កីឡាជាតិ
ជាតិ
ចំបាប់​រកឃើញ​កីឡាករ​ជើង​ខ្លាំង​១៦​នាក់​ពី​កំពង់ឆ្នាំង​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១
12, Sep 2016 , 9:59 pm        
រូបភាព
 រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​
រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​
ដោយ:
​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​កាលពី​សប្តាហ៍​មុន​បាន​រកឃើញ​កីឡាករ​ជើង​ខ្លាំង​ចំនួន​១៦​នាក់​ទៀត​ពី​ខេត្តកំពង់ឆ្នាំង សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ National Games 2016 នា​ថ្ងៃទី​២៥ តុលា ដល់​ថ្ងៃទី​៥ វិច្ឆិកា ខាងមុខនេះ​។ លើសពីនេះ​សហព័ន្ធ​ក៏​ជ្រើសរើស​បាន​យុវជន​ថ្នាល​ម្នាក់ ដើម្បី​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ​។



​សម្រាប់​យុទ្ធនាការ​ស្វែងរក​ជើង​ខ្លាំង​តាម​បណ្តា​ខេត្ត ដើម្បី​ត្រៀម​ប្រកួត​ជើងឯក​កីឡា​ជាតិ​លើក​ទី​១ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ស្វែង​រកឃើញ​កីឡាករ​ជើង​ខ្លាំង​ប្រចាំខេត្ត​កំពង់ឆ្នាំង​ចំនួន​១៦​នាក់ ព្រមទាំង​យុវជន​ថ្នាល​អាយុ​១៦​ឆ្នាំ​១​នាក់​បន្ថែមទៀត​កាលពី​សប្តាហ៍​មុន​។
 
​កីឡាករ​ទាំង​១៦​នាក់​ដែល​សហព័ន្ធ​រកឃើញ​នេះ បន្ទាប់ពី​ពួកគេ​ឆ្លងកាត់​ការប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ខេត្តកំពង់ឆ្នាំង​ប្រចាំឆ្នាំ​២០១៦ ដែលមាន​កីឡាករ​៥០​នាក់​ចូលរួម​កាលពី​សប្តាហ៍​មុន​។ លើសពីនេះ​ពួកគេ​សុទ្ធសឹង​ជា​កីឡាករ​ជើងឯក និង​ជើងឯក​រង​ប្រចាំ​ព្រឹត្តិការណ៍ ព្រមទាំង​ជា​កីឡាករ​ដែល​ឆ្លងកាត់​ការសម្រិតសម្រាំង​ពី​អ្នកជំនាញ​របស់​សហព័ន្ធ​។​



​បើ​យោងតាម លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក្នុងចំណោម​កីឡាករ​ទាំង​១៦​នាក់ គឺ​១០​នាក់​(​ស្រី​១​នាក់​)​ជា​កីឡាករ​កីឡាការិនី​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២​ប្រចាំ​ព្រឹត្តិការណ៍​ជើងឯក​ប្រចាំខេត្ត​កំពង់ឆ្នាំង​។ ចំណែក​កីឡាករ​៦​នាក់​ជាការ​សម្រិតសម្រាំង​ជ្រើសរើស​ឲ្យ​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ​របស់​សហព័ន្ធ ហើយ​ពួកគេ​នឹងដាក់​ឲ្យ​លេងចំបាប់​កូ​រ៉ូ​ម៉ាំង​ប្រចាំខេត្ត​កំពង់ឆ្នាំង​។

​ក្នុង​យុទ្ធនាការ​ស្វែងរក​ជើង​ខ្លាំង​នៅ​ខេត្តកំពង់ឆ្នាំង​នេះដែរ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក៏បាន​ស្វែង​រកឃើញ​កីឡាការិនី​ថ្នាល ស៊ឹម សុភា​ល័យ ម្នាក់​ផងដែរ ដើម្បី​ហ្វឹកហាត់​បណ្តុះបណ្តាល​ជាមួយ​យុវជន​ថ្នាល​របស់​សហព័ន្ធ នៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​សហព័ន្ធ​ជ្រើសរើស​បាន​យុវជន​ថ្នាល​ពី​ការប្រកួត​ជើងឯក​តាម​ខេត្ត បន្ទាប់ពី​ខេត្តពោធិ៍សាត់​។

​កីឡាការិនី ស៊ឹម សុភា​ល័យ បច្ចុប្បន្ន​មាន​អាយុ​១៦ ជា​សិស្ស​ថ្នាក់​ទី​៩​នៃ​អនុវិទ្យាល័យ​មួយកន្លែង​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ជា​កីឡាការិនី​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​លើ​វិញ្ញាសា​៥៥​គីឡូក្រាម​នារី​ផ្នែក​ចំបាប់​បុរាណ​។ ហើយ​រូបគេ​ត្រូវ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​យកមក​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​ថ្នាល​ជម្រើសជាតិ​កម្ពុជា​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជ្រើសរើស​នេះ លោក ធិ​ន វិចិត្រ បាន​បកស្រាយ​ថា ដោយសារ​កីឡាការិនី​ម្នាក់នេះ​មាន​ទេពកោសល្យ​ល្អ​ក្នុងការ​លេងចំបាប់​បុរាណ​។ លោក​បាន​បន្ថែមថា ប្រសិនបើ​កីឡាការិនី​ម្នាក់នេះ​មាន​សមត្ថ​ភាពល្អ​ក្នុងការ​ហ្វឹកហាត់​សហព័ន្ធ​នឹងដាក់​ចូល​ជា​យុវជន​ថ្នាល​ជា​ផ្លូវការ ព្រមទាំង​ផ្ទេរ​ការសិក្សា​របស់គេ​មកកាន់​រាជធានី​ភ្នំពេញ​។ 

​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ខេត្តកំពង់ឆ្នាំង យុទ្ធនាការ​ស្វែងរក​ជើង​ឯក​ប្រចាំខេត្ត​ក្រោម​ការឧបត្ថម្ភ​របស់លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ក្រោយ​ការចង្អុលបង្ហាញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​មួយ​នេះ នឹង​បន្តដំណើរ​ទៅកាន់​ខេត្តកណ្តាល និង​ខេត្តព្រៃវែង នា​ចុង​សប្តាហ៍​នេះ​។ គួរ​បញ្ជាក់ថា ការប្រកួត​ប្រចាំខេត្ត​ទាំងពីរ​នឹងធ្វើ​រួមគ្នា​នៅ​វិហា​សួគ៌​៕  


Tag:
 ចំបាប់​
  National Games
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com