅ​តំបន់ ដូចជា​សន្តិសុខ​លំហរ​សមុទ្រ ភេរវកម្ម ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ផ្សេងទៀត​។​

 
​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក មាន​ទាំង​អាមេរិក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី​ជាដើម នឹង​ជួបជុំគ្នា នៅក្នុង​កិច្ចប្រជុំ​កំពូល​ជាង​១០ ដែល​នឹងត្រូវ​រៀបចំ នៅក្នុង​ក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ ចាប់ពី​ថ្ងៃទី​៦ ដល់ទី​៨ ខែកញ្ញា​។ បើ​ផ្អែក​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ​នៅ​ថ្ងៃទី​១ ខែកញ្ញា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ទាំង​នោះដែរ​។  
 
​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​អាស៊ាន និង​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន នឹង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិកា​លើ​វិស័យ​ដ៏​ទូលំទូលាយ ក្នុង​បំណង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ ជាង​មុន​ថែមទៀត នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​បញ្ហា​ពាក់ព័ន្ធ​នឹង​លើ​វិស័យ​សន្តិសុខ នៅក្នុង និង​ក្រៅ​តំបន់ ដូចជា​សន្តិសុខ​លំហរ​សមុទ្រ ភេរវកម្ម ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ផ្សេងទៀត​ដែលមាន​ការយកចិត្តទុកដាក់​ជារួម​។​
 
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល  កិច្ចប្រជុំ​ទាំងនោះ​រួមមាន​៖១. កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨ និង​ទី​២៩​។ ២. កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី លើក​ទី​២ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ពីរ​ឆ្នាំ​ម្តង​លើក​ទី​១ ។ ៣. កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៩ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​។ ៤. កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១៤ ។ ៥. កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​១៩ ។ ៦. កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១៨ ។ ៧. កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​៨ ។ ៨. កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៤ ។ ៩. កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​១៩ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១១ ។ 
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បន្ត​ឲ្យ​ដឹង​ទៀតថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ នឹង​ពិនិត្យឡើងវិញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ នៃ​សរសរ​ស្តម្ភ​ទាំងបី គឺ​សហគមន៍​នយោបាយ និង​សន្តិសុខ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​។  
 
​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៨ និង​ទី​២៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ សម្តេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​អាស៊ាន​ដទៃទៀត នឹង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី​«​អាស៊ាន​មួយ ការឆ្លើយតប​មួយ​៖​ការឆ្លើយតប​របស់​អា​ស៊ាន​មួយ ទៅនឹង​គ្រោះមហន្តរាយ​ជា​ផ្នែក​មួយ​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​»​។ នេះ​បើតាម​ក្រសួងការបរទេស​កម្ពុជា ដែល​បន្តទៀតថា នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ចំនួន​២​ទៀត គឺ​កិច្ចប្រជុំ​កំពូល​វិនិយោគ និង​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០១៦ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​៨ ។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី នាយ​រដ្ឋមន្ត្រី និង​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន​ផងដែរ​៕
 
 

Tag:
 អាស៊ាន​
 ​ ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com