ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ត្រៀម​ជួយ​កម្ពុជា​ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ស្វ័យប្រវត្តិ Yurikamome
07, Sep 2016 , 8:39 pm        
រូបភាព
​តូ​ក្យូ​-​ជប៉ុន​៖ Yurikamome គឺជា​រថភ្លើង​ស្វ័យប្រវត្តិ​ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរ​ចាប់ពី​ឆ្នាំ​១៩៩៥​មក​នៅលើ​កោះ​សិប្បនិម្មិត Odaiba ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ មធ្យោបាយ​ដ៏​ធ្វើដំណើរ​ដ៏​ពេញនិយម​មួយ​នេះ បានរួម​ចំណែក​យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ហើយ​មន្ត្រី​មួយរូប​របស់​ជប៉ុន​បាន​បង្ហើប​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​ចង់​ដាក់​ដំណើរការ​រថភ្លើង​ប្រភេទ​នេះ​នៅ​កម្ពុជា​។​



​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ រថភ្លើង​ដើរ​ដោយ​ស្វ័យប្រវត្តិ «Yurikamome» ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​សត្វ​រំពេ​ក្បាល​ខ្មៅ​» ស្ថិត​ក្នុងចំណោម​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងទៀត ដែល​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។



​ផ្តួចផ្តើម​គំនិត​ឡើង​នៅ​ឆ្នាំ​១៩៨២ ដោយ​សាលាក្រុង​តូ​ក្យូ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Yurikamome Inc., រថភ្លើង​ដែល​ដើរ​ដោយ​ស្វ័យប្រវត្តិ Yurikamome បាន​ដំណើរ​ក្រោម​លើកដំបូង​បំផុត​នៅ​ឆ្នាំ​១៩៩៥ ក្រោម​ឈ្មោះថា «Tokyo Waterfront New Transit Waterfront Line» ហើយ​បាន​ប្តូរ​ឈ្មោះ​ទៅជា «Yurikamome» ចាប់ពី​ឆ្នាំ​១៩៩៨ មក​។​

 Yurikamome ត្រូវបាន​សាងសង់ឡើង​នៅ​កោះ​សិប្បនិម្មិត Odaiba ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​រង្វង់​ទឹកប្រាក់ ២១២.៧​ពាន់​លាន​យេន (​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយមាន​ការចូលរួម​ពី​សាលាក្រុង​តូ​ក្យូ ១៤៣.៧​ពាន់​លាន​យេន (១.៤២​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ក្រុមហ៊ុន Yurikamome ៦៩​ពាន់​លាន​យេន (០.៦៨​ពាន់​លាន​ដុល្លារ​អាមេរិក​)​។​

​កាលពី​ថ្ងៃទី​២ ខែកញ្ញា អ្នកយកព័ត៌មាន​កម្ពុ​ជា​៥​រូប ដែល​ទទួលបាន​ការអញ្ជើញ​ពី ក្រសួងការបរទេស​ជ​ប៉ុន និង​ក្រុមហ៊ុន​អាកាសចរណ៍ ANA បាន​ទៅ​សិក្សា​ស្វែងយល់​ពី​ដំណើរការ​រថភ្លើង Yurikamome ដ៏​ទំនើប​នេះ​។ អ្នកកាសែត​កម្ពុជា (​ពី​សារព័ត៌មាន​ថ្មីៗ ភ្នំពេញ​ប៉ុស្តិ៍  រស្មី​កម្ពុជា កម្ពុ​ជាថ្មី និង​ដើមអម្ពិល​) បានធ្វើ​ដំណើរ​ដោយផ្ទាល់​លើ​រថភ្លើង Yurikamome ដោយមាន​ការពន្យល់​ប​ង្ហា​ញ​ពី​សំណាក់​លោក Kawaguchi Izumi ប្រធានការិយាល័យ​ផែនការ​ដឹកជញ្ជូន​ក្នុង​ទីក្រុង នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​របស់​ជប៉ុន​។​



