ជាតិ
មេធាវី នឹង​ប្តឹងទៅ​តុលាការ​ជាន់ខ្ពស់ ដើម្បី​ប្រឆាំងនឹង​តុលាការ​ជាន់​ទាប ដែល​សម្រេច​ឲ្យ​ឯកឧត្តមកឹម សុខា ជាប់ពន្ធនាគារ៥ខែ
09, Sep 2016 , 7:52 pm        
រូបភាព
ភ្នំពេញ​៖ នៅ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​សែន រៀល​។ ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពី «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់ស្តែង​។​



​មិនយូរ​ទេ សហ​មេធាវី​របស់​ឯក​ឧ​ត្ត​ម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹងដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​កូនក្តី​របស់​ពួកគេ ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ រួមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល​។ ប៉ុន្តែ​សហ​មេធាវី ត្រូវ​ពិភាក្សាគ្នា​ជាមុនសិន មុននឹង​សម្រេច​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​។ នេះ ជាការ​អះអាង​របស់លោក ហែម សុជាតិ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប​របស់​ឯកឧត្តម កឹម សុខា ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។​

​លោក ហែម សុជាតិ បញ្ជាក់ថា សមត្ថកិច្ច មិនអាច​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា យកទៅ​ឃុំឃាំង នោះទេ នៅក្នុង​កំឡុងពេល ដែល​សាលាឧទ្ធរណ៍​កំពុង​បន្ត​នីតិវិធី ចំពោះ​បណ្តឹង​របស់​ក្រុម​មេធាវី​។ មេធាវី​រូបនេះ​សង្កត់ធ្ងន់ៗ​ថា​៖«​រយៈពេល​១​ខែ ទើប​សាលក្រម​ស្ថាពរ​ដាក់​ឲ្យ​អនុវត្ត​។ ដូច្នេះ​យើង​នឹងដាក់​លិខិត​ប្តឹងទៅ​សាលាឧទ្ធរណ៍​ឲ្យ​បាន​លឿន មុន​សាលក្រម​សា្ថ​ពរ ដាក់​ឲ្យ​អនុវត្ត​»​។​

​ដោយ​យល់ថា ដំណើរការ​នៃ​ការជំនុំជម្រះ ប្រព្រឹត្ត​ទៅដោយ​ខុស​នីតិវិធី ឯកឧត្តម កឹម សុខា និង​សហ​មេធាវី​របស់ខ្លួន បានសម្រេច​មិន​ចូលរួម​សវនាការ​នោះទេ​។ អ្នក​ដែល​ចូលរួម​ក្នុង​សវនាការ​នាពេល​ព្រឹក​នេះ មាន​ប្រមាណ​ជា​៥០​នាក់ ដោយ​ក្នុងនោះ​មាន​ក្រុម​អ្នកសារព័ត៌មាន និង​អ្នកសង្កេតការណ៍ ដែល​មកពី​បណ្តា​អង្គការ​ជាតិ​និង​អន្តរជាតិ​មួយចំនួន​។

​ចៅក្រម ដែល​កាន់​សំណុំរឿង និង​សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា មានទោស​កំហុស គឺ​លោក កែវ មុនី ហើយ​ព្រះរាជអាជ្ញា ដែល​ដើរតួនាទី​ជាដើម​បណ្តឹង គឺ​លោក សៀង សុខ​។​

​ខណៈដែល​សវនាការ​កំ​ពុង​តែ​បន្ត​នីតិវិធី ក្រុម​ប្រជាពលរដ្ឋ និង​សកម្មជន រួមទាំង​ឥស្ស​ជន​នយោបាយ​បក្សប្រឆាំង​មួយចំនួន បាននាំគ្នា​ទៅតាម​ដាន ដំណើរការ​នៃ​ការជំនុំជម្រះ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ និង​សកម្មជន​ទាំងនោះ បាន​លើក​បដា អមដោយ​ការស្រែក​តវ៉ា និង​ការរិះគន់​ចំពោះ សាលាដំបូង​រាជធានី​ភ្នំពេញ ថា​មិន​ឯករាជ្យ​ក្នុងការ​កាត់សេចក្តី​។ បើទោះបីជា​ចៅក្រម និង​ព្រះរាជអាជ្ញា មិនឮ​ក៏ដោយ  ក៏​ប្រជាពលរដ្ឋ​ទាំងនោះ នៅតែ​ស្រែក​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​ចំពោះ ឯកឧត្តម កឹម សុខា​។​

