ជាតិ
ក្រសួង​អប់រំ​ជ្រើសរើស​និស្សិត​​១៣០​នាក់ ស្នាក់នៅ​បណ្ដោះអាស​ន្ន​ក្នុង​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​
08, Sep 2016 , 8:39 am        
រូបភាព
 
​ក្រសួង​អប់រំ បាន​ជូនដំណឹង​ស្ដីពី​ការជ្រើសរើស​និស្សិត​នារី​មក​ស្នាក់នៅ​បណ្ដោះអាស​ន្ន នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ ចំនួន ១៣០​នាក់​។ ការ​ស្នាក់នៅ​នេះ ផ្ដល់​សម្រាប់​និស្សិត​នារី​ដែល​កំពុង​សិក្សា​ទាំង​អាហារូបករណ៍ និង​បង់ថ្លៃ​សិក្សា នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​នានា​ទាំងអស់​។​



​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ លក្ខខណ្ឌ​នៃ​ការជ្រើសរើស​និស្សិត​នារី​ចំនួន ១៣០​នាក់ ផ្តោតទៅលើ​និស្សិត​អាហារូបករណ៍ ឬ​បង់ថ្លៃ​កំពុង​សិក្សា​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ជាពិសេស និស្សិត​នារី​ក្រីក្រ និង​និស្សិត​នារី​ពិការ​មកពី​ខេត្ត​នានា ហើយ​បេ​ក្ខ​នារី​ទាំងអស់ ត្រូវ​នៅ​លីវ មាន​វិន័យ និង​សីលធម៌​ល្អ​។​
 
​សម្រាប់​បេ​ក្ខ​នារី​ដែលមាន​ចំណាប់អារម្មណ៍ អាច​យក​ពាក្យសុំ​ស្នាក់នៅ និង​ដាក់​ពាក្យសុំ​ស្នាក់នៅ​ដោយផ្ទាល់​ខ្លួន​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់ខ្លួន ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ដោយឡែក​ការប្រកាស​លទ្ធផល និង​បិទផ្សាយ​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី បន្ទាប់ពី​ការសម្រេច​របស់​គណៈកម្មកា​រ​ជ្រើសរើស​របស់​ក្រសួង​អប់រំ នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦​។​
 
​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​មាន​ទីតាំងនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហើយ​ផ្ដល់​សម្រាប់​និស្សិត​នារី​ឆ្នាំ​ទី​១ ឲ្យ​ចូលមក​ស្នាក់នៅ​ចំនួន ១៣០​នាក់​។ សម្រាប់​ព័ត៌មាន​បន្ថែម​បេ​ក្ខ​នារី​អាចទាក់ទង​តាម​ទូរ​សព្ទ័ ០១២ ៨៣៧ ៥០៤/ ០១១ ៧៤៥ ២៧៧៕

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com