ពីនេះ ពីនោះ
«​ពាក្យ​រៀល​» គឺជា​ក្បួន​ច្រៀង​ចួន​រណ្តំ​របស់​ខ្មែរ ដែលមាន​លក្ខណៈ​ដូច «Hip Hop»
12, Sep 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខ្មែរ​ជាទូទៅ ទៅហើយ​ដែល​យល់ឃើញថា ចម្រៀង ហ៊ី​ប​ហប «Hip Hop» ដែល​អ្នកចម្រៀង​ច្រៀង​សព្វថ្ងៃ ថា​ជា​ប្រភេទ​បទ​ចម្រៀង ដែល​ចម្លង​ពី​បរទេស​។ ប៉ុន្តែ​តាមពិត​ខ្មែរ​ក៏មាន​ក្បួន​ច្រៀង ចម្រៀង​នេះ​ដោយ​ខ្លួនឯង​ផងដែរ ដែល​អ្នកនិពន្ធ​ជំនាន់​ចាស់​លោក​ហៅថា «​ពាក្យ​រៀល​»​។​

 
​លោក វ៉ែន សុន ដែលជា​កវី​ជើងចាស់ ចាប់តាំងពី​ទសវត្សរ៍ ឆ្នាំ​១៩៦០ បាន​បញ្ជាក់ថា បទ​ចម្រៀង​ប្រភេទ​នេះ ខ្មែរ​មាន​តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ចង្វាក់​ដែល​គេ​ច្រៀង​គឺ​មិន​ខុស​នោះទេ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ លោក​បាន​បញ្ជាក់ថា សម្រាប់​បរទេស​គេ​ហៅ​ចម្រៀង​«Hip Hop» ប៉ុន្តែ​នៅក្នុង​ក្បួន​ចម្រៀង​ខ្មែរ គេ​ហៅថា «​ពាក្យ​រៀល​»​។​
 
​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​រៀបរាប់​ផងដែរ អំពី​អត្ថន័យ​នៃ​«​ពាក្យ​រៀល​»​នេះ​។ ពាក្យ​រៀល ជា​គុណនាម មានន័យថា ដែលមាន​ចួន​រណ្ដំ​ពីមួយ​ទៅមួយ​តៗ​គ្នា​រាល់​ឃ្លា​។ ឧទាហរណ៍​៖ ចេះ​មិន​ឈ្នះ​ចង់ ត្រង់​មិន​ឈ្នះ​ទាល់ កល​មិន​ឈ្នះ​គិត ឫទ្ធិ​មិន​ឈ្នះ​រោគ លោក​មិន​ឈ្នះ​លាញ ទាញ​មិន​ឈ្នះ​ទៅ នៅ​មិន​ឈ្នះ​នាង រាង​មិន​ឈ្នះ​រាគ លាក​មិន​ឈ្នះ​លោភ ល្មោភ​មិនចេះ​ល្មម ព្រម​មិន​ឈ្នះ​ព្រេង​...​ជាដើម​។ (​ពាក្យ​ឧកញ៉ា​សុ​ត្ត​ន្ត​ប្រីជា​អិន​)​។​
 
​បន្ថែម​ពីនេះ ស្មេរ​ជើងចាស់​រូបនេះ ក៏បាន​អះអាង​ផងដែរ​ថា អ្នក​ដែល​ច្រៀង​«Hip Hop» បច្ចុប្បន្ន​ប្រហែល​មិន​ស្គាល់​ថា​អ្វី​ទៅជា​«​ពាក្យ​រៀល​»​នោះទេ​។  ប៉ុន្តែ​ដោយសារ​មាន​ឥទ្ធិពល​មកពី​ខាងក្រៅ អ្នកចម្រៀង​នាំគ្នា​ទទួល​យកមក​ច្រៀង ហើយ​ចាត់ទុកថា​ជា​បទ​បរទេស ដោយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ជា​ពណ៌​សម្បុរ​ខ្មែរ​។ 
 
​លោក វ៉ែន សុន បាន​បញ្ជាក់ដែរថា អ្នកចម្រៀង​«Hip Hop» ខ្មែរ​បើ​យកតែ​«​ពាក្យ​រៀល​» មក​ប្រើ​គឺ​មិន​ខុស​នោះទេ ហើយ​មាន​ចួន​រណ្ដំ​ត្រឹមត្រូវ​តាម​ក្បួន​ទៀតផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com