​ការតវ៉ា​នេះ បាន​បណ្តាល​ឲ្យ​សមត្ថកិច្ច និង​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ប៉ះទង្គិច​គ្នា​ផងដែរ​។ បន្ទាប់មក លោក អ៊ុំ ដា​រ៉ា ជា​អ្នកគាំទ្រ​បក្សប្រឆាំង​មួយរូប ដែល​ស្រែក​ទិតៀន តុលាការ តាម​ឧ​គ្ឃោ​សន​សព្ទ ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅកាន់​សាលាសង្កាត់​៧​មករា​។ រហូតមកដល់​ពេលនេះ សកម្មជន​រូបនោះ មិនទាន់​ត្រូវបាន​ដោះលែង នៅឡើយ​ទេ​។

​នៅ​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក ចៅក្រម​ជំនុំជម្រះ បាន​បិទ​សវនាការ ដោយ​មិនទាន់​ប្រកាស​សាលក្រម​ភ្លាមៗ​នោះទេ ហើយ​ក្រោយមក​បន្តិច ក្រុម​ប្រជាពលរដ្ឋ​និង​សកម្មជន​ទាំងនោះ ក៏បាន​ចែកផ្លូវ​គ្នា ទៅកាន់​លំនៅដ្ឋាន​វិញ ដោយ​អ្នកខ្លះ​បន្តដំណើរ​ទៅកាន់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។ រហូតដល់​ម៉ោង​២​រសៀល ចៅក្រម​ជំនុំជម្រះ​ក៏​បន្ត បើកសវនាការ​ម្តងទៀត ដើម្បី​ប្រកាស​សាលក្រម​របស់ខ្លួន​។ នៅ​ទីបំផុត ចៅក្រម​ជំនុំជម្រះ ក៏បាន​សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​តម្រូវ​ឲ្យ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ បង់ប្រាក់​ចំនួន​៨​សែន​រៀល​។​

​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា​៖«​រាល់​បុគ្គល​ណា ដែល​ត្រូវបាន​កោះហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី នៅមុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​កោះហៅ​នោះ ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ១​លាន​រៀល​»​។​

​កន្លងមក កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​សង្ស័យថា​មានរឿង​អាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម កឹម សុខា បានដាក់​លិខិត ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី ប្តឹង​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ពីបទ «​សញ្ចារកម្ម​»​។ ក្រោយមក សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចំនួន​ពីរដង ដើម្បី​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ជុំវិញ​បណ្តឹង​របស់ ស្រីមុំ ខាងលើ​។   ប៉ុន្តែ​ឯកឧត្តម កឹម សុខា បាន​បដិសេធ​នឹង​ការកោះហៅ​ទាំង​ពីរលើក​។ មូលហេតុ​នេះហើយ ទើប​ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលា​ការចាត់​ទុក្ខ​ថា ជា​បទល្មើស​ជាក់ស្តែង​។​

​យោង​តា​មាត្រា ២៨៤​នៃ​ក្រមព្រហ្មទណ្ឌ បទ​សញ្ចារកម្ម សំដៅលើ​អំពើ​ទុច្ចរិត​មួយចំនួន ដែល​ជនល្មើស​បាន​ប្រព្រឹត្ត រួមមាន​៖«១. ទាញយក​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ពី​អំពើ​ពេស្យាចារ​របស់​អ្នកដទៃ​។ ២. ជួយ ឬ​ការពារ​អំពើ​ពេស្យាចារ​របស់​អ្នកដទៃ ឬ​រៀបចំ​តាម​គ្រប់​មធ្យោបាយ នូវ​សកម្មភាព​ពេស្យាចារ​។ ៣. ជ្រើសរើស ពង្រត់ ឬ​អូសទាញ​បុគ្គល​ណាមួយ​ឱ្យធ្វើ​អំពើ ពេស្យាចារ​។ ៤. ធ្វើការ​គាបសង្កត់​លើ​បុគ្គល​ណាមួយ ដើម្បីឱ្យ​បុគ្គល​នោះ​ធ្វើ ពេស្យាចារ​៕  

Tag:
 កឹម សុខា
  តុលាការ
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com