ជាតិ
ការពិភាក្សា​សេចក្តីព្រាងច្បាប់​«​សិទ្ធិ​ទទួល​ព័ត៌មាន​»​មាន​ក្តីបារម្ភ​ច្រើន​
11, Sep 2016 , 8:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ដើមខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ សេចក្តីព្រាងច្បាប់​«​សិទ្ធិ​ទទួល​ព័ត៌មាន​» ត្រូវបាន​ពិភាក្សា​ដល់​ជំពូក​ទី​៤ និង​ជំពូក​ទី​៥ ត្រង់ចំណុច​ព័ត៌មាន​សម្ងាត់ និង​ការការពារ​អ្នក​ផ្តល់ព័ត៌មាន​។​

 
​សេចក្តីព្រាងច្បាប់ «​សិទ្ធិ​ទទួល​ព័ត៌មាន​» ត្រូវបាន​ពិភាក្សា​ដល់​ចំណុច​ព័ត៌មាន​សម្ងាត់ និង​ការការពារ​អ្នក​ផ្តល់ព័ត៌មាន គិត​ត្រឹម​ដើមខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​។ អ្នកជំនាញ​យល់ថា ដំណើរការ​នៃ​ការធ្វើ​ច្បាប់​ដែល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្តល់យោបល់ និង​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​បែបនេះ អាចជា​គំរូ​ល្អ​ក្នុងការ​តាក់តែង​ច្បាប់​ដទៃទៀត ចៀសវាង​មាន​ភាពចម្រូងចម្រាស​កើតឡើង​ដូច​ច្បាប់​ដទៃ​កន្លងមក​។ ក៏ប៉ុន្តែ អ្នកជំនាញ​ក៏​អះអាង​ដែរ​ថា ការកសាង​ទំនុកចិត្ត​ពលរដ្ឋ​ឲ្យ​ជឿ​លើ​ប្រព័ន្ធតុលាការ​ក៏​ជា​រឿង​ចាំបាច់​ដែរ​។​
 
​គិត​ត្រឹម​ដើមខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ សេចក្តីព្រាងច្បាប់​«​សិទ្ធិ​ទទួល​ព័ត៌មាន​» ត្រូវបាន​ពិភាក្សា​ដល់​ជំពូក​ទី​៤ និង​ជំពូក​ទី​៥ ត្រង់ចំណុច​ព័ត៌មាន​សម្ងាត់ និង​ការការពារ​អ្នក​ផ្តល់ព័ត៌មាន​។ អ្នកជំនាញ​ពេញចិត្ត​ចំពោះ​ដំណើរការ​នៃ​ការធ្វើ​ច្បាប់​«​សិទ្ធិ​ទទួល​ព័ត៌មាន​»​នេះ ដែលមាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ច្រើន និង​មាន​កិច្ចពិភាក្សា​លម្អិត ក៏ប៉ុន្តែ​ពួកគេ​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធតុលាការ​ឯករាជ្យ ដើម្បី​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​។​
 
​សេចក្តីព្រាងច្បាប់​«​សិទ្ធិ​ទទួល​ព័ត៌មាន​»​ដែលមាន​៩​ជំពូក​និង​៣៦​មាត្រា​នេះ កំពុង​ស្ថិតក្រោម​ការពិភាក្សា​ដោយ​ក្រុម​អ្នកជំនាញ​មកពី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​សារព័ត៌មាន ដើម្បី​សម្រេចបាន​ច្បាប់​មួយ​ដែល​កាន់តែ​សុ​ក្រឹត្យ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​។​
 
​សេចក្តីព្រាងច្បាប់​ដដែល​នេះ​បានកំណត់​ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា​ត្រូវ​ផ្តល់ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ព័ត៌មាន​សម្ងាត់​ឲ្យ​មាន​កម្រិត​ទាប​បំផុត​។ ក៏ប៉ុន្តែ​និយមន័យ​នៃ​ពាក្យ​ថា​«​ព័ត៌មាន​សម្ងាត់​» ដែល​សំដៅ​ដល់​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​នោះ​កំពុង​ពិភាក្សា​នៅឡើយ​។​
 
