ពីនេះ ពីនោះ
ហេតុអ្វី​បានជា​ពាក្យ « Brand» បែរជា​មក​ពេញនិយម​ក្នុងពេល​បច្ចុប្បន្ន​?
04, Sep 2016 , 7:54 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​« Brand» មានន័យ​ជា​ភាសា​ខ្មែរ​ថា ម៉ាក ឬក៏ យីហោ​។ ចំណែក​ពាក្យ​«​យីហោ​»​នេះ វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា គ្រឿង​សម្គាល់​, នាម​ដែល​តាំង​ជា​សម្គាល់​របស់​ឈ្មួញ​, ក​រ្តិ៍​ឈ្មោះ​ក្នុងការ​ជួញៈ មាន​យីហោ​, អាប់​យីហោ​, ខូច​យីហោ បាត់​យីហោ ជាដើម​។​


​ប៉ុន្តែ ហេតុអ្វី​បានជា​ពាក្យ​នេះ យុវវ័យ​ចូលចិត្ត​ប្រើ​ទាំង​ការសរសេរ និង និយាយ​ក្នុងពេល​បច្ចុប្បន្ន​? ឧទាហរណ៍ៈ ខ្ញុំ​ប្រើ​របស់ Brand, ខ្ញុំ​ចូលចិត្ត​ប្រើ​របស់ Brand, ទំនិញ Brand ទើប​មាន​គុណភាព​...​។ 
​ជាទូទៅ​ការប្រើ​ពាក្យ​នេះ​មិនមែន ជា​រឿង​ដែល​នាំ​ឲ្យ​មាន​កំហុស​នោះទេ​។ ព្រោះ​ជាទូទៅ​ប្រភេទ​ទំនិញ​ដែលមាន Brand (​យីហោ​) គឺ​ភាគច្រើន​ជា​ទំនិញ​មានតម្លៃ ហើយ​មានគុណ​ភាពល្អ អាច​រហូតដល់​មានការ​ធានា​ពី​គុណភាព​ទំនិញ​ទៀតផង​។ 
 
​ប៉ុន្តែ បន្ថែម​មួយផ្នែក​នៃ​ការសង្កេត​វិញ គេ​មើលឃើញថា ភាគច្រើន​នៃ​អ្នក​ដែល​ប្រើពាក្យ Brand នេះ​គឺមាន​ទំនោរ​ផ្នែក​អារម្មណ៍​មួយ​គឺ​ចង់បង្ហាញ​ពី​អំនួត និង​ភាពទាន់សម័យ​របស់ខ្លួន​។ ចំណែក​មួយចំនួន​វិញ គឺ​ប្រើ​ក្នុងន័យ​បង្កើន​តម្លៃ​ខ្លួនឯង ហើយ​បន្ទាប​តម្លៃ​អ្នកដទៃ​។ ឧទាហរណ៍​៖ ខ្ញុំ​មិន​ប្រើ​របស់​ដែល​គ្មាន Brand ទេ​។ ឃ្លា​នេះ ស្ដាប់​ហើយ​អ្នក​ដែល​នៅក្បែរ​ខ្លួន​ប្រាកដ​ជាមាន​អារម្មណ៍​ថា ខ្លួន​អន់​ជាដើម​។ 
 
​ជា​ឥទ្ធិពល​ផ្នែក​អារម្មណ៍ ពាក្យ​នេះ បើ​ប្រើ​មិន​ស្រួល អាចធ្វើ​ឲ្យ​មានការ​គិត​បែប​អវិជ្ជមាន​មួយ គឺ​ការរើសអើង ដែល​វា​អាច​នាំ​ឲ្យ​មាន​គម្លាត​ស្មារតី​មិត្តភក្តិ​៕
​ដកស្រង់​មួយផ្នែក​ពី​៖ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​
 

© រក្សាសិទ្ធិដោយ thmeythmey.com