ជាតិ
បាក់ឌុបឆ្នាំនេះសិស្សជាប់ជាង៦២ភាគរយ
10, Sep 2016 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំនេះ មាន​ចំនួន​ ៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។​


 
​ក្នុងនោះ បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៨ ៤១៥​នាក់ ត្រូវជា ៥៧,២៨% នៃ​បេក្ខជន​ចំនួន ៦៧ ០៧១​នាក់ និង​បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៧ ៣៣៨​នាក់ ត្រូវជា ៧៦,៧៥% នៃ​បេក្ខជន​ចំនួន ២២ ៥៩០​នាក់ ។​
 
​កន្លងមក​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក រស់ សា​លីន ធ្លាប់​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដំណើការ​បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​មាន​តម្លាភាព សុក្រឹតភាព និង​យុត្តិធម៌​ដូច​សម័យ​ប្រឡង​ឆ្នាំ​កន្លងទៅ​។​
 
​លោក​និយាយថា ក្រសួង​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ព្រមទាំង​មន្ត្រី ACU​ប្រចាំការ​ដើម្បី​តាមដាន​ប្រក្រតីភាព​ការងារ​បូក​ពិន្ទុ​នៅក្នុង​ការិយាល័យ​ប្រឡង​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​។​
 
​ពាក់ព័ន្ធ​នឹង​ការ​កំណែ​បាក់​ឌុប​ឆ្នាំនេះ លោក រស់ សា​លីន កត់សម្គាល់​ឃើញថា បេក្ខជន​ប្រឡង​បាក់​ឌុប ក្រោម​វិធានការ​រឹតបន្តឹង «​អ្នកចេះ​គឺជា​ប់​» សរសេរ​ចម្លើយ​លើ​វិញ្ញាសារ​បាន​ប្រសើ​ក្នុងឆ្នាំនេះ ធៀប​នឹង​ឆ្នាំមុន​។ នោះ​ក៏​ព្រោះ ពួកគេ​បាន​សិក្សា​រៀន​ត្រៀមខ្លួន បញ្ចេញ​សមត្ថភាព​ក្នុង​ការប្រឡង​គ្រប់គ្រាន់​។​
 
​គួរបញ្ជាក់​ផងដែរ កាលពី​ដំណើរការ​រឹតបន្តឹង​ការប្រឡង​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​ក្នុងការ​ប្រឡង​ទាំងពីរ​លើក​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់​ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​។ រីឯ លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៤៦ ៥៦០ នាក់​ស្មើនឹង ៥៥,៨៨ ភាគរយ​ចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់ ៕
 

Tag:
 លទ្ធផលបាក់​ឌុប​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com