ពីនេះ ពីនោះ
តើ​ធ្វើ​ដូចម្តេច​ទើប​បុគ្គល​ម្នាក់​មានឱកាស​ល្អ និង​មានតម្លៃ​ខ្ពស់​?
03, Sep 2016 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មនុស្ស​ជាច្រើន មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​បរទេស​ទេ តែងតែ​ចង់បាន​ឱកាស និង​ចង់​ឲ្យ​ខ្លួនឯង​មានតម្លៃ មានន័យថា ចង់​ឲ្យ​គេ ផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង​។ តើ​គេ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ខ្លួនឯង​មានឱកាស និង​មានតម្លៃ​?


 
​នេះ គឺជា​សំណួរ​ដែល​អ្នកខ្លះ​ឆ្លើយ​យ៉ាងខ្លី​ថា ចូរ​កុំ​រង់ចាំ​ឱកាស​ឲ្យ​សោះ ដើម្បី​ជោគជ័យ​។ បុគ្គល​ម្នាក់ៗ ត្រូវ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង មុននឹង​អ្នកដទៃ​ផ្តល់ឱកាស​ល្អ​ឲ្យ​យើង​។ ឧទាហរណ៍​ថា បុគ្គល​«​ក​»​ចង់​ទទួលបាន​ការងារ​ក្នុង​ជំនាញ​អ្វីមួយ​ដែល​ល្អ បុគ្គល​«​ក​»​នោះ ពេលខ្លះ ត្រូវធ្វើ​ការ​ឲ្យ​នរណាម្នាក់ ក្នុង​រយៈពេល​ណាមួយ​ដោយ​មិន​យក​កម្រៃ​ដើម្បី​ឲ្យ​អ្នកផ្សេង​មើលឃើញ​ពី​សមត្ថភាព​របស់ខ្លួន​។ នេះហើយ គឺជា​ការបង្កើត​ឱកាស​ដោយ​ខ្លួនឯង​។ 
 
​ឧទាហរណ៍​មួយទៀត​ទាក់ទង​នឹង​ឱកាស​ដដែល ប្រសិនបើ បុគ្គល​«​ក​»​ដដែល​ចង់​មានឱកាស​ក្នុង​អាជីព​ទីផ្សារ និង​លក់​ឲ្យ​កាន់តែ​ធំ លុះត្រាតែ​បុគ្គល​នោះ រៀន​ជំនាញ​នេះ​ឲ្យ​ប្រាកដ និង​ចេះ​ឲ្យ​លើស​អ្នកដទៃ ទើប​អ្នកដទៃ​សរសើរ និង​អ្នកដទៃ​(​ថៅកែ​)​បើកឱកាស​ឲ្យ​បុគ្គល​«​ក​»​កាន់តែច្រើន​បន្ថែមទៀត​។ 
 
​ទាក់ទង​រឿង​តម្លៃ​វិញ បុគ្គល​ដែល​ចង់បាន​តម្លៃ ឬ​ចង់​ឲ្យ​អ្នកដទៃ​ផ្តល់​តម្លៃ​ឲ្យ​ខ្លួន លុះត្រាតែ​បុគ្គល​នោះ ចេះ​បង្កើត​តម្លៃ​ឲ្យ​ខ្លួនឯង​ជាមុនសិន​។ ឧទាហរណ៍ បុគ្គល «​ខ​» មិនអាច​ត្រូវបាន​គេ​សរសើរ​ថា​គាត់​ពូកែ​ភាសា​អង់គ្លេស​ឡើយ ប្រសិនបើ​បុគ្គល​នោះ មិនបាន​បង្កើត​តម្លៃ​ឲ្យ​ខ្លួនឯង ដោយ​រៀន​ភាសា​អង់គ្លេស​ឲ្យ​ចេះ​ផង​នោះ​។ 
 
​សរុបសេចក្តី​មក បុគ្គល​ដែល​ចង់​មានឱកាស និង​ចង់​មានតម្លៃ ត្រូវតែ​ចេះ​បង្កើត​ឱកាស និង​បង្កើត​តម្លៃ​ឲ្យ​ខ្លួនឯង មុននឹង​ឲ្យ​អ្នកដទៃ​ផ្តល់​តម្លៃ និង​ផ្តល់ឱកាស​ឲ្យ​ខ្លួនឯង​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com