អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte ថា ចិន​ចង់​ឲ្យ​យន្តហោះ​លោក ព្រោះ​ចិន​បារម្ភ​ពី​លោក
14, Sep 2016 , 12:44 pm        
រូបភាព
 
 
​ខណៈដែល​មើលមុខ​គ្នា​មិនសូវ​ត្រូវ​ជាមួយ​អាមេរិក​នោះ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​បង្កើន​សមត្ថភាព​កងកម្លាំង​ហ្វីលីពីន តាមរយៈ​ការទិញ​សព្វាវុធ​ថ្មី​បន្ថែម​។ លោក Duterte បាន​ណែនាំ​មន្ត្រី​ក្រសួងការពារជាតិ​ហ្វីលីពីន សម្លឹងមើល​ទីផ្សារ​អាវុធ​របស់​ចិន និង​រុស្សី ដើម្បី​បង្កើន​ឥទ្ធិពល​របស់​យោធា​ខ្លួន និង​អះអាងថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​យន្តហោះ​លោក​ទៀតផង​។  

 
​សមាជិក​អាស៊ាន​ហ្វីលីពីន កំពុង​សម្លឹង​ឃើញ​ការ​នាំចូល​អាវុធយុទ្ធភណ្ឌ​ថ្មីៗ​ជាច្រើន​ពី​ប្រទេស​ចិន និង​រុស្សី នាពេលខាងមុខ​។ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានលើកឡើង​ពី​រឿងនេះ​ទៅកាន់​ទាហាន​អាកាស​ហ្វីលីពីន ដោយ​លោក​បញ្ជាក់ថា កិច្ចព្រមព្រៀង​ទិញ​អាវុធ កំពុងស្ថិត​ក្នុង​ដំណើរការ ហើយ​ការ​សំណើ​លក់​អាវុធ ក៏មាន​ជា​បន្តបន្ទាប់​ដែរ​។​
 
​ជាមួយគ្នានេះ ប្រធានាធិបតី​ហ្វីលីពីន ក៏​និយាយ​ដែរ​ថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​យន្តហោះ​លោក ព្រោះ​ក្រុង​ប៉េកាំង​បារម្ភ​ពី​រូបលោក​។ ហើយនេះក៏ដោយសារចិននឹកឃើញ​ថា អាមេរិកក៏តែ​ងតែ​ផ្តល់ជំនួយ​​យោធា​ដល់ហ្វីលីពីន​ដែរ​។ យ៉ាងណាក្ដី លោក Duterte ក៏បាន​បញ្ជាក់​ជំហរ​របស់លោក​ក្នុងការ​អនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ មិន​រណប​អ្នកណា​ឡើយ​។ 
​ជុំវិញ​រឿងនេះ លោក​ប្រធានាធិបតី Duterte ក៏​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana និង​អ្នកបច្ចេកទេស​ដទៃទៀត ធ្វើដំណើរ​ទៅកាន់​ចិន និង​រុស្សី ដើម្បី​ស្វែងរក​អាវុធ​ល្អៗ​សម្រាប់​ប្រើប្រាស់​។ លោក​អះអាងថា ប្រសិនបើ​ហ្វីលីពីន​ត្រូវ​ទិញ​អាវុធ​ពី​អ្នកដទៃ ហើយ​វា​ជា​របស់ Free ទៅទៀត​នោះ គឺ​លោក​មិនអាច​និយាយថា «​ទេ​»​ឡើយ​។ ចំណែកឯ​យន្តហោះ​ដែល​ចិន​ចង់​ឲ្យ​លោក​នោះ លោក​នឹង​ឲ្យ​បន្តទៅ​ទ័ពអាកាស​វិញ​។​
 
​យោងតាម​សារព័ត៌មាន Rappler លោក Duterte លើកឡើង​ដែរ​ថា ទាំង​ចិន និង​រុស្សី សុទ្ធតែ​ចង់​ផ្ដល់​កម្ចី​ការប្រាក់​ទាប​សម្រាប់​ឲ្យ​ហ្វីលីពីន​ទិញ​អាវុធ​ទាំងនោះ​។ លោក​បន្តថា ប្រទេស​ទាំងពីរ មាន​ប្រាក់​ឲ្យ​ខ្ចី ដែល​អាច​សង​ដល់​ឆ្នាំ​២០២៥ ប៉ុន្តែ​ហ្វីលីពីន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​គ្រឿង​បរិក្ខារ​យោធា សម្រាប់​ទំនើបកម្ម​យោធា​របស់ខ្លួន ហើយ​លោក​ចង់បាន​អាវុធ ដែល​អាច​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​បាន ជាពិសេស​ក្រុម​ឧទ្ទាម​នៅ​កោះ​មិន​ដា​ណាវ​។    
 
​ប្រភពព័ត៌មាន​ខាងលើ​បន្តថា លោក Duterte មិន​ចង់បាន​យន្តហោះ F-16 អី​ទេ ព្រោះ​មិនបានការ​ឡើយ ហើយ​ហ្វីលីពីន ក៏​មិន​ប្រើប្រាស់​វា ដើម្បី​វាយប្រហារ​អ្នកណា​ដែរ ចង់បាន​ប្រភេទ​យន្តហោះ​ធម្មតា នឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​ហោះ​បាន​ចម្ងាយ​ខ្លី​ប៉ុណ្ណោះ​។ តាមពិត យន្តហោះ F-16 ដែល​លោក Duterte លើក​មក​និយាយ​នេះ គឺ​ត្រូវ​ស្នើ​ផ្ដល់​ដោយ​អាមេរិក រួមជាមួយ​នាវាចម្បាំង​ពីរ​គ្រឿង​ទៀត​៕  
 
 

Tag:
 ហ្វីលីពីន​
 ​ ចិន​
  ​រុស្សី​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com