អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង,ជប៉ុន ថ្កោលទោសការសាកល្បង​នុយក្លេអ៊ែរផ្គើនសហគមន៍​អន្តរជាតិរបស់​កូ​រ៉េ​ខាងជើង​
09, Sep 2016 , 12:31 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ​អា​បេ បាន​ថ្កោលទោស​ការសាកល្បងក្បាល​គ្រាប់​​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ សុក្រ​ទី ៩ កញ្ញា​នេះ​។ ចំណែក​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានថ្កោលទោសសកម្ម​ភាពនេះ និង​ទូរសព្ទទៅលោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បីពិភាក្សាពី​សកម្មភាព​បង្ករឿង​របស់​ក្រុង​ព្យុង​យ៉ាងដែរ​។​

​ក្រោយ​មាន​បាតុភូត​រំ​ញ័រ​នៅ​កូរ៉េខាងជើង ក្រុង​ព្យុងយ៉ាង​បានប្រកាស​ទទួលស្គាល់ថា​ខ្លួន​បាន​បាញ់​សាកល្បង​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មែន​នៅ​ថ្ងៃ​សុក្រ​នេះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ក៏បាន​ថ្កោល​​ទោស​ការ​សាកល្បងក្បាល​គ្រាប់​​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ដែរ ហើយ​លោកស្រី​បាន​ថ្លែងថា កូរ៉េខាងជើង​កំពុង​ធ្វើ​សកម្មភាព​ដែល​បំផ្លាញ​ខ្លួនឯង និង​កាន់តែ​ឯកោ​នៅលើ​ឆាក​អន្តរជាតិ​។ 
 
​ក្រៅពី​ថ្កោលទោស ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានប្រកាស​ដែរ​ថា លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ទូរ​សព្ទ​ទៅ​ពិភាក្សា​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ ដែរ​ជុំវិញ​ការ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ​។ 
 
​មេដឹកនាំ​ទាំងពីរ​បាន​ចំណាយពេល ៥០​នាទី​ដើម្បី​ជជែក​គ្នា​។ ពេល​ពិភាក្សាគ្នា​លោក អូ​បា​ម៉ា​កំពុង​ស្ថិតនៅលើ​យន្តហោះ Air Force One ដែល​ហោះ​ឆ្ពោះទៅសហរដ្ឋអាមេរិក ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​ឡាវ​។​
 
 ភ្លាមៗ​នោះដែរ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការសាកល្បងក្បាលគ្រាប់នុយក្លេ​អ៊ែរនេះដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ថា​៖​​«​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​សម្រាប់​ជប៉ុន​»​។​
 
​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្តថា​៖​​«​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កំពុង​ក្លាយជា​ការគំរាមកំហែង​យ៉ាង​ធំ​សម្រាប់​សុវត្ថិភាព​ជប៉ុន​និង​បំផ្លាញ​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​»​។​
 
​តាមពិតទៅ ការសាកល្បង​នុយក្លេអ៊ែរ​នេះ បើ​រាប់​ទៅ​វា​ជា​លើក​ទី​ប្រាំ​ហើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap  ក្រុង​ព្យុងយ៉ាង​បានប្រកាស​ជាថ្មី​ថា ខ្លួន​នឹង​នៅ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែ​របស់​ខ្លូន​ទៀត​។ កូរ៉េខាងជើង​កំពុង​ព្យាយាម​ផ្គើន​សហគមន៍​អន្តរជាតិ​ជាពិសេស​ប្រទេសជិតខាង​ដូចជា​ជប៉ុន​និង​កូរ៉េខាងត្បូង រួមទាំង​សហរដ្ឋអាមេរិក​ផង​។ 
 
​សូមបញ្ជាក់ថា ការបាញ់​សាកល្បង​​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​យ៉ា​នេះ​កើតឡើង​ក្រោយ​ពេលដែល​បណ្តា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ទាំង ១៨ បង្ហាញ​ការបារម្ភ​ខ្លាំង​ពី​ការបាញ់​សាកល្បង​អាវុធ​របស់​កូរ៉េខាងជើង​។ ប្រទេស​ទាំងអស់​បាន​ទទូច​ឲ្យ​ក្រុង​ព្យុងយ៉ាង​រក្សា​ឲ្យ​បាន​នូវ​កាតព្វកិច្ច​គោរព​ច្បាប់​អន្តរជាតិ​និង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com