ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ធា គីមហេង ដែលមាន​ពិន្ទុ IELTS ៧.៥ ប្រាប់​គន្លឹះ​រៀន​ភាសា​អង់គ្លេស​
12, Sep 2016 , 9:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ធា គីមហេង គឺជា​បេក្ខជន​អាហារូបករណ៍ Chevening របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស និង​ទទួលបាន​ពិន្ទុ IELTS ៧.៥​។ ក្រៅពី​មាន​អាជីព​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស លោក ក៏​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​។ មុន​ឡើង​យន្តហោះ​ទៅជា​ន់​ទឹកដី​ប្រទេស​មហាអំណាច គីម ហេង បាន​ប្រាប់​គន្លឹះ​មួយចំនួន ក្នុងការ​សិក្សា​ភាសា​អង់គ្លេស និង​ទទួលបាន​អាហារូបករណ៍​បរទេស​។


 
«​និស្សិត​ខ្មែរ​យើង​ភាគច្រើន គឺមាន​ភាព​ខ្មាសអៀន​ច្រើន​។ តាមពិត​ពួកគេ​ចេះ តែ​ពួកគេ​មិន​ហ៊ាន​និយាយ​ជាមួយ​ជនបរទេស​»​។ នេះ​ជាការ​លើកឡើង​របស់ គីមហេង ចំពោះ​ភាព​អសកម្ម​របស់​និស្សិត​ខ្មែរ ដែល​តែងតែ​ខ្មាសអៀន​ក្នុងការ​និយាយ​ភាសា​អង់គ្លេស​។ លោក​ថា នេះ​ជា​ចំណុច​ដ៏​សំខាន់ ដែលជា​ឧបសគ្គ​រារាំង​ការអភិវឌ្ឍ​ចំណេះដឹង​ភាសា​អង់គ្លេស​។ អតីត​និស្សិត​ជំនាញ​អប់រំ នៅ​វិទ្យាស្ថាន​ភាសាបរទេស​(IFL)​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការស្រាវជ្រាវ​ខ្លួនឯង ដូចជា ការអាន​សៀវភៅ​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន ស្តាប់​ចម្រៀង និង​មើល​ភាពយន្ត​ឯកសារ​ជា​ភាសា​អង់គ្លេស គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ភាសា​អង់គ្លេស​។ បន្ថែម​នេះ លោក​ថា ការស្រាវជ្រាវ​ពាក្យថ្មីៗ ដើម្បី​ឲ្យ​និយមន័យ​ឲ្យ​បានច្បាស់លាស់ និង​ត្រឹមត្រូវ ក៏​ជា​រឿង​មិនគួរ​មើលរំលង​ឡើយ​។  
 


​ក្រៅពី​មាន​អាជីព​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស បច្ចុប្បន្ន លោក ធា គីមហេង បានទទួល​អាហារូបករណ៍​អនុបណ្ឌិត​ជំនាញ English Teaching នៅ​សាកលវិទ្យាល័យ Nottingham Trent របស់​ចក្រភព​អង់គ្លេស​។ កំពុង​ចូលរួម​ពិធី​អបអរសាទរ​និស្សិត​ជ័យលាភី​នៅ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដែលមាន​និស្សិត​ជ័យលាភី​ចំនួន​២០​នាក់ ក្នុងនោះ​មាន​ឪពុកម្តាយ​និស្សិត ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ចូលរួម​ផងដែរ​នោះ លោក គីមហេង បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ថា អាហារូបករណ៍ Chevening របស់​ចក្រភព​អង់គ្លេស​នេះ គឺ មានការ​ឧបត្ថម្ភ ដូចជា សំបុត្រ​យន្តហោះ​ទៅមក ប្រាក់​ប្រចាំខែ និង​ថ្លៃ​ចំណាយ​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​រយៈពេល​មួយឆ្នាំ​តែម្តង​។   
 
​ពាក់​អាវធំ​ពណ៌​ខ្មៅ ក្រោម​ពន្លឺ​ភ្លើងពណ៌​មាស អ្នក​ភ្នំពេញ​រូបនេះ បាន​និយាយ​ទាំង​ទឹកមុខ​រីករាយ និង​សម្តី​ច្បាស់ៗ ថា នៅពេល​បញ្ចប់​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស លោក​នឹង​វិល​មក​មាតុភូមិ​វិញ ដើម្បី​ធ្វើ​ការងារ​ផ្នែក​អប់រំ នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា ឲ្យ​កាន់តែ​សម្បូរបែប​បន្ថែមទៀត​។   


 
​មុន​ឡើង​យន្តហោះ​នៅ​បន្ត​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស បុរស​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​បង្ហើប​ថា ដើម្បី​ទទួលបាន​អាហារូបករណ៍​ទៅ​បរទេស និស្សិត​គួរស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ប្រភេទ​អាហារូបករណ៍ និង​ព្យាយាម​បំពេញ​លក្ខខណ្ឌ​អាហារូបករណ៍ ឲ្យ​បាន​គ្រប់ តាម​អ្វីដែល​គេ​ត្រូវការ​។ មួយវិញទៀត ការស្វែងរក​ការងារ​ស្ម័គ្រចិត្ត ឬ​ការងារ​ដែល​ទទួលបាន​ប្រាក់បៀវត្ស​រយៈ​២​ឆ្នាំ ដើម្បី​សន្សំ​បទពិសោធន៍ និង​ពង្រឹងសមត្ថភាព គឺជា​លក្ខខណ្ឌ​សំខាន់​របស់​អាហារូបករណ៍ Chevening ។ បន្ថែម​ពីនេះ និស្សិត​គួរ​ស្វែងរក​ព័ត៌មាន​អាហារូបករណ៍​នៅតាម​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថានទូត​ដែល​ខ្លួន​ចង់ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ទាំងនោះ​។ ជាងនេះទៅទៀត ការតាំង​ចិត្ត និង​ការព្យាយាម ដោយ​មិន​បាក់​ទឹកចិត្ត​ចំពោះ​ភាពបរាជ័យ គឺជា​គន្លឹះ​សំខាន់​ជាងគេ ដើម្បី​ឈាន​ជើង ឆ្ពោះទៅ​ឈោង​ចាប់​អាហារូបករណ៍​បរទេស​៕       

Tag:
 ធា គីមហេង​
 ​អាហារូបករណ៍​
  IELTS
© រក្សាសិទ្ធិដោយ thmeythmey.com