​ថ្លែង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ក្រុមការងារ​បច្ចេកទេស​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​«​ការការពារ​អ្នក​ផ្តល់ព័ត៌មាន និង​ការសម្ងាត់​រដ្ឋ​» នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នកស្រី​វ៉ាន់ ហ៊ី​លី (Wan Hea Lee) តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ថ្លែង​តាមរយៈ​អ្នកបកប្រែ​ភាសា​យ៉ាង​ដូច្នេះ​ថា​៖
 
«​អ្នកព័ត៌មាន​ត្រូវការ​នូវ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគាត់​។ កន្លងមក​គឺថា អ្នកផ្តល់​ព័ត៌មាន​តែង​តែ​ជួប​នូវ​ផលវិបាក​។ ពួកគេ​ភាគច្រើន​ត្រូវបាន​គេ​យក​ច្បាប់​មក​សង្កត់ ដាក់ទោស​ទណ្ឌ​ទៅលើ​ពួកគេ​។ យើង​មានច្បាប់​ស្តីពី​ការ​ផ្តល់នូវ​ព័ត៌មាន​នេះ​ដោយ​អ្នកជំនាញ​។ ហើយ​យើង​ត្រូវការ​នូវ​តុលាការ​ឯករាជ្យ​មួយ​ដែល​សិទ្ធិ​របស់​សាធារណជន​ត្រូវមាន​តុល្យភាព​»​។​
 
​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា យល់ថា ការតាក់តែង​ច្បាប់​«​សិទ្ធិ​ទទួល​ព័ត៌មាន​»​ឲ្យ​មាន​ភាព​លម្អិត និង​គ្រប់​ជ្រុងជ្រោយ​នេះ អាចជួយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​កាន់តែ​ប្រសើរ ក៏ប៉ុន្តែ​លោក​ថ្លែងថា ការកសាង​ទំនុកចិត្ត​ពលរដ្ឋ​ឲ្យ​ជឿ​លើ​អ្នកអនុវត្ត​ច្បាប់​ក៏​ជា​រឿង​ចាំបាច់​ដែរ ជាពិសេស​គឺ​ប្រព័ន្ធតុលាការ​។​
 
«​តុលាការ​ឯករាជ្យ វា​សំខាន់​សម្រាប់​ច្បាប់​ទាំងអស់​។ ពេល​អនុវត្ត​ត្រូវ​ចូលទៅ​ប្រព័ន្ធតុលាការ​។ អញ្ចឹង​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធយុត្តិធម៌​គឺជា​ចាំបាច់​បំផុត​។ បញ្ហា​ទំនុកចិត្ត​ពលរដ្ឋ​លើ​ប្រព័ន្ធយុត្តិធម៌​យើង​នេះ​ជា​វិបត្តិ​សង្គម មាន​ប្រភព​មូលហេតុ​ដោយសារ​អំពើពុករលួយ និង​ការជ្រៀតជ្រែក​នយោបាយ​។ ដំណោះស្រាយ​គឺ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ ធ្វើ​ឲ្យ​ឃើញជាក់ស្តែង​ក្នុង​រយៈពេល​មិនយូរ ឲ្យ​ពលរដ្ឋ​ឃើញ​វិញ​ថា អ្វីដែល​ជាការ​ព្រួយបារម្ភ​ពីមុន​ត្រូវបាន​កែសម្រួល​»​។​
 
​លោក​ព្រាប កុល​បន្ថែមថា រដ្ឋាភិបាល​អាច​យក​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់ «​សិទ្ធិ​ទទួល​ព័ត៌មាន​»​នេះ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ការតាក់តែង​ច្បាប់​ផ្សេងៗ​ទៀត ចៀសវាង​មាន​ភាពចម្រូងចម្រាស​ដូច​ច្បាប់​មួយចំនួន​កន្លងមក ជា​ឧទាហរណ៍​ច្បាប់​សហជីព​ជាដើម​។​
 


