អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ស្វាគមន៍​ការ​រះ​ត្រដែត​ឡើង​របស់​មហា​យក្ស​ចិន​
08, Sep 2016 , 9:19 am        
រូបភាព
 
​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ បាន​បញ្ជាក់ថា លោក​ស្វាគមន៍​ការ​រះ​ត្រដែត​ឡើង​របស់​មហា​យក្ស​ចិន​ដែល​អាច​នាំមក​នូវ​សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ក្នុងនាម​ជា​មហាអំណាច​មួយ​ដែលមាន​ទំនួល​ខុសត្រូវ​។ ហើយ​លោក​រំពឹងថា ប្រទេស​ផ្សេងទៀត​នឹង​ទទួលបាន​ប្រយោជន៍​ពី​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នេះដែរ​។​

 
​ស្រប​ពេលដែល​បណ្តា​សម្ព័ន្ធមិត្ត​អាមេរិក​និង​ប្រទេស​មួយចំនួនទៀត​នៅ​អាស៊ី​ប៉ា​ហ្វិ​ក​បារម្ភ​ពី​ការ​កើន​ឥទ្ធិពល​របស់​ចិន មេដឹកនាំ​អាមេរិក​បាន​ព្យាយាម​សម្រាល​ស្ថានការណ៍​និង​អះអាង​ឲ្យ​គ្រប់គ្នា​ទុកចិត្ត​ថា ការ​រះ​ត្រដែត​ឡើង​របស់​ចិន​មិន​បង្កបញ្ហា​ទេ​។​
 
១.​ឥទ្ធិពល​ចិន​កើនឡើង​ល្អ​ទេ​?
 
 ថ្លែង​សុន្ទរកថា​នៅ​នាទី​ក្រុង​វៀងចន្ទន៍​ថ្ងៃ ៦ កញ្ញា  លោក អូ​បា​ម៉ា បាន​លើកឡើងថា សហរដ្ឋអាមេរិក​ជឿជាក់ថា ការ​រះ​ត្រដែត​ឡើង​របស់​មហា​យក្ស​ចិន វា​នាំមក​នូវ​សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។ ហើយ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ក៏​អាច​ទាញ​ប្រយោជន៍​បាន​ពី​បញ្ហា​នេះដែរ​។​
 
«​សហរដ្ឋអាមេរិក​ស្វាគមន៍ ការ​រះ​ឡើង​របស់​ចិន​ដែលមាន​សន្តិភាព​, ស្ថិរភាព​, និង​មាន​វិបុលភាព ក៏ដូចជា​ក្លាយជា​មហាអំណាច​ដែលមាន​ទំនួល​ខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​អន្តរជាតិ​។ នេះ​ក៏​ព្រោះថា យើង​ជឿជាក់ថា វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​យើងទាំងអស់គ្នា​»​។​
 
​លោក អូ​បា​ម៉ា បាន​ពន្យល់ថា  ទោះបីជា​អាមេរិក​និង​ចិន​នៅ​បន្ត​មានការ​ខ្វែងគំនិត​គ្នាច្រើន​ជុំវិញ​បញ្ហា​ច្រើន​ក៏ដោយ សហរដ្ឋអាមេរិក​នឹង​នៅ​បន្ត​ការកសាង​សម្ព័ន្ធភាព​ជាមួយ​ចិន​ដើម្បី​ប្រយោជន៍​រួមគ្នា​។ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​បាន​លើកយក​ការសហការ​គ្នា​រវាង​អាមេរិក​និង​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោក​ជាច្រើន​រួមទាំង​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផង​ដើម្បី​ធ្វើជា​ឧទាហរណ៍​។​
 
២.​អាស៊ី​នៅតែ​សំខាន់​សម្រាប់​អាមេរិក​
 
​យ៉ាងណាក៏ដោយ​សហរដ្ឋ​អាមេរិក​កន្លងមក​បាន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី ក្នុង​គោលបំណង​ទប់ទល់​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​។ ក្នុង​រយៈពេល​ជិត ៨​ឆ្នាំ​មកនេះ គោលនយោបាយ​ការបរទេស​របស់លោក បា​រ៉ា​ក់​អូ​បា​ម៉ា គឺ​ធ្វើយ៉ាងណា​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​ឡើងវិញ​តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ តួយ៉ាង​ការលើកស្ទួយ​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន​ទៅ​ដៃគូ​យុទ្ធសាស្ត្រ និង​ការពង្រឹង​ចំណង​យោធា​ជាមួយ​ប្រទេស​ហ្វីលីពីន  សិង្ហ​បុរី និង​ឥណ្ឌា​ផងដែរ​។ ហើយ​រឿង​ដែល​កត់សម្គាល់​នោះ អាមេរិក​ក៏បាន​លូកដៃ​យ៉ាងជ្រៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត​។​
 
​យ៉ាងណាមិញ ទាក់​ទាក់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​ក្នុងឱកាស​ខាងលើ​ផងដែរ​ថា អាមេរិក​នៅ​រក្សា​គោលជំហរ​របស់ខ្លួន​ដែល​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​និង​គោរព​ច្បាប់​អន្តរជាតិ​។ អាមេរិក​នៅ​បន្ត​ហោះហើរ និង​ធ្វើ​នាវាចរណ៍​នៅក្នុង​តំបន់​ទាំងឡាយណា​ដែល​ច្បាប់​អន្តរជាតិ​ដែល​អនុញ្ញាត​ឲ្យ ហើយ​អាមេរិក​ក៏​នៅ​បន្ត​គាំទ្រ​ប្រទេស​ដទៃ​ក្នុងការ​ប្រើប្រាស់​សេរីភាព​នាវាចរណ៍​និង​ហោះហើរ​ដែរ​៕
 

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com