ពីនេះ ពីនោះ
តើ​ពាក្យ​«​កា​, ការ​, ការណ៍​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
15, Sep 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​កា​, ការ និង ការណ៍​» ជា​ពាក្យ​ដែលមាន​សទិសសូរ​ដូច​គ្នា ប៉ុន្តែ​មាន​អត្ថន័យ និង​ការប្រើប្រាស់​មិន​ដូចគ្នា​ទេ​។ តើ​ពាក្យ​ទាំងបី​នេះ​មាន​អត្ថន័យ និង​ការប្រើ​ខុសគ្នា​យ៉ាងដូចម្ដេច​?



​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖

​ពាក្យ​«​កា​»​មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា បំពង់​សម្រាប់​ដាក់​ទឹក ធ្វើ​ដោយ​លោហៈធាតុ​ផ្សេងៗ ឬ​ដោយ​ដី​លាយ​ពណ៌​“​កាទឹក​”​។ ប៉ុន្តែ​បើជា​កិរិយាសព្ទ មានន័យថា សរសេរ​អាសយដ្ឋាន គឺ​សរសេរ​ចុះឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ នៅ​ស្រោមសំបុត្រ​ដែល ផ្ញើ​ទៅ “​ការ​ស្រោមសំបុត្រ​” សរសេរ​ថែម​សេចក្ដី​ផ្សេងៗ លើ​ខ្នងសំបុត្រ​ជាស​ញ្ញា​។​

​ចំណែក​ពាក្យ​«​ការ​» មានន័យថា មូរ​សរសៃសូត្រ​, សរសៃអំបោះ​ជាដើម​ដោយ​ខ្នារ “​ការសូត្រ​,​ការអំបោះ​...”​។ ន័យ​ម្យ៉ាងទៀត​គឺ “​បិទបាំង​, រាំងរា​, ឃាត់​ខាំង​, ការមិន​ឲ្យ​សត្រូវ​ចូលមក​, ការខ្លួន មេមាន់​ការកូន​...​។​” រីឯ​ន័យ​មួយ​ផ្សេងទៀត​គឺ “​រៀបចំ​ផ្សំផ្គុំ​បុរស​ស្ត្រី​ឲ្យ​បានជា​គូ​ស្វាមីភរិយាៈ ការកូន​, ការក្មួយ​...”​។​

​ដោយឡែក​ពាក្យ​«​ការណ៍​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យ​ហេតុ​, ដំណើរ “​ទាស់​ការណ៍​ហើយ​ឯង​, សេចក្ដីរាយការណ៍​។​

​យោងតាម​ការ​ឲ្យ​និយមន័យ របស់​ពាក្យ​ទាំងបី​ខាងលើនេះ អាច​បង្ហាញ​ឲ្យ​ឃើញថា ពាក្យ​ទាំងនេះ មិនមែន​ចេះតែ​ប្រើ​បាន​នោះទេ​។ ប៉ុន្តែ​នៅក្នុង​ការប្រើប្រាស់ ត្រូវ​ប្រើ​ឲ្យ​ត្រូវ​តាម​អត្ថន័យ​ដើមរ​បស់ពាក្យ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com