ពីនេះ ពីនោះ
ពាក្យ​«​ប៉ិ​» មនុស្ស​ចាស់​, យុវវ័យ​, និង​គូសង្សារ​ឲ្យ​អត្ថន័យ​ខុសៗ​គ្នា
03, Sep 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ភាសា​និយាយ​របស់​យុវវ័យ​បច្ចុប្បន្ននេះ ពាក្យ​ថា​«​ប៉ិក​»​ហាក់​មានការ​ពេញនិយម​ប្រើ ទាំង​សរសេរ និង​និយាយ​។  តើ​ពាក្យ​នេះ​មាន​អត្ថន័យ​បែបណា​នៅក្នុង​ការប្រើប្រាស់​របស់​យុវវ័យ​, មនុស្ស​ចាស់​, គូសង្សារ និង​វចនានុក្រម​ខ្មែរ​?


​ពាក្យ​«​លើស​ហើយ​ប៉ិ​», «​ប៉ិ​ខ្ញុំ​ឈឺ​ហើយ​», «​ប៉ិ​ខ្ញុំ​ផឹក​ទៀតហើយ​», «​ល្មមៗ​ហើយ​ប៉ិ​», «​កុំ​យំ​ប៉ិ​», «​កុំ​ខឹង​ប៉ិ​», «​ទៅណា​ប៉ិ​», «​ស្រឡាញ់​ប៉ិ​ណាស់​», «​អា​ប៉ិ​ឯង​ធ្វើ​អី​»,...​ជាដើម​គឺជា​ពាក្យ ដែល យុវវ័យ កំពុង​ប្រើប្រាស់​យ៉ាង​ពេញនិយម​។ 
 
​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា​«​ប៉ិ​» នេះ​គឺ​ពុំមាន​សរសេរ​នៅក្នុង​វចនានុក្រម​ខ្មែរ​នោះទេ​។ ប៉ុន្តែ មាន​ពាក្យ​មួយ​ដែលមាន​សូរ​អាន​ស្រដៀង​ពាក្យ​«​ប៉ិ​»​នេះ គឺ​ពាក្យ «​ប៉ិក​» ដែល​មានន័យថា សូរ​ឮ​ដោយ​គោះ​បន្ទះ​ឫស្សី​ជាដើម​។ សំឡេង​សូរ ប៉ិៗ​។ 
 
​ប៉ុន្តែ​ពាក្យ​ថា​«​ប៉ិ​»​នេះ​បែរជា​មានន័យ​ផ្សេងៗ​គ្នា នៅក្នុង​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​មួយចំនួន និង​ស្រទាប់​យុវវ័យ​។ 
 
​ពាក្យ​ថា​«​ប៉ិ​»​នេះ បើ​សម្រាប់​យុវវ័យ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ប្រើ​ក្នុងន័យ​ដើម្បី​បញ្ចាក់​ពី​ភាព​ស្និទ​ស្នាល​រវាង​មិត្តភក្តិ ឫ​អ្នក​ជុំវិញខ្លួន ដោយ​យកពាក្យ​«​ប៉ិ​»​នេះ​ជំនួស​នាមសព្ទ​។ ឧទាហរណ៍ៈ «​ល្មមៗ​ហើយ​សម្បត្តិ​» ប៉ុន្តែ​យុវវ័យ​ប្រើ​ជំនួស​ទៅជា​«​ល្មមៗ​ហើយ​ប៉ិ​»​ដោយ​យកពាក្យ​ប៉ិ​នេះ​ទៅ​ជំនួស​ឈ្មោះ «​សម្បត្តិ​»​ទៅវិញ ដែល​ឃ្លា​នេះ​ស្ដាប់ទៅ​មាន​អារម្មណ៍​ថា​ស្និត​ស្នាល​។ 
 
​ចំណែក​គូសង្សារ គេ​ប្រើពាក្យ​នេះ​ដើម្បី​បង្ហាញ​ពី​កម្រិត​ស្រឡាញ់​របស់ខ្លួន និង​ក្នុងន័យ​ជំនួស​ភាព​អៀនខ្មាស់​។ ឧទាហរណ៍​ថា​៖ «​បង​កុំ​ធ្វើបាប​ចិត្ត​អូន​ណា​!» ជំនួស​ទៅជា​«​ប៉ិ​កុំ​ធ្វើបាប​ចិត្ត​អូន​ណា​!»​ជាដើម ដែល​ឃ្លា​នេះ​និយាយ​ទៅធ្វើ​ឲ្យ​មិនសូវមាន​អារម្មណ៍​អៀនខ្មាស់​។ 
 
​ប៉ុន្តែ​សម្រាប់​ប្ដី​ប្រពន្ធ​តាម​តំបន់​និគម ជនបទ ក៏មាន​ប្រើពាក្យ​នេះ​ផងដែរ ក្នុងន័យ​ជំនួស​ឲ្យ​ការហៅ​ឈ្មោះ​ប្ដី ឬ​ឈ្មោះ​ប្រពន្ធ​របស់ខ្លួន​។ ឧទាហរណ៍ៈ «​តា​ប៉ិ​ញ្ចា​ស់​», «​យាយ​ប៉ិ​», «​តា​ប៉ិ​», «​ប៉ិ​អើយ​...»​។ ពាក្យ​នេះ សម្រាប់​មនុស្ស​ចាស់​លោក​គិតថា​ប្រើ​សម្រាប់តែ​ប្ដី​ប្រពន្ធ​នោះទេ តែបើ​ឲ្យ​គាត់​ដឹងថា យុវវ័យ​ប្រើ​ប្រហែលជា​គាត់​សើច​ជាមិនខាន​។ 
 
​ផ្ទុយ​មកវិញ សម្រាប់​អ្នក​ជាប់សែស្រឡាយ​ចិន ពាក្យ​ថា​«​ប៉ិ​»​នេះ គឺ​មានន័យថា អ៊ុំ តែ​អ៊ុំ នោះ​គឺ​ត្រូវជា​បងប្រុស​របស់​ឪពុក ទើប​ហៅ «​ប៉ិ​»​បាន​។ 
 
​ជារួម​មក ពាក្យ​នេះ​មានន័យ​បែបណា តាម​បរិបទ​បែបណា ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​បែបណា គឺជា​រឿង​មួយ​។ ប៉ុន្តែ​ដោយសារ​ពាក្យ​នេះ​ស្ថិតក្នុង​បរិបទ​ថ្មី ការប្រើប្រាស់​មាន​អត្ថន័យ​ផ្សេងៗ​គ្នាច្រើន ដែល​វចនានុក្រម​ក៏​មិនបាន សរសេរ និង​ពន្យល់​បកស្រាយ ហេតុនេះ វា​ក៏​ជាការ​កត់សម្គាល់​មួយ​ដើម្បី​ពិចារណា​ថា តើ​ពាក្យ​នេះ គួរ​បញ្ចូល​ក្នុង​វចនានុក្រម ដោយ​ពន្យល់​តាម​អត្ថន័យ​បច្ចុប្បន្ននេះ​ឬក៏​អត់​? នោះ​គឺជា​ជំហាន​បន្ទាប់​ដែល​អ្នកជំនាញ​ផ្នែក​ភាសាវិទ្យា​ជា​អ្នកសម្រេច​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com