អន្តរជាតិ
លោក អូ​បា​ម៉ា ជួប​រឿង​ជូរចត់ ក្នុង​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​នៅ​អាស៊ី​
09, Sep 2016 , 8:19 pm        
រូបភាព
​ការចូលរួម​កិច្ចប្រជុំ G-20 នៅ​ក្រុង​ហាង​ចូ​វប្រ​ទេស​ចិន ក៏ដូចជា​មកកាន់​ទឹកដី​ឡាវ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន គឺជា​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​តំបន់​អាស៊ី ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​។ នេះ ក៏​ដោយសារតែ​លោក​ត្រូវ​ចប់​អាណត្តិ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​ក្នុង​ខែវិច្ឆិកា​។ យ៉ាងណាមិញ ក្នុង​ទស្សនកិច្ច​ចុងក្រោយ​នេះ ប្រ​ធានា​ធិ​ប​តិ​អាមេរិក បាន​ជួប​រឿង​សោះកក្រោះ​ជាច្រើន​។ ក្នុងនោះ​មានការ​បដិសណ្ឋារកិច្ច​មិន​សមរម្យ និង​ត្រូវ​ប្រធានាធិបតី​ហ្វីលីពីន​ជេរប្រទេច​ផ្តាសា​។​



​សូម​សា្ត​ប់​ការបកស្រាយ​របស់លោក តន ចាន់​រិ​ទ្ធា​រ៉ា​៖




​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទើបតែ​បញ្ចប់​ទស្សនកិច្ច​ចុងក្រោយ​របស់លោក​នៅ​តំបន់​អាស៊ី បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​នៅ​ចិន និង​កិច្ចប្រជុំ​អាស៊ាន​ប្រទេស​ឡាវ​។ រាប់ទាំង​ជំនួប​នៅ​ថ្ងៃទី​៨ ខែកញ្ញា លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​អាស៊ាន ៨​ដង ហើយ​លោក​ក៏​ជា​ប្រធានាធិបតី​អាមេរិក ដែល​មកកាន់​អាស៊ាន​ញឹក​ជាងគេ​ដែរ​។ រឿងនេះ បានបង្ហាញ​ពី​ការកើនឡើង​សារៈសំខាន់​របស់​អាស៊ាន ក៏ដូចជា​តំបន់​អាស៊ី​ទាំងមូល​ដែរ​។​

​រយៈពេល​៨​ឆ្នាំ​នៃ​ការ​កាន់តំណែង​ប្រធានាធិបតី​អាមេរិក លោក អូ​បា​ម៉ា ក៏បាន​អនុវត្ត​គោលនយោបាយ​ងាក​មក​តំបន់​អាស៊ី​វិញ ដែល​កំពុងតែ​ស្ថិតក្រោម​ការពង្រីក​ឥទ្ធិពល​របស់​មហា​យក្ស​ចិន ជាពិសេស​តំបន់​អាស៊ាន​តែម្ដង ដែលជា​ចំណុចកណ្ដាល​នៃ​ការ​ប្រជែង​អំណាច​។ តំបន់​អាស៊ាន គឺជា​កូនសោរ​សំខាន់​នៃ​គោលនយោបាយ​ងាក​មក​តំបន់​អាស៊ី​របស់​អាមេរិក ហើយ​តំបន់​នេះ ក៏​ជា​ចំណុច​សំខាន់​នៃ​សន្តិភាព និង​ការរីកលូតលាស់​របស់​ពិភពលោក​នាពេល​អនាគត​។​

​ដំណើរ​លើកចុងក្រោយ​មក​កាន់​តំបន់​អាស៊ី​របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បែរជា​ជួប​រឿងរ៉ាវ​ជាច្រើន ដែល​នាំ​ឲ្យ​ទស្សនកិច្ច​ចុងក្រោយ​របស់លោក អូ​បា​ម៉ា មិនបាន​បញ្ចប់​ដោយ​ស្រួល​ចិត្ត​និង​រីករាយ​ឡើយ​។ មិន​ត្រឹមតែ​មិន​ទទួល​បដិសណ្ឋារកិច្ច​តាម​បែបបទ​ការទូត​ឡើយ លោក​ក៏ត្រូវ​មេដឹកនាំ​ប្រទេស​សម្ព័ន្ធមិត្ត​យូរអង្វែង ប្រើពាក្យ​មិន​សមរម្យ​ដាក់​ទៀតផង​។ តែ​យ៉ាងណាមិញ លោក អូ​បា​ម៉ា បង្ហាញ​ជំហរ​មិន​ឆ្លើយឆ្លង​ច្រើន​ឡើយ​។

១. គ្មាន​កម្រាលព្រំ​ក្រហម​ចាំ​ទទួល ពេលទៅដល់​ហាង​ចូ​វ តែ​លោក​អូ​បា​ម៉ា​ថា មិន​អី​ទេ​
​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ក្រុង​ហាង​ចូ​វ ដើម្បី​ចូលរួម​កិច្ចប្រជុំ G-20 បានចាប់ផ្ដើម​ឡើង​យ៉ាង​សោះអង្គើយ ដ្បិត​គ្មាន​កម្រាលព្រំ​ក្រហម គ្មាន​ជណ្ដើរ​យន្តហោះ សម្រាប់​ទទួល​ប្រមុខរដ្ឋ​អាមេរិក​ឡើយ​។ ហើយ​នៅពេល​ទៅដល់​ក្រុង​ហាង​ចូ​វ​ភ្លាម ទីប្រឹក្សា​សន្តិសុខ​អាមេរិក លោកស្រី Susan Rice និង​មន្ត្រី​ចិន ក៏​ទាស់ សម្ដី​គ្នា​មួយ​ប្រាវ​ទៀត ដែល​បញ្ហា​ទាំងនេះ​អាច​ជាការ​បន្ទាប​កិត្តិយស​ប្រធានាធិបតី​អាមេរិក​។​

