ជាតិ
សង្គមជាតិ
អាជ្ញាធរ​ផ្ដល់​ទីតាំង​ថ្មី​ដល់​ពលរដ្ឋ​១៣​គ្រួសារ ដើម្បី​ស្ដារ​ព្រែក​បារាំង​ក្នុង​ខណ្ឌ​ច្បារអំពៅ​
03, Sep 2016 , 9:51 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣​ខែកញ្ញា អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​ផ្ដល់​ដី​លើ​ទីតាំង​ថ្មី​ជូន​ពលរដ្ឋ​ទាំង ១៣​គ្រួសារ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដែល​រស់នៅ​ជាប់​ព្រែក​បារាំង ដែល​អាជ្ញាធរ​កំពុងធ្វើការ​អភិវឌ្ឍ​ន៍​នៅ​ទីកន្លែង​នោះ​។​



​បន្ទាប់ពី​សើ្ន​សុំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក នៅថ្ងៃនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានផ្ដល់​ទីតាំង​ថ្មី​ជូន​ពលរដ្ឋ​ទាំង​១៣​គ្រួសារ​។ ការស្នើ​របស់​ប្រជាពលរដ្ឋ​ធ្វើឡើង ស្រប​ពេលដែល​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ លើក​គម្រោង​ស្ដារ និង​ពង្រីក​ព្រែក​បារាំង ដែលមាន​លំនៅឋាន​ប្រជាពលរដ្ឋ​នៅលើ​ជាប់​ព្រែក​នោះ​។ អ្នកស្រី ផុន សុផល ជា​ប្រជាពលរដ្ឋ​ម្នាក់ ក្នុងចំណោម​ពលរដ្ឋ​ទាំង​១៣​គ្រួសារ​នោះ ឲ្យ​ដឹងថា ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ព្រែក​បារាំង បានស្នើរ​សុំ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​២០១២ ដើម្បី​ផ្ដល់​ដំណោះស្រាយ​សមស្រប​ដល់​ពួកគាត់​។ ហើយ​ជា​លទ្ធផល នៅថ្ងៃនេះ អាជ្ញាធរ​បានផ្ដល់​ទីតាំង​ថ្មី ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់ ដោយ​មួយ​គ្រួសារ​ទទួលបាន​ដី​ទំហំ​ក្បាល ៤,៥​ម៉ែត្រ និង​បណ្ដោយ ១៤​ម៉ែត្រ​។​
 
​បើតាម​អ្នកស្រី សុផល ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​ផ្សេងទៀត ឲ្យ​បាន​សមស្រប ដើម្បី​អាច​ឲ្យ​ពួកគាត់​រស់នៅ​បាន​សម​រម្យ​។ អ្នកស្រី​ប្រាប់ទៀតថា សូម​អាជ្ញាធរ​ទុកពេល​ដល់​ខែប្រាំង ដើម្បី​អាច​ពួកគាត់ អាច​រុះរើ​ទៅ​នៅ​ទីតាំង​ថ្មី ដោយ​មិនមាន​បញ្ហា​អ្វី​។ អ្នកស្រី​មានប្រសាសន៍​ដូចនេះ​ថា​៖«​ឥឡូវ​ខែ​ភ្លៀង បើ​ចាំ​ដល់​ប្រាំង​គឺ​ល្អ​។  ហើយ​បើ​រុះរើ​ផ្ទះ​ទៅ​កន្លែង​ថ្មី ត្រូវការ​លុយកាក់ យើង​ត្រូវការ​រកលុយ​ពេលនេះ​»​។ 
 
​លោក ណុប ថា អភិបាលរងខណ្ឌ​ច្បារអំពៅ មានប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃទី ៣ ខែកញ្ញា អាជ្ញាធរ​ខណ្ឌ​បានរៀបចំ​ឲ្យ​ពលរដ្ឋ​ទាំងនោះ ចាប់ឆ្នោត​រើស​ក្បាលដី​សម្រាប់​គ្រួសារ​នីមួយៗ ហើយ​អាជ្ញាធរ​តម្រូវ​ឲ្យ​គ្រួសារ​ទាំងនេះ ប្ដូរ​ទៅ​ទីតាំង​ថ្មី​ក្នុង​ខែវស្សា​នេះ ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ព្រែក​បារាំង​នេះ​។ តែ​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​អាជ្ញាធរ​គិតគូរ​ពី​ពលរដ្ឋ មិន​ចេះតែ​ដេញៗ​ទេ យើង​នឹងមាន​វិធី​ដោះស្រាយ​ជាមួយ​ពួកគាត់​។ បើតាម​លោ​អភិបាលរងខណ្ឌ​រូបនេះ អាជ្ញាធរ​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​នៅ​ទីតាំង​ថ្មី​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ចូលទៅ​រស់នៅ​បាន​ឆាប់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com