អន្តរជាតិ
អូ​បា​ម៉ា​៖«​សម្តី​អសុរោះ​របស់លោក Duterte ជា​ទម្លាប់​, ខ្ញុំ​មិន​យក​វា​ជា​រឿង​ផ្ទាល់ខ្លួន​ទេ​»
09, Sep 2016 , 1:54 pm        
រូបភាព
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​មិន​ចាត់ទុក​ពាក្យសម្តី​អសុរោះ​របស់លោក Rodrigo Duterte ជា​រឿង​ផ្ទាល់ខ្លួន​ខ្លួន​និង​ប្រកាន់​ខឹង​ឡើយ​ព្រោះ​លោក​ចាត់ទុក​វា​ជា​ទម្លាប់ ។ នេះ​ក៏​ដោយសារ​កន្លងមក លោក Duterte ធ្លាប់​ជេរប្រទេច​ផ្តាសា​សម្តេច​ប៉ាប​ទៀត​។



​ក្នុង សន្និសីទ​សារព័ត៌​មាននៅ​ឡាវ ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​លោក Rodrigo Duterte លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជា​ជាថ្មី​ថា​លោក​មិន​យកសម្តី​របស់​មេដឹកនាំ​ហ្វីលីពីន​ជា​រឿង​ផ្ទាល់ខ្លួន​នាំ​ហ្មងសៅ​ឡើយ​។ លោក​យល់ថា វា​ជា​ទម្លាប់​ព្រោះ​សូម្បីតែ​សម្តេច​ប៉ាប​និង​អ្នក​ដទៃទៀត​ក៏ត្រូវ​លោក Duterte ជេរ​ប្រទេចផ្តាសា​ដែរ​។ 

​លោក​ថ្លែងថា​៖« ដូច​ខ្ញុំ​បាន​និយាយ​នៅ​ចិន​អ៊ីចឹង​។ ខ្ញុំ​មិន​យកសម្តី​របស់លោក Duterte មក​ទុកជា​រឿង​ផ្ទាល់ខ្លួន​ឡើយ ព្រោះ​វា​ហាក់បីដូចជា​ពាក្យ​ដែល​គាត់​ប្រើប្រាស់​ដដែលៗ រួមទាំង​ប្រើ​សំដៅលើ​សម្តេច​ប៉ាប និង​បណ្តា​មេដឹកនាំ​ផ្សេងទៀត​។ ដូច្នេះ ខ្ញុំ​គិតថា វា​ហាក់បីដូចជា​ទម្លាប់​នៃ​ការនិយាយ​របស់គាត់​ប៉ុណ្ណោះ​»​។​

​តាមពិតទៅ កាលពី​ថ្ងៃ​៧​កញ្ញា​នៅ​ពិធី​លាង​សាយភោជន៍ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចាប់ដៃ​ជាមួយ​លោក Duterte ហើយ​បាន​សន្ទនា​គ្នា​បន្តិច​ដែរ​។ ហើយ​លោក​បាន​ប្រា​ប់លោក Duterte ថា​ក្រុមការងារ​របស់លោក​គួរតែ​ជួបគ្នា​ជាមួយ​ក្រុមការងារ​លោក Duterte ដើម្បី​កំណត់ថា​គួរ​ដោះស្រាយ​បញ្ហា​របៀប​ណា​។

​កាលពី​អង្គារ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​លុបចោល​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន ក្រោយ​ពេលដែល​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​នេះ​បាន​ប្រើប្រាស់​ពាក្យ​អសុរោះ​ខ្លាំង​ជេរប្រទេច​ផ្តាសា​លោក​ដែល​ចង់​បង្រៀន​លោក​រឿង​សិទ្ធិមនុស្ស​។ ក្រោយមក  មន្ត្រី​សេត​វិមាន​អាមេរិក​បាន​បកស្រាយ​ថា ទោះបីជា​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំងពីរ​ក៏​មិនមាន​ប្រយោជន៍​ដែរ​ក្នុង​បរិយាកាស​អាប់អួរ​បែបនេះ​។

​ចំណែក​លោក Duterte ឯណោះ​វិញ សុខចិត្ត​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ទទួលស្គាល់ថា ភាសា​និង​សម្តី​ដែល​លោក​ប្រើប្រាស់​វា​លើសលស់​ខ្លាំង​។ លោក​ប្រា​ប់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា លោក​ពិតជា​សោកស្តាយ​ខ្លាំង​។ ហើយ​លោក​ក៏​បកស្រាយ​បន្ថែម​ដែរ​ថា អ្វី​​ដែល​លោក​និយាយ​គឺជា​ការ​ប្រតិកម្ម​ចំពោះ​អ្នកសារព័ត៌មាន​ដែល​លើកឡើងថា លោក​អូ​បា​ម៉ា ចង់​បង្រៀន​លោក​រឿង​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​៕


Tag:
 Rodrigo Duterte
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com