អន្តរជាតិ
បងធំ​អាស៊ាន ឥណ្ឌូណេស៊ី ចង់​ធ្វើតាម​ហ្វីលីពីន​រឿង​បង្ក្រាប​ឈ្មួញ​គ្រឿងញៀន​
07, Sep 2016 , 9:39 pm        
រូបភាព
​បើទោះជា​រង​ការរិះគន់​ក្ដី យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន លោក Rodrigo Duterte ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​គ្រឿងញៀន​។ ដោយ​មើលឃើញ​ពី​ប្រសិទ្ធភាព​ក្នុងការ​បោសសម្អាត​គ្រឿងញៀន​នៅ​ហ្វីលីពីន នៅ​ឥណ្ឌូណេស៊ី​វិញ ប្រមុខ​ស្ថាប័ន​បង្ក្រាប​គ្រឿងញៀន​ប្រទេស​នេះ ក៏មាន​ផែនការ​កម្ចាត់​គ្រឿងញៀន​ស្រដៀង​នឹង​ហ្វីលីពីន​ដែរ​។



​សមាជិក​អាស៊ាន ឥណ្ឌូណេស៊ី បានបង្ហាញ​ផែនការ​បង្កើន​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន ដែលមាន​លក្ខណៈ​ស្រ​ដឿ​ង​គ្នា​នឹង​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​ក្នុងការ​បោសសម្អាត​ឈ្មួញ​គ្រឿងញៀន​របស់​ហ្វីលីពីន​។ ប្រធាន​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ឥណ្ឌូណេស៊ី បាន​រឹតបន្តឹង​ការ​កម្ចាត់​គ្រឿងញៀន តាមរយៈ​ការបង្កើន​ចំនួន​កម្លាំង​ប៉ូលិស និង​ចំនួន​អាវុធយុទ្ធភណ្ឌ​។

​ទាំង​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន បានប្រកាស​សង្គ្រាម​ប្រឆាំងនឹង​ការជួញដូរ​ថ្នាំញៀន ដែល​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​។ នៅ​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ដាក់ទោស​ប្រហារជីវិត​លើ​ឧក្រិដ្ឋជន​គ្រឿងញៀន​យ៉ាងច្រើន​។ ចំណែក​យុទ្ធនាការ​នៅ​ហ្វីលីពីន​វិញ គឺ​សាហាវ​ជាង​នៅ​ឥណ្ឌូណេស៊ី​ទៅទៀត ដោយ​លោក Rodrigo Duterte បាន​បញ្ជា​ឲ្យ​ប៉ូលិស​និង​ពលរដ្ឋ បាញ់សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​មកទល់ពេលនេះ មាន​មនុស្ស​ច្រើនជាង​ពីរពាន់​នាក់ បាត់បង់​ជីវិត​។  

​លោក Budi Waseso ប្រមុខ​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន (BNN) បាន​និយាយ​នៅ​ថ្ងៃទី​៥ ខែកញ្ញា ថា អង្គភាព BNN កំពុងស្ថិត​ក្នុង​ដំណើរការ​ផ្គត់ផ្គង់​អាវុធ បន្ថែម​អ្នកស៊ើប​អង្កេត និង​ឆ្កែ​ហិតខ្លិន ស្រប​ពេលដែល​ឥណ្ឌូណេស៊ី កំពុង​បង្កើន​ការខិតខំ​ប្រឹងប្រែង​ប្រឆាំង​គ្រឿងញៀន​។ លោក Budi បន្ថែមថា ប្រតិបត្តិការ​នេះ​អាច​ដូច​អ្វីដែល​កើតឡើង​នៅ​ហ្វីលីពីន ព្រោះ​ស្ថានភាព​គ្រឿងញៀន អាក្រក់​ដូចគ្នា​។​

​យ៉ាងណាមិញ យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters អ្នកនាំពាក្យ BNN និយាយ សម្រាល វិញ​ថា យុទ្ធនាការ​កម្ចាត់​គ្រឿងញៀន​របស់​ឥណ្ឌូណេស៊ី នឹងមិន​សាហាវ​ពេក​ឡើយ ហើយ ការ​បោសសម្អាត​គ្រឿងញៀន នឹងធ្វើ​ទៅតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ នេះ គឺ​ខុសពី ហ្វីលីពីន ដែល​លោក Duterte ចេញ​បញ្ជា​បាញ់សម្លាប់​តែម្ដង​។​

​តាមពិតទៅ យុទ្ធនាការ​បោសសម្អាត​ឈ្មួញ​គ្រឿងញៀន​នៅ​ឥណ្ឌូណេស៊ី ក៏​រង​ការរិះគន់​ដែរ ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ប្រហារជីវិត​ឈ្មួញ​គ្រឿងញៀន​រាប់សិប​នាក់​មកហើយ ដែល​ភាគច្រើន​ជា​ជនបរទេស បើ​ទោះ​មានការ​ស្នើសុំ​លើកលែងទោស​ពី​សំណាក់​ប្រទេស​នៃ​ជនជាតិ​នោះ​ក៏ដោយចុះ​៕ 


Tag:
 ឥណ្ឌូណេស៊ី​
 ​ ហ្វីលីពីន​
  ​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com