​បន្ទាប់ពី​ហេតុការណ៍​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ព្រលានយន្តហោះ​ក្រុង​ហាង​ចូ​វរ​វាង​មន្ត្រី​ចិន និង​មន្ត្រី​អាមេរិក ក៏ដូចជា​បែបបទ​ពិធីការ​ទទួល​មិន​សមរម្យ​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដាក់​កំហុស​នេះ​លើ​សហរដ្ឋអាមេរិក និង​អ្នកកាសែត​។ លោកស្រី Hua Chunying និយាយថា មេដឹកនាំ​ប្រទេស​ដទៃ​សុទ្ធតែ​ប្រើ​ជណ្ដើរ​ដែល​រៀបចំ​ដោយ​ចិន តែ​ហេតុអ្វី​បានជា​អាមេរិក​តែឯង មិន​ធ្វើ​ដូច​គេ ហើយ​ជណ្ដើរ​នោះ ជាការ​ស្នើសុំ​របស់​អាមេរិក​ទៅទៀត​។​

​ទាក់ទង​នឹង​រឿងនេះ​ដែរ ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា មិនបាន​បង្ហាញ​ខ្វល់ខ្វាយ​អ្វី​ខ្លាំង​ទេ​។ លោក​និយាយថា នេះ​មិនមែនជា​លើកដំបូង​ទេ ហើយ​រឿងនេះ​តែង​តែង​កើតឡើង​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ធំៗ​។ លោក​បន្ថែមថា រឿង​តូចតាច​នេះ នឹងមិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ចិន និង​អាមេរិក​ឡើយ ហើយ​ចិន ប្រហែលជា​ភ្ញាក់ផ្អើល​នឹង​ទំហំ​ប្រតិភូ​អាមេរិក ដែលមាន​ចំនួន​ច្រើន​បែបនេះ​។

​បន្ថែម​ពីលើ​នេះ ក្នុង​សន្និសីទកាសែត​នៅ​ក្រុង​វៀងចន្ទន៍ បន្ទាប់ពី​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក លោក​ប្រធានាធិបតី អូ​បា​ម៉ា បញ្ជាក់ដែរថា ការដែល​លោក​មិន​ទទួល​បដិសណ្ឋារកិច្ច​ដូច​មេដឹកនាំ​ដទៃទៀត​នោះ គ្រាន់តែ​ជា​រឿង​ពន្លើស​ប៉ុណ្ណោះ​។ ពេលដែល​លោក ទៅ​ទស្សនកិច្ច​នៅទីណា លោក​តែង​ទទួល​យ៉ាង​ដិតដល់ ហើយ​ប្រជាជន​តែង​ឈរ​ជា​ជួរ​ចាំ​ទទួល​លោក និង​រីករាយ​ចំពោះ​វត្តមាន​របស់លោក​។​

២. លោក អូ​បា​ម៉ា រង​ការប្រមាថ​ពី​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte
​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ចិន ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ចេញដំណើរ​មកកាន់​រដ្ឋ​ធានី​វៀងចន្ទន៍ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​។ មិនទាន់​ទាំង​មកដល់​ផង ប្រមុខរដ្ឋ​អាមេរិក ក៏​រង​ការវាយប្រហារ​ពាក្យសម្ដី​មិន​សមរម្យ​ពី​សំណាក់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ជា​សម្ព័ន្ធមិត្ត​។ ដែល​នេះ​បង្ហាញ​ពី​ការធ្លាក់ចុះ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។

​មុនពេល​ចាកចេញ​ទៅ​ឡាវ ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន លោក Duterte បាន​និយាយ​ដៀមដាម​ដាក់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​លោក​បាន​ចោទ​សួរថា ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា «​ជា​នរណា​»​។ ក្នុងពេល​ដដែល​នោះ លោក Duterte បាន​ប្រើ​ពាក្យសម្ដី​កាន់តែ​មិន​សមរម្យ ដោយបាន​ហៅ​លោក អូ​បា​ម៉ា ថា​ជា​កូនស្រី​ខូច ថែមទៀត ដែល​រឿង​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា សម្រេចចិត្ត​លុបចោល​ជំនួប​ជាមួយ​លោក Duterte ម្ដង​ទៅ​។​

​យ៉ាងណាក្ដី បន្ទាប់ពីនោះ ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​បង្ហាញ​ការសោកស្ដាយ​របស់លោក​ជុំវិញ​ពាក្យពេជន៍​អសុរោះ ដាក់​លោក អូ​បា​ម៉ា​។ លោក Duterte អះអាងថា លោក​ប្រើពាក្យ​មិន​សមរម្យ​លើ​លោក អូ​បា​ម៉ា ដោយសារតែ​លោក​ខឹង បន្ទាប់ពី​សារព័ត៌មាន​ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក ចង់​បង្រៀន​លោក​រឿង​សិទ្ធិមនុស្ស​៕   


Tag:
 អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com