ពីនេះ ពីនោះ
មិនត្រូវ​សរសេរថា​«​រងចាំ​» នោះទេ ព្រោះ​ជា​ពាក្យ​ដែល​មិន​ត្រឹមត្រូវ​
11, Sep 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​រងចាំ​» នៅមាន​សាធារណជន​ជាច្រើន​បន្ត​សរសេរ នៅក្នុង​អត្ថបទ​របស់ខ្លួន ទាំង​មិនដឹងថា​ពាក្យ​នេះ​គឺជា​ពាក្យ​ដែល​មិន​ត្រឹមត្រូវ​នោះទេ​។ ប៉ុន្តែ​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺ​ពាក្យ «​រង់ចាំ​»​។​

 
​ពាក្យ​«​រង់ចាំ​» គឺជា​ពាក្យ​ផ្សំ​ចូលគ្នា​រវាង​ពាក្យ​«​រង់​» និង​ពាក្យ​«​ចាំ​» ដែល​ពាក្យ “​រង់ មានន័យថា បង្អង់​ចាំ​, ឈប់​បង្អង់ៈ រង់​មួយស្របក់​សិន​, រង់ចាំ​បន្តិច​សិន​”​។ ចំណែក​ពាក្យ “​ចាំ មានន័យថា មិន​ភ្លេច​,​កត់​ជាប់​នៅក្នុង​ស្មារតី ឬ​ក្នុង​ការនឹកឃើញ​មិន​ភ្លេចភ្លាំង​”​។ ប៉ុន្តែ​ពាក្យ​«​រង់ និង ចាំ​» នេះ គេ​និយម​និយាយ​ផ្សំគ្នា​ក្លាយជា​ពាក្យ​ថា «​រង់ចាំ​» ក្នុងន័យ​ថា ឈប់​បង្អង់​ចាំ ឬ​នៅចាំ​អ្នកណាម្នាក់ ឬអ្វី​មួយ​មកដល់ ជាដើម​។ 
 
​ដោយឡែក ពាក្យ​«​រង​» មិនមែនជា​ពាក្យ​ដែល​ខុស​នោះទេ ព្រោះ​ពាក្យ​នេះ​ក៏មាន​អត្ថន័យ​ច្បាស់លាស់​នៅក្នុង​វចនានុក្រម​ខ្មែរ គ្រាន់​តែបើ​សរសេរថា «​រងចាំ​» គឺ​មិន​ត្រឹមត្រូវ​នោះឡើយ​។ ពាក្យ​«​រង​» នេះ​មាន​ថ្នាក់​ជា​កិរិយាសព្ទ មានន័យថា ទ្រ​ពីក្រោម​, ដាក់​ទ្រ​ពីក្រោម​, ទទួលបន្ទុក​, ទស់​ទប់​ការពារ “​រង​ទុក្ខ​, រងកម្ម​, រងគ្រោះថ្នាក់​”​។​ល​។ ប្រសិនបើជា​នាម មានន័យថា ពំនូកដី​ដែល​ពូន​ជា​ភ្លឺ​ដាំដំឡូង ដំណាំ​ឪឡឹក​ជាដើម​...៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 

© រក្សាសិទ្ធិដោយ thmeythmey.com