​លោក Kawaguchi Izumi បាន​បញ្ជាក់ថា Yurikamome ដែល​ប្រតិបត្តិការ​លើ​ចម្ងាយ​ផ្លូវ​១៥​គីឡូម៉ែត្រ និង​មាន​ស្ថានីយ៍​គោលដៅ​ចំនួន​១៦ ទទួលបាន​អ្នកដំណើរ​ជា​មធ្យម​១១​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ហើយ​រត់​បាន​ល្បឿន​៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​

​មន្ត្រី​ជប៉ុន​រូបនេះ បាន​អះអាងថា​៖ «Yurikamome ជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ពេញនិយម ដោយ​គ្មាន​ការព្រួយបារម្ភ​ចំពោះ​ការកកស្ទះ​ចរាចរណ៍​។ វា​មាន​កង់​កៅស៊ូ ដូចជា​រថយន្ត​ដែល​អាច​បត់បែន​ឡើង​ភ្នំ ចុះ​ភ្នំ បាន​។ នៅតាម​ស្ថានីយ៍​របស់ Yurikamome ពោរពេញ​ទៅដោយ​អាគារ ការិយាល័យ សហគ្រាស ទីផ្សារ​ធំៗ រួមទាំង​មានការ​រៀបចំ​ព្រឹត្តិការណ៍ ការតាំង​ពិ​ព័រ​ណ៌ និង​ពិធីបុណ្យ​ញឹកញាប់​»​។​

​លោក Izumi បាន​គូសបញ្ជាក់ថា រាល់ពេល​មានការ​រៀបចំ​ព្រឹត្តិការណ៍ ឬ​ពិធីបុណ្យ​នានា Yurikamome ទទួលបាន​អ្នកដំណើរ​រហូតដល់​ទៅជិត​៣០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។ រថភ្លើង​មួយគ្រឿង មាន​៦​ទូ ដែល​អាច​ផ្ទុក​អ្នកដំណើរ​៣០៦​នាក់​។



​លោក Izumi បាន​អះអាង​ប្រាប់​អ្នកកាសែត​កម្ពុជា​ថា រដ្ឋាភិបាល​របស់លោក​ត្រៀម​ជួយ​កម្ពុជា​ជានិច្ច​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ប្រភេទ Yurikamome នេះ ពី​កណ្តាល​រាជធានី​ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

«​យើង​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​អភិបាល​រាជធានី​ភ្នំពេញ​ផងដែរ​។ បច្ចុប្បន្ន ភ្នាក់ងារ JICA កំពុងតែ​សិក្សា ហើយ​ខ្ញុំ​រំពឹងថា អ្វីៗ​នឹង​ដំណើរការ​ទៅមុខ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Kawaguchi Izumi ។ ទាក់ទង​នឹង​ទឹកប្រាក់​វិនិយោគ អ្នកជំនាញ​ជប៉ុន​រូប​នេះ មិនមាន​វាយតម្លៃ​យ៉ាងណា​នោះឡើយ ពីព្រោះ​លោក​ចាំមើល​ផែនការមេ និង​ការស្ទង់មតិ​ជាមុនសិន​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពីពេល​ថ្មី​កន្លងមកនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​បង្ហើប​ផងដែរ​ថា ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ JICA កំពុង​សិក្សា​លើ​គម្រោង «​រថភ្លើង​ស្វ័យប្រវត្តិ​»​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ »។

​លោក​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ចង់​សម្រួលការ​ធ្វើដំណើរ​រប​ស់​ពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​រាជធានី​ដែល​កាន់តែ​កើនឡើង​។ ទោះបីយ៉ាងណា រដ្ឋាភិបាល​ពុំមាន​ផែនការ​ប្រាកដថា ត្រូវតែ​កសាង​រថភ្លើង​ស្វ័យប្រវត្តិ​នេះនោះ​ទេ​៕





















Tag:
 ​រថភ្លើង​ស្វ័យប្រវត្តិ​
  Yurikamome
  JapanTour
© រក្សាសិទ្ធិដោយ thmeythmey.com