អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ប្រាប់​ហ្វីលីពីន​កុំ​ឲ្យ​បំភ្លៃ​ស្ថានការណ៍​សមុទ្រ​ចិន​ខាងត្បូង​
07, Sep 2016 , 7:39 am        
រូបភាព
 
 
​ប្រទេស​ចិន បាន​ទាត់ចោល​ព័ត៌មាន​ជុំវិញ​ការសាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង (​ហ្វីលីពីន​ហៅថា​សមុទ្រ​ហ្វីលីពីន​ខាងលិច​) ដែល​ចេញផ្សាយ​ដោយ​ហ្វីលីពីន​។ ជាមួយនឹង​ការបដិសេធ​ព័ត៌មាន​ខាងលើ ក្រុង​ប៉េកាំង ក៏​ប្រាប់​ទៅ​ក្រុង​ម៉ានីល មិនត្រូវ​បំផ្លើស​បំភ្លៃ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ដ្បិត​វា​អាច​នាំ​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​។​

 
​ក្នុងការ​សង្ខេប​ព័ត​មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​៥ ខែកញ្ញា បាន​បដិសេធ​របាយការណ៍​ថា ខ្លួន​បានចាប់ផ្ដើម​សាងសង់​សំណង់​រឹងមាំ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​ជាមួយ​សមាជិក​បួន​រប​ស់អា​ស៊ាន​។ ទន្ទឹមគ្នា​នោះ មន្ត្រី​ចិន ក៏​ផ្ដាំ​ហ្វីលីពីន ឲ្យ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការ​បញ្ចេញ​ព័ត៌មាន​ខុសឆ្គង​ណាមួយ​ផងដែរ​។ 
 
​កាលពី​ថ្ងៃទី​២ ខែកញ្ញា ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte និយាយថា លោក​បានទទួល​ព័ត៌មាន​ចារកម្ម​ដែល​មិន​ច្បាស់លាស់​មួយ​បង្ហាញ​ពី​វត្តមាន​កប៉ាល់​ដឹកទំនិញ​នៅ​ម្ដុំ​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ហើយ​ថែមទាំង​បានចាប់ផ្ដើម​ដំណើរការ​សាងសង់​ជា​លើកដំបូង​។ យោងតាម​សារព័ត៌មាន Rappler លោក Duterte ទំនង​សួរ​ក្រុង​ប៉េកាំង លើ​បញ្ហា​នេះ ប្រសិនបើ​ហ៊ាន​ទាមទារ​តំបន់​នេះ ផ្ទុយ​ពី​ការសម្រេច​របស់​តុលាការអន្តរជាតិ​។ 
 
​បន្ថែម​ពីលើ​ការអះអាង​របស់​ប្រធានាធិបតី លោក Delfin Lorenzana ជា​រដ្ឋមន្ត្រី​ការពារជាតិ ក៏​អះអាង​ដែរ​ថា កងកម្លាំង​អាកាស​ហ្វីលីពីន បាន​ប្រទះឃើញ​កប៉ាល់​ឆ្មាំ​ការពារ​របស់​ចិន​ចំនួន​បួន​គ្រឿង នាវា​ដឹកទំនិញ​ពីរ​គ្រឿង ព្រមទាំង​កប៉ាល់​ដែល​សង្ស័យថា​ជា​របស់​យោធា ចំនួន​ពីរ​គ្រឿង​ទៀត នៅ​ថ្ងៃទី​៣ ខែកញ្ញា​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។​
 
​ជាការ​ឆ្លើយតប​នឹង​ព័ត៌មាន​ខាងលើ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying និយាយថា នាវា​ចិន តែងតែ​ល្បាត​នៅក្នុង​ដែនទឹក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងឡាយ​ចំណែក​ការនេសាទ​ត្រី ក៏​ធ្វើឡើង​ជាធម្មតា នៅ​បរិវេណ​នោះដែរ ហើយ​ស្ថានការណ៍​នៅ​តំបន់​នោះ ក៏​មិនមាន​អ្វី​ប្រែប្រួល​ដែរ​។ អ្នកនាំពាក្យ​ដដែល​បន្តថា ហ្វីលីពីន ក៏​មិនត្រូវ​ពន្លើស​ព័ត៌មាន ឬក៏​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះដែរ​។​
 
​សូមបញ្ជាក់ថា ប្រជុំ​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal គឺជា​ចំណុចក្ដៅ​នៃ​ជម្លោះ​ដែនដី​រវាង​ចិន និង​ប្រទេស​បួន​ទៀត​។ តំបន់​នេះ​មាន​ចម្ងាយ​តែ​២៣០​គីឡូ​ម៉ែត​ប៉ុណ្ណោះ ពី​កោះ Luzon​ហើយ​កំពុងតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​ចិន បន្ទាប់ពី​ការប៉ះទង្គិច​ក្នុង​ឆ្នាំ​២០១២​។ ដោយឡែក​សាលក្រម​តុលាការអន្តរជាតិ ថ្ងៃទី​១២ ខែកក្កដា ក៏​ទាត់ចោល​ការទាមទារ​រ​បស់​ចិន ហើយ​ការសាងសង់​កោះ​សិប្បនិម្មិត គឺជា​រឿង​ខុសច្បាប់ ប៉ុន្តែ​ក្រុង​ប៉េកាំង​តែងតែ​ប្រកាសថា ខ្លួន​មិន​ទទួលស្គាល​ការសម្រេច​នេះ​ទេ​៕
 
    
 
 

Tag:
 ចិន​
 ​ហ្វីលីពីន​
 ​ សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com