កីឡាជាតិ
ជាតិ
​ក្នុងជំនួប​ជាមួយ​អូស្ត្រាលី U19 កម្ពុជា​បង្ហាញ​ភាពរឹងមាំ តែ​ធ្លាយ​២​គ្រាប់​ក្នុង​ចន្លោះពេល​៣​នាទី​
13, Sep 2016 , 3:50 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​បាន​ចាញ់​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី ២-០ ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​ពូ​ល​B នៃ​ពានរង្វាន់ AFF U19 Championship 2016 កាលពី​យប់មិញ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ចំណែក U19 ថៃ​បាន​យកឈ្នះ U19 ឡាវ ២-១ និង U19 មី​យ៉ាន់​ម៉ា យកឈ្នះ U19 ឥណ្ឌូនេស៊ី ៣-២​។



​នា​ជំនួប​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ជម្រើសជាតិ U19 កម្ពុជា និង​ក្រុម U19 អូស្ត្រាលី​នៅ​កីឡដ្ឋាន Vietnam Youth Training Centre ក្នុង​ក្រុង​ហូជីមិញ​កាលពី​យប់មិញ​។ ក្នុង​តង់​ទី​១​ក្រុម​ទាំងពីរ​បានធ្វើ​ការប្រកួត​វាយបក​ដាក់គ្នា​ទៅវិញទៅមក​និង​បាន​បង្កើត​ឱកាស​ទម្លុះ​សំណាញ់​ទី​រៀងៗ​ខ្លួន ប៉ុន្តែ​នៅតែ​មិនអាច​រក​គ្រាប់​បាល់​បាន​ជូន​ក្រុម​។​

​លុះដល់​ទង់​ទី​២​ដោយសារ​កម្ពស់ និង​មាឌ​របស់ U19 អូស្ត្រាលី​បានធ្វើ​ឲ្យ​ក្រុម U19 កម្ពុជា​ហាក់ដូចជា​មានការ​ចាញ់​ប្រៀបបាន​ថមថយ​នូវ​កម្លាំង និង​សន្ទុះ​នៃ​ការ​វាយបក​។ ការប្រកួត​ប្រព្រឹត្តទៅ​បានត្រឹមតែ​ជាង​១០​នាទី​កីឡាករ Blackwood បានសម្រេច​គ្រាប់​បាល់​នាំមុខ​សម្រាប់​អូស្ត្រាលី​នៅ​នាទី​៦៥​។ ៣​នាទី​ក្រោយមក​កីឡាករ​រូបនេះ​បានសម្រេច​គ្រាប់​បាល់​ទី​២ ដើម្បី​ជួយ​ឲ្យ​ក្រុម U19 អូស្ត្រាលី​នាំមុខ U19 កម្ពុជា ២-០ នៅ​នាទី​៦៨​។ ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ជួយ​ឲ្យ​ក្រុម U19 អូស្ត្រាលី​យកឈ្នះ​លើ​ក្រុម U19 កម្ពុជា​ក្នុង​លទ្ធផល ២-០​។

​មុន​កម្ពុជា​ចាញ់​អូស្ត្រាលី ២-០ ក្នុង​ពូ​ល​B ជាមួយគ្នានេះ ក្រុមយុវជន​ជម្រើសជាតិ U19 ថៃ បាន​យកឈ្នះ​លើ​ក្រុមយុវជន​ជម្រើសជាតិ U19 ឡាវ​ក្នុង​លទ្ធផល ២-១​។ ជ័យជម្នះ​របស់ U19 ថៃ គឺ​សម្រេច​ដោយ​កីឡាករ Worachit Kanitsribampen មួយ​គ្រាប់​នៅ​នាទី​២៦ មុន​កីឡាករ Supachai Jaided សម្រេច​គ្រាប់​ទី​២​នៅ​នាទី​៦០​។ ចំណែក​មួយ​គ្រាប់​របស់​ឡាវ សម្រេច​ដោយ​កីឡាករ Maitee នៅ​នាទី​៤២​។

​ជាមួយគ្នានេះ ក្រុមយុវជន​ជម្រើសជាតិ U19 មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ U19 ឥណ្ឌូនេស៊ី ក្នុង​លទ្ធផល ៣-២​។ ជ័យជម្នះ​របស់​មី​យ៉ាន់​ម៉ា​នេះ​សម្រេច​ដោយ​កីឡាករ Aung Kaung Mann, Zwee Thet Paing  និង​កីឡាករ Shwe Ko ម្នាក់​១​គ្រាប់​នៅ​នាទី​១១, ២៦ និង​៥៥​។ ចំណែក​២​គ្រាប់​របស់​ឥណ្ឌូនេស៊ី​សម្រេច​ម្នាក់​១​គ្រាប់​ដោយ​កីឡាករ Pandi Goal និង​កីឡាករ Sandi Goal នៅ​នាទី​១៦ និង​៤២៕ 


Tag:
 បាល់ទាត់​
  U19
  AFF U19 Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com