រូបត្លុក
ស្គម​អ្នកក្រ ធាត់​អ្នកមាន អ៊ីចឹង​មែន​ទេ​?
12, Sep 2016 , 10:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយ​ការ​ដួល​រំលំ​នៃ​របប​ប៉ុលពត​នៅ​ឆ្នាំ​១៩៧៩ ប្រជាជន​ខ្មែរ​ភាគច្រើន​ខ្វះ​អាហារូបត្ថម្ភ​។ រាងកាយ​មាន​សភាព​ស្លេកស្លាំង ស្គមស្គាំង ដូច្នេះ ពេលនោះ អ្នក​ដុះ​ក្បាលពោះ ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ធូរធារ ហើយ​អ្នក​ស្គម​ភាគច្រើន​ជា​អ្នកក្រ​។ កាលនោះ ត្រី បន្លែ ត្រូវបាន​គេ​ចាត់ទុកថា ជា​អាហារ​អ្នកក្រ រីឯ​សាច់ជ្រូក មាន់ ទា គោ ក្របី គឺ​អាហារ​សម្រាប់​អ្នកមាន​។​


 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលនោះ ដោយ​ចង់​ធាត់​ខ្លាំងពេក​ដើម្បី​ឲ្យ​គេ​ថា អ្នកមាន​ដែរនោះ អ្នកខ្លះ ស្វែងរក​ទិញ​ថ្នាំ​ជំនួយ​ពិសា​បាយ​បាន​ដែល​គេ​ហៅ​ជា​សាមញ្ញ​ថា «​ថ្នាំ​ជ្រូក​» ឬ​ថ្នាំ​បាយ​បាន​។ 
​ចូលដល់​សតវត្ស​រិ៍​ទី​២១​នេះ អ្វីៗ​ហាក់​ត្រូវបាន​ផ្លាស់ប្តូរ​អស់​។ ប្រទេស​មាន​សុខសន្តិភាព វត្តមាន​អាហារ​មាន​ច្រើន​ប្រភេទ បរទេស និង​ខ្មែរ​។ ម្ហូបអាហារ​ឆ្ងាញ់ៗ​រាប់មិនអស់ ការ​ទទួលទាន​កាន់តែច្រើន ហើយ​មិន​បានគិត​គ្រប់​ជ្រុងជ្រោយ អ្នកខ្លះ​ចាប់ផ្តើម​មាន​បញ្ហា​សុខភាព ដូចជា ជំងឺលើសឈាម លើស​ខ្លាញ់ ជំងឺ​ដុះ​ក្បាលពោះ ជំងឺ​ទឹកនោមផ្អែម​។​ល​។ 
 
​ដូច្នេះ ក្នុងដំណាក់កាល​នេះ មនុស្ស​មួយចំនួន​ចង់​ស្គម​វិញ ដើម្បី​ឲ្យ​រាងរៅ​គេ​កាន់តែ​ស្អាត ជាង​មនុស្ស​ធាត់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅពេលនេះ អ្នក​ស្គម​មាន​រាង ជា​អ្នកមាន​វិញ​ម្តង ព្រោះ ស្គម​មាន​រាង ដោយសារតែ​ពួកគេ​មាន​ពេល​ហាត់ប្រាណ​យក​រាង​ល្អ​។ មាន​ពេល​ហាត់ប្រាណ​យក​រាង​ល្អ ព្រោះ ពួកគេ​មាន​ជីវភាព​គ្រប់គ្រាន់​។ អ្នក​មិនសូវ​ធូរធារ គ្មាន​ពេល​ហាត់ប្រាណ បែរជា​ទៅជា​ធាត់​វិញ​ម្តង​។ 
 
​សរុបសេចក្តី​មក គំនិត​ដែលថា អ្នក​ធាត់​ជា​អ្នកមាន​នោះ មិនត្រូវ​ទៀតឡើយ​នាពេល​ប​ច្ចុ​ប្ប​នេះ​។ ផ្ទុយទៅវិញ នៅពេលនេះ អ្នក​ស្គម​មាន​រាង​ស្អាត ឡូយ គឺអាច​ថា ជា​អ្នកមាន​វិញ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com