អន្តរជាតិ
ក្រុម​រដ្ឋ​ឥស្លាម​ទាមទារ​ការទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​រា​ប​សិប​នាក់​
07, Sep 2016 , 7:59 am        
រូបភាព
ដោយ: VOA
​ការផ្ទុះ​គ្រាប់បែក​មួយចំនួន ដែល​បាន​ត្រូវ​អះអាង​ទាមទារ​ការទទួលខុសត្រូវ​ដោយ​ពួក​រដ្ឋ​ឥស្លាម បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងតិចណាស់​៤៨​នាក់​ស្លាប់ និង​បានធ្វើឱ្យ​មនុស្ស​រាប់សិប​នាក់​ទៀត​ត្រូវរបួស​ក្នុងប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ចន្ទ មួយថ្ងៃ​ក្រោយពី​ពួក​ជន​សកម្មប្រយុទ្ធ​នេះ​បាន​បាត់បង់​ផ្នែក​ចុងក្រោយបង្អស់​នៃ​ព្រំដែន​រវាង​ប្រទេស​ស៊ី​រី និង​ប្រទេស​តួ​ក​គី ដែល​ពួកវា​បាន​ត្រួតត្រា​។​



​ការផ្ទុះ​គ្រាប់បែក​ទាំងនេះ​បាន​កើតមានឡើង​នៅក្នុង​ក្រុង Homs និង​ក្រុង Tartus ដែល​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ក្រុង Hasakeh កាន់កាប់​ដោយ​ពួក Kurde និង​តំបន់​ស្រុកស្រែ​នៅ​ជិត​ក្រុង Damas​។​

​លោក Rami Abdel Rahman នាយក​អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលមាន​បណ្តាញ​ទំនាក់ទំនង​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយថា​៖ «​ជាការ​ពិត ការវាយប្រហារ​ទាំងនេះ​បាន​កើតមានឡើង​នៅពេល​ជាមួយគ្នា​ហើយ​បាន​យក​ប៉ុស្តិ៍​សន្តិសុខ​ជាទី​ដៅ​នៃ​ការវាយប្រហារ​»​។​

​ការវាយប្រហារ​ដ៏​ប្រល័យ​បំផុត​បាន​កើតមានឡើង​នៅក្នុង​ក្រុង Tartus ដែល​នៅ ទីនោះ ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា ការ​បំផ្ទុះ​គ្រាប់់បែក​ពីរ​ដោយ​ពួក​ភេរវជន​នៅលើ​ស្ពាន Arzuna បាន​នាំឱ្យ​មនុស្ស​យ៉ាងតិចណាស់​៣៥​នាក់​ស្លាប់ និង​ធ្វើឱ្យ​មនុស្ស​៤៣​នាក់​ទៀត​រងរបួស​។ សេចក្តីរាយការណ៍​នេះ​ចែងថា ការផ្ទុះ​ទីមួយ​បាន​បណ្តាលមកពី​គ្រាប់បែក​នៅក្នុង​ឡាន​មួយគ្រឿង​ហើយ​ការផ្ទុះ​ទី​ពីរបាន​ធ្វើឡើង​ដោយ​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​ដែល​បាន​បំផ្ទុះ​គ្រឿងផ្ទុះ របស់គាត់​នៅពេល​ដែលមាន​មនុស្ស​ទៅ​ជួយ​ពួក​អ្នក​ត្រូវរបួស​។​

​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី ដែលមាន​ភាពសាំញ៉ាំ​ដោយសារ​ការគាំទ្រ​របស់​ស​.​រ​.​អា​.​និង​ប្រទេស​រុស្ស៊ី​ដល់​ភាគីប្រឆាំង​គ្នា​បាន​បណ្តាលឱ្យ​មនុស្ស​ជាង​២៩០.០០០​នាក់​ស្លាប់ ហើយ​បាន​បង្ខំ​ឱ្យ​ប្រជារាស្ត្រ​ស៊ី​រី​រាប់លាន​នាក់​ចាក​ចេញពី​ផ្ទះសំបែង​ពួកគេ​ចាប់​តាំង​ពិ​ខែមីនា​ឆ្នាំ​២០១១​មក​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com