អន្តរជាតិ
ចិន បន្ទោស​អាមេរិក​និង​អ្នកកាសែត រឿង​ប្រទាំង​ប្រទើស​នៅ​ព្រលានយន្តហោះ​
06, Sep 2016 , 8:19 pm        
រូបភាព
​បន្ទាប់ពី​ហេតុការណ៍​ប៉ះទង្គិច​នៅ​ព្រលានយន្តហោះ​ក្រុង​ហាង​ចូ​វរ​វាង​មន្ត្រី​ចិន និង​មន្ត្រី​អាមេរិក ក៏ដូចជា​បែបបទ​ពិធីការ​ទទួល​មិន​សមរម្យ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដាក់​កំហុស​នេះ​លើ​សហរដ្ឋអាមេរិក និង​អ្នកកាសែត​។ ទីប្រឹក្សា​សន្តិសុខ​អាមេរិក លោកស្រី Susan Rice បាន​ប៉ះ​សំដី​គ្នា​មួយ​ប្រាវ​ជាមួយ​មន្ត្រី​ចិន ខណៈ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកដល់​ទីក្រុង​ហាង​ចូ​វ ដើម្បី​ចូលរួម​ប្រជុំ G-20​។​



​ប្រទេស​ចិន នៅ​ថ្ងៃទី​៥ ខែកញ្ញា បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​មន្ត្រី​អាមេរិក និង​ក្រុមអ្នកកាសែត ជុំវិញ​ជម្លោះ​ក្ឌុង​ក្ឌាំង​នៅ​ព្រលានយន្តហោះ​ហាង​ចូ​វ រវាង​មន្ត្រី​អាមេរិក និង​មន្ត្រី​ចិន​។ ក្រៅពី​ការ​ប៉ះ​ពាក្យសំដី គេ​ក៏​មិនឃើញ​មាន​កម្រាលព្រំ​ក្រហម​លើ​ផ្ទៃដី​ដែរ ហើយ​លោក អូ​បា​ម៉ា ត្រូវ​ដើរ​លើ​ផ្ទៃ​កៅស៊ូ​ព្រលានយន្តហោះ​ទៅកាន់​រថយន្ត​របស់លោក ដែល​ខុសពី​មេដឹកនាំ​ពិភពលោក​ដទៃទៀត ដែល​ត្រូវ​ម្ចាស់ផ្ទះ​ចិន ទទួល​យ៉ាង​កក់ក្ដៅ​។​

​ការទម្លាក់​កំហុស​នេះ ធ្វើឡើង​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅពេល​ត្រូវ​អ្នកកាសែត​សួរថា ការដែល​ចិន​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ G-20 មិនបាន​ផ្ដល់​ជណ្ដើរ​សម្រាប់​លោក អូ​បា​ម៉ា ជាការ​មើលងាយ​បែប​ការទូត ឬ​យ៉ាងណា​។ ថ្លែងប្រាប់​អ្នកកាសែត លោកស្រី និយាយថា ប្រសិន​អាមេរិក គោរព​ការរៀបចំ​របស់​ចិន​នោះ អ្វីៗ​ក៏​មិន​កើតឡើង​ដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuteres អ្នកនាំពាក្យ​រូបនេះ​បន្តថា មេដឹកនាំ​ប្រទេស​ដទៃ​សុទ្ធតែ​ប្រើ​ជណ្ដើរ​ដែល​រៀបចំ​ដោយ​ចិន តែ​ហេតុអ្វី​បានជា​អាមេរិក​តែឯង មិន​ធ្វើ​ដូច​គេ ហើយ​ជណ្ដើរ​នោះ ជាការ​ស្នើសុំ​របស់​អាមេរិក​ទៅទៀត​។ បន្ថែម​ពីលើ​នោះ អ្នកនាំពាក្យ​ខាងលើ ក៏បាន​លើក​ជា​សំណួរ​វិញ​ថា ហេតុអ្វី​បានជា​ចិន​ត្រូវបង្កើត​បញ្ហា​ជាមួយ​អាមេរិក​នោះ ហើយ​អ្វីដែល​កើតឡើង​នោះ ក៏​មិនមែនជា​ធំដុំ​អ្វី​ឡើយ​។  

​ក្រៅពី​ដាក់​កំហុស​លើ​អាមេរិក អ្នកនាំពាក្យ​ដដែល​នេះ ក៏បាន​រិះគន់​សារព័ត៌មាន ដែល​មិន​គោរព​បទបញ្ញត្តិ​របស់​ចិន ក្នុងការ​កំណត់​ទីតាំង​ដែល​អ្នកកាសែត​ត្រូវ​ឈរ ដើម្បី​ថតរូប​លោក  អូ​បា​ម៉ា ចេញពី​យន្តហោះ​នោះ​។ មួយវិញទៀត  លោកស្រី Hua ក៏បាន​សរសើរ​អ្នកកាសែត​ប្រទេស​ផ្សេង ដែល​គោរព​បទបញ្ជា​បានល្អ​ទៀតផង​។​

​សូម​រម្លឹកថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ក្រុង​ហាង​ចូ​វ ដើម្បី​ចូលរួម​កិច្ចប្រជុំ G-20 បានចាប់ផ្ដើម​ឡើង​យ៉ាង​សោះអង្គើយ ដ្បិត​គ្មាន​កម្រាលព្រំ​ក្រហម គ្មាន​ជណ្ដើរ​យន្តហោះ សម្រាប់​ទទួល​ប្រមុខរដ្ឋ​អាមេរិក​ឡើយ​។ ហើយ​នៅពេល​ទៅដល់​ក្រុង​ហាង​ចូ​វ​ភ្លាម ទីប្រឹក្សា​សន្តិសុខ​អាមេរិក លោកស្រី Susan Rice និង មន្ត្រី​ចិន ដែល​ឈរ​ចាំ​ត្រៀម​ទទួល​លោក អូ​បា​ម៉ា ក៏​ទាស់សម្ដី​គ្នា​មួយ​ភ្លែត​ដែរ ដែល​បញ្ហា​ទាំងនេះ ត្រូវគេ​មើលឃើញថា ជាការ​បន្ទាប​កិត្តិយស​ប្រធានាធិបតី​អាមេរិក ដែលជា​មហាអំណាច​ពិភពលោក​៕


Tag:
 ចិន​
 ​ អាមេរិក​
  G-20
© រក្សាសិទ្ធិដោយ thmeythmey.com