អន្តរជាតិ
ជប៉ុន​ទម្លាក់​ជំនួយ ៤៤០​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​ភេរ​កម្ម​នៅ​អាស៊ី​
08, Sep 2016 , 8:19 pm        
រូបភាព
អនុរដ្ឋមន្ត្រីទទួលបន្ទុកគណរដ្ឋមន្ត្រីជប៉ុន Koichi Hagiuda
អនុរដ្ឋមន្ត្រីទទួលបន្ទុកគណរដ្ឋមន្ត្រីជប៉ុន Koichi Hagiuda
ដោយ: ថ្មីៗ
​ជប៉ុន​បានប្រកាស​ផ្តល់​ថវិកា ៤៤០​លាន​ដុល្លារ​សម្រាប់​ជួយ​បណ្តា​ប្រទេស​នៅ​អាស៊ី​ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ភេរវកម្ម​នា​ថ្ងៃ​ពុធ​ទី ៧​ខែកញ្ញា​​។ គេ​មិនបាន​ដឹងថា ជប៉ុន​ផ្តល់ជំនួយ​នេះ​ដល់​ប្រទេស​អាស៊ី​ណាខ្លះ​ឡើយ ប៉ុន្តែ​វា​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​គំរាម​សន្តិសុខ​ដែល​បង្កដោយ​ក្រុម​ភេរវជន​នៅ​អាស៊ី​។​



​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម​រួមទាំង​ការប៉ង​បង្កើត​សាខា​ថ្មី​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍​ហាក់បីដូចជា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា តំបន់​អាស៊ី​កំពុង​រងគ្រោះថ្នាក់​ខ្លាំង​។ ហើយ​វា​នឹង​អាច​ក្លាយជា សំបុក​ក្រុម​ភេរវជន​ផង​បើសិនជា​គ្មាន​ចំណាត់ការ​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​។

​ដោយសារ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បានប្រកាស​ផ្តល់ជំនួយ​ដល់​បណ្តា​ប្រទេស​អាស៊ី​ចំនួន ៤៤០​លាន​ដុល្លារ ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ភេរវកម្ម ខណៈដែល​លោក​ស្ថិតក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​មេដឹកនាំ​អាស៊ាន​នាទី​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​គណរដ្ឋមន្ត្រី​ជប៉ុន Koichi Hagiuda បាន​ស្រង់​សម្តី​លោក អា​បេ ក្នុងពេល​លោក​ជួប​ជាមួយ​មេដឹកនាំ​អាស៊ាន​ថា​៖« ជា​ពេល​ដំបូងបង្អស់​ហើយ​ដែល​ជប៉ុន​គាំទ្រ​ការ​ប្រ​ឆ្មាំ​ង​ភេរវកម្ម​និង​ប្រឆាំង​រាល់​ចលនា​ជ្រុលនិយម​នៅ​អាស៊ី ជប៉ុន​នឹង​រៀបចំ​កម្មវិធី​ជំនួយ​ចំនួន ៣​ដែល​ស្មើ​៤៥ ពាន់​លាន​យ៉េន​ក្នុង​រយៈពេល​បី​ឆ្នាំ​»​។​

​យ៉ាងណា​ក៏ដោយចុះ គេ​មិនទាន់​អាច​ដឹង​ច្បាស់​ថា តើ​ជប៉ុន​ត្រៀម​ថវិកា​ដើម្បី​ផ្តល់ជំនួយ​ដល់​ប្រទេស​ណាខ្លះ​នៅ​តំបន់​អាស៊ី​ដើម្បី​ប្រឆាំង​ភេរវកម្ម​ឡើយ​។ តែ​គម្រោង​របស់​ក្រុង​តូ​ក្យួ​ជួយ​ប្រទេស​អាស៊ាន​ប្រឆាំង​ភេរវកម្ម​គឺ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់ជំនួយ​ឧបករណ៍​សំខាន់​និង​ទំនើបៗ​ដើម្បី​រុករក​គ្រឿងផ្ទុះ និង​ជំនួយ​បច្ចេកទេស​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជួយ​ដល់​ប្រទេស​នៅ​អាស៊ី​។​

​ដូចដែល​បានបញ្ជាក់​ខាងដើម​ស្រាប់ ចលនា​ភេ​ររ​វ​កម្ម​កំពុង​កើនឡើង​នៅ​តំបន់​អាស៊ី ហើយ​វា​អាច​នឹង​កើតឡើង​ទ្រង់ទ្រាយ​ធំ​ដែរ​បើសិនជា​មិនមាន​ដំណោះស្រាយ​និង​វិធានការ​។ ដូច​ឃើញ​ហើយ គ្រាន់តែ​សប្តាហ៍​មុន គេ​ឃើញ​មានការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន ដោយ​សម្លាប់​មនុស្ស​អស់ ១៤ នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ផង​។​ក្រោយ​ការវាយប្រហារ ក្រុម​ប្រដាប់អាវុធ Abu Sayyaf បាន​អះអាងថា ខ្លួន​នៅ​ពីក្រោយ​ចលនា​វាយប្រហារ​នេះ​។

​ដោយសារ​បញ្ហា​នេះ លោក ស៊ីន​ហ្សូ អា​បេ ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ប្រមុខរដ្ឋ​ហ្វីលីពីន​ថ្មី​លោក Duterte  បាន​ចូលរួម​រម្លែក​ទុក្ខ​ចំពោះ​ការស្លាប់​របស់​ជន​ស៊ីវិល​ហ្វីលីពីន​នៅ​ក្រុង Davao ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​។ ហើយ​លោក​ក៏​ថ្កោលទោស​អំពើហិង្សា​ប្រដាប់អាវុធ​នេះដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com