«​គំរូ​ល្អ​ទី​១​គឺ​ការតាក់តែង​នៃ​ច្បាប់​នេះ អនុញ្ញាត​ឲ្យ​មានការ​ផ្តល់​ទិន្នន័យ​ចូល ឬ​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ទាំង​សង្គម​ស៊ីវិល វិស័យ​ឯកជន អ្នកសិក្សា​ស្រាវជ្រាវ រាជរដ្ឋាភិបាល សារព័ត៌មាន មហាជន​ទូទៅ​គឺ​គ្រប់​សមាសភាព​។ គំរូ​ល្អ​ទី​២​គឺ​ពេលវេលា​សម្រាប់​ពិគ្រោះ​យោបល់​គឺមាន​ពេល​គ្រប់គ្រាន់​សម្រាប់​ជជែក​គ្នា​ដោយ​ការជួប​ផ្ទាល់​ជជែក​គ្នា​ដោយ​ក្រុមការងារ​បច្ចេកទេស​។ ទី​៣​មាន​សិក្ខាសាលា​ដើម្បី​ឲ្យ​ភាគី​ច្រើន​ទៀត​ផ្តល់យោបល់​។ ហើយ​សំខាន់​ជាងគេ​គឺមាន​លើ​គេហទំព័រ ផ្តល់​ឲ្យ​សាធារណជន​ចូលរួម​ផ្តល់យោបល់​»​។​
 
​ទន្ទឹមនឹង​ដំណើរការ​សេចក្តីព្រាងច្បាប់​«​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែលមាន​ចែង​អំពី «​ព័ត៌មាន​សម្ងាត់​» និង​«​ការការពារ​អ្នក​ផ្តល់ព័ត៌មាន​» ហើយ​នោះ នាពេល​ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​កំពុង​រៀបចំ​បង្កើត​មាតិកា​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​«​ការការពារ​សាក្សី និង​បុគ្គល​រាយការណ៍​»​ផងដែរ​។​
 
​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​ដឹងថា ច្បាប់​ស្តីពី​«​ការការពារ​សាក្សី និង​បុគ្គល​រាយការណ៍​»​គឺជា​ច្បាប់​មួយ​ដែល​ក្មេង​ជាងគេ​នៅលើ​ពិភពលោក ដែលមាន​វត្តមាន​ត្រឹម​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ​។ លោក​ឱម យ៉ិនទៀង​ឲ្យ​ដឹង​ទៀតថា ច្បាប់​ថ្មី​នេះ​គ្រោង​នឹង​កំណត់​ឲ្យ​មាន​អានុភាព​គ្របដណ្តប់​លើ​រាល់​បុគ្គល​រាយការណ៍ រាប់បញ្ចូល​ទាំង​អ្នករាយការណ៍​អំពី​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ លាង​លុយខ្មៅ ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​ជាដើម​។​
 


​កាលពីដើមឆ្នាំ​២០១៦ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា CCIM បានចេញ​របាយការណ៍​មួយ​មាន​ចំណងជើង​ថា​«​ឧបសគ្គ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​»​។  របាយការណ៍​នោះ​បញ្ជាក់ថា ជាទូទៅ​អ្នកសារព័ត៌មាន​មានការ​លំបាក​ក្នុងការ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ខុសច្បាប់ អំពើពុករលួយ ការរំលោភ​ដីធ្លី ការប្រើប្រាស់​ថវិកា​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ទ្រព្យសម្បត្តិ​របស់​មន្ត្រី​សាធារណៈ  សេចក្តីសម្រេច ឬ​ឯកសារ​របស់​តុលាការ កំណត់ហេតុ​ប្រជុំ​របស់​រដ្ឋសភា និង​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស់​នានា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com