ពីនេះ ពីនោះ
លទ្ធផល​បាក់​ឌុប​ជាប់ ជំ​ហ៊ាន​បន្ទាប់​គឺ​ពិចារណា មុខជំនាញ និង​គ្រឹះស្ថាន​អប់រំ​
13, Sep 2016 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៦​នេះ អត្រា​នៃ​អ្នក​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ មាន​ជាង​៦២% ក្នុងដំណាក់កាល​នៃ​ការធ្វើកំណែទម្រង់ ប្រព័ន្ធ​អប់រំ​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​។ លទ្ធផល​នេះ គេ​មើលឃើញថា យុវជន​ទាំងនោះ​គឺមាន​សមត្ថភាព​ពិត កើត​ពី​ការខិតខំ​ប្រឹងប្រែង​។ សមត្ថភាព ភាពឈ្លាសវៃ ក្នុង​ជីវិត​ជា​សិស្ស​វិទ្យាល័យ​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​រឿង​បន្ទាប់ គឺ​ការសម្រេចចិត្ត​ជ្រើសរើស​មុខជំនាញ និង​គ្រឹះស្ថាន​ថ្នាក់ឧត្ដម​សិក្សា ដើម្បី​សិក្សា​បន្ត និង​ធានាបាន​គុណភាព​អប់រំ​។



​យុវជន​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង​ស្វែងរក​ការប្រឹក្សា​យោបល់​ឲ្យ​បាន​ច្រើន មុន​ធ្វើការ​សម្រេចចិត្ត ជ្រើស​រើសយក​ស្ថាប័ន​ចូល​ដើម្បី​សិក្សា​។ មាន​លក្ខ​ណះ​វិនិច្ឆ័យ​ចំនួន​៣ ដែល​សិស្ស​និស្សិត​ត្រូវ​ពិចារណា មុន​ជ្រើសរើស​ស្ថាប័ន​ឧត្ដមសិក្សា​នោះ​៖

​ទី​១/. អាយុកាល​របស់​ស្ថាប័ន មានន័យថា​បើសិនជា​ស្ថាប័ន​មួយ​ល្អ ហើយ​រឹងមាំ​គឺអាច​ឈរជើង​បានយូរ​។

​ទី​២/. ចំនួន​និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​ស្ថាប័ន​នោះ ព្រោះ​កាលណា​ស្ថាប័ន​ល្អ គឺ​ប្រាកដ​ជាមាន​និស្សិត​រៀន​ច្រើន ។

​ទី​៣/. ស្តង់ដារ​អប់រំ​របស់​ស្ថាប័ន ទាំង​កម្មវិធីសិក្សា សមត្ថភាព​គ្រូឧទ្ទេស​នាម ទីតាំង​អគារ បរិស្ថាន​សាលា សន្តិសុខ​អប់រំ បណ្ណាល័យ​ឯកសារ ប្រវត្តិ​សាលា ភាពលេច​ធ្លោ​របស់​និស្សិត​នៅក្នុង​សាលា​ទៅក្នុង​សង្គម  និង​កេរ្តិ៍ឈ្មោះ​របស់​សាលា ជា​ចំនុច​សំខាន់​សម្រាប់​សិស្ស​និស្សិត​។ ព្រោះ​គ្រឹះស្ថាន​អប់រំ​មួយ​ដែល​មិនមាន​ស្ដង់ដារ ទទួលស្គាល់​ដោយ​ក្រសួង​ស្ថាប័ន ឬ​ថ្នាក់ជាតិ ថ្នាក់​តំបន់ គឺជា​បញ្ហា​ប្រឈម​ខ្ពស់​ចំពោះ​ជោគវាសនា​របស់​និស្សិត​។

​ដោយឡែក បញ្ហា​ជំនាញ​សិក្សា និស្សិត​ត្រូវ​ស្វែងរក​អ្នក​ប្រឹក្សា​ឲ្យ​បាន​ច្រើន និង​តាមដាន​ព័ត៌មាន ពី​ដំណើរ​វិវឌ្ឍន​របស់​ស​ង្គ​ម នៅ​ថ្ងៃមុខ ថា​ជំនាញ​អ្វីដែល​សិក្សា​ទៅ ៤​ឆ្នាំក្រោយ ឬ​ក្រោយពេល​បញ្ចប់​បរិ​ញ្ញាប​ត្រ មាន​ទីផ្សារការងារ​ទូ​លាយ ហើយ​ជា​តម្រូវការ​របស់​សង្គម​។​


© រក្សាសិទ្ធិដោយ thmeythmey.com