អន្តរជាតិ
ប្រព័ន្ធ​អេកូឡូស៊ី​បឹង Tanganyika ងាយ​រង​ប៉ះពាល់​ដោយ​អាកាសធាតុ​
15, Sep 2016 , 1:32 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ បឹង Tanganyika របស់​ទ្វីបអាហ្វ្រិក​មាន​ជីវៈចម្រុះ​ច្រើនជាង​កោះ Galapagos​។ វា​គឺជា​បឹង​ទឹកសាប​ដ៏​វែង​បំផុត​របស់​ពិភពលោក និង​ជា​ជម្រក​របស់​ត្រី​ទឹកសាប​ពណ៌​ផ្សេងៗ​គ្នា​ជាច្រើន ដែល​គេ​ហៅថា cichlids ដែលមាន​នៅក្នុង​អាង​ចិញ្ចឹម​ត្រី​។​



​គេ​អាច​រកឃើញ​ប្រភេទ​សត្វ​រាប់រយ​ប្រភេទ​បឹង​នេះ​ប៉ុណ្ណោះ ដែល​គេ​ហៅថា​បឹង​ជម្រក​។ ប៉ុន្តែ​ប្រភេទ​សត្វ​ទាំងនោះ កំពុង​ត្រូវបាន​គំរាមកំហែង​ដោយសារ​សកម្មភាព​រប​ស់មនុស្ស​។ ការនេសាទ​បែប​អាជីវកម្ម​កំពុង​ដើរតួ​ជា​អ្នក​គំរាមកំហែង ប៉ុន្តែ​ការគំរាមកំហែង​ធំ​បំផុត​ពិតប្រាកដ​នោះ​កើត​មាននៅ​ទីនោះ​រយៈពេល​យូរ​ជាង​ការនេសាទ​ត្រី​ទៅទៀត​។ បើ​យោងតាម​ការសិក្សា​នៅក្នុង PNAS ការគំរាមកំហែង​នោះ​គឺ​ការប្រែប្រួល​នៃ​អាកាសធាតុ​។​

​មើល​ឲ្យ​កាន់តែ​ជិត​
​បឹង Tanganyika ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​តង់​សានី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ប្រទេស​ប៊ូ​រុន​ឌី និង សំ​ប៊ី ផ្ដល់នូវ​ប្រូតេអ៊ីន​ពីមួយ​ភាគបី​ទៅ​ពាក់កណ្តាល​នៃ​ប្រូតេអ៊ីន​សត្វ​សម្រាប់​តម្រូវការ​របស់​អ្នកភូមិ​។ ការនេសាទ​ត្រី​ជា​បែប​ពាណិជ្ជកម្ម​បានចាប់ផ្តើម​នៅក្នុង​បឹង​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ហើយ​សព្វថ្ងៃនេះ ការនេសាទ​នៅទីនេះ​អាច​នាំចេញ​ត្រី​បាន​ជាង​២​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។​

​ប៉ុន្តែ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ អ្នកនេសាទ​និង​អ្នកភូមិ បាន​សង្កេតឃើញថា ចំនួន​ត្រី​បាន​ធ្លាក់ចុះ​។ មាន​ការជជែក​ពិភាក្សាគ្នា​នៅក្នុង​រង្វង់​នៃ​ការសិក្សា ថា​តើ​ការនេសាទ​ហួសប្រមាណ​ឬ​ការប្រែប្រួល​អាកាសធាតុ​គឺជា​កត្តា​ចម្បង​ចំពោះ​ការធ្លាក់ចុះ​បរិមាណ​ត្រី​ដែល​គេ​បាន​មើលឃើញ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ឬ​យ៉ាងណា​។​

​ការស្រាវជ្រាវ​កន្លងមក​បាន​បង្ហាញថា សីតុណ្ហភាព​ផ្ទៃ​ទឹក​បឹង​បាន​កើនឡើង​ក្នុង​រយៈពេល ១៥០​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅក្នុង​សារ​អេ​ឡិច​ត្រូ​និ​ចមួយ​ដែល​បាន​ផ្ញើ​មកកាន់​វី​អូ​អេ លោក Jouko Sarvala សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​ជីវសាស្ត្រ​នៅ​សាកលវិទ្យាល័យ Turku របស់​ប្រទេស​ហ្វាំ​ង​ឡង់ បានកត់សម្គាល់​ឃើញថា បើទោះបីជា​សីតុណ្ហភាព​នៃ​បឹង​នេះ​បាន​កើនឡើង​ក៏ដោយ ការនេសាទ​ក្នុងស្រុក​បាន​រាយការណ៍​ថា មានការ​កើនឡើង​នៃ​ការ​ទិន្នផល​ត្រី​នៅក្នុង​ចន្លោះ​រវាង​ទសវត្សរ៍​ឆ្នាំ​១៩៥០​និង ទសវត្សរ៍​ឆ្នាំ​១៩៧០​។ សម្រាប់​រយៈពេល​ពី​រទ​ស​វត្សរ៍​បន្ទាប់មកទៀត ទិន្នផល​ត្រី​មានការ​កើនឡើង​និង​ធ្លាក់ចុះ​ឆ្លើយតប​ទៅតាម​ការប្រែប្រួល​នៃ​សកម្មភាព​នេសាទ​។ រហូតមកដល់​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ទើប​ការប្រែប្រួល​នៃ​ផល​នេសាទ​ជាក់ស្តែង​ត្រូវបាន​គេ​កត់សម្គាល់ឃើញ​មានការ​ធ្លាក់ចុះ​យ៉ាងច្បាស់​។​

​ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​ជលផល អ្នកស្រាវជ្រាវ​អាមេរិក​មួយក្រុម​បាន​ស្រង់​ស្នូល​ដីល្បាប់​ពី​ទីតាំង​ផ្សេងៗ​គ្នា​ជាច្រើន​កន្លែង​នៅក្នុង​បឹង Tanganyika ។​

​ស្រទាប់​នៃ​ភក់​មាន​ផ្ទុក​ផូស៊ីល​ដែល​អាច​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ការកើនឡើង​និង​ការធ្លាក់ចុះ​នៃ​បរិមាណ​ត្រី​។ អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​ការផ្លាស់ប្តូរ​ទាំងនោះ​ជាមួយនឹង​ទិន្នន័យ​សីតុណ្ហភាព​ដែលមាន​កាលពី​១៥០​ឆ្នាំមុន​។ ពួកគេ​បាន​រកឃើញ​ការកើនឡើង​និង​ការធ្លាក់ចុះ​នៃ​ម​រិ​មាណ​ត្រី​ទៅតាម​វដ្ត​នៃ​ការកើនឡើង​និង​ការធ្លាក់ចុះ​នៃ​កម្តៅ​ធម្មជាតិ​នៃ​បឹង​នោះ​។​

​ប៉ុន្តែ​អ្នកស្រាវជ្រាវ​ក៏​បានឃើញ​ការធ្លាក់ចុះ​នៃ​បិ​រ​មាណ​ត្រី​ក្រោយ​មានការ​កើនឡើង​កំដៅ​ផែនដី​ជារួម​ដែល​បានចាប់ផ្តើម​តាំងពី​១៥០ ឆ្នាំកន្លងមក គឺ​នៅ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​។ ការណ៍​នោះបាន​បង្ហាញថា ការធ្លាក់ចុះ​នៃ​បរិមាណ​ត្រី​បានចាប់ផ្តើម​តាំងពី​មុនពេល​មានការ​នេសាទ​ត្រី​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​តំបន់​នោះ​ទៅទៀត​។​

​លោក Andrew Cohen សាស្ត្រាចារ្យ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភូគព្ភវិទ្យា​នៅ​សាកលវិទ្យាល័យ Arizona និង​ជា​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ពន្យល់ថា​៖ «​អ្វីដែល​យើង​អាច​ដឹងបាន​ពី​ការប្រែប្រួល​នេះ​គឺថា បរិមាណ​ត្រី​ប្រែប្រួល​ជាទូទៅ​ទៅតាម​អាកាសធាតុ ប៉ុន្តែ​អាកាសធាតុ​មិនមែនជា​កក្តា​កំណត់​ទេ​។ ហើយ​ការនេសាទ​ត្រី​ពិតជា​ផ្នែក​សំខាន់​មួយ​ការប្រែប្រួល​ដ៏​ស៊ីសង្វាក់​គ្នា​។ យើង​ក៏ត្រូវ​គិតពិចារណា​ផងដែរ​នៅពេល​យើង​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​គ្រប់គ្រង​ណាមួយ​។ ប៉ុន្តែ​ទោះយ៉ាងណា ជាការ​ពិត វា​ទាក់ទង​ទៅនឹង​ការប្រែប្រួល​នៃ​អាកាសធាតុ​»​។​

​លោក Sarvala បានទទួល​ស្គាល់​ការសិក្សា​ដែល​បាន​បង្កើត​ឡើងជា​លើកដំបូង​នេះ ថា​ជាការ​ទំនាក់ទំនង​គួរឱ្យ​ទុកចិត្ត​រវាង​ការកើនឡើង​នៃ​សីតុណ្ហភាព​បឹង និង​ការថយចុះ​បរិមាណ​ត្រី​។ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន នេះ ទាំង​អាកាសធាតុ​ទាំង​អ្នកនេសាទ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បឹង​នេះ​។​

​ការបាត់បង់​ជម្រក
​លោក Peter McIntyre សាស្ត្រាចារ្យ​ផ្នែក​សួនសត្វ​វិទ្យា​នៅ​សាកលវិទ្យាល័យ Wisconsin-Madison ដែល​បាន​ចូលរួម​ក្នុងការ​សិក្សា​នេះ​បាន​ប៉ាន់ប្រមាណ​ថា មានការ​បាត់បង់​ជម្រក​ត្រី​និង​ខ្យង ៣៨​ភាគរយ​នៅក្នុង​បឹង​នេះ​។​

​លោក​ប្រាប់​វី​អូ​អេ​ថា​៖ «​នោះ​ជាការ​បាត់បង់​គួរឱ្យភ្ញាក់ផ្អើល​មួយ និង​ជា​អ្វីដែល​មិន​ធ្លាប់​ត្រូវបាន​កត់ត្រា​ទុក​ឯកសា​រ​ពីមុនមក​ទេ​»​។​

​លោក McIntyre បាន​និយាយថា ភាគច្រើន​នៃ​ជីវិត​សត្វ​នៅក្នុង​ទឹក​រស់នៅក្នុង «​រង្វង់​អាងទឹក​នៃ​ជីវៈចម្រុះ​» នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ ឬ​នៅ​បាត​បឹង​នេះ​។​

​នេះ​ក៏​ដោយសារតែ នៅ​ជម្រៅ​អតិបរមា​ជិត​១៥០០​ម៉ែត្រ​នោះ វា​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​បំបែក​អុកស៊ីសែន​នៅ​ទូទាំង​ក្នុង​បឹង​នោះ​។ អុកស៊ីសែន​ចូលទៅក្នុង​ផ្ទៃ​លើ​នៃ​ទឹក​ពី​ខ្យល់ ហើយ​ជាធម្មតា​ត្រូវបាន​លាយ​បញ្ចូល​គ្នា​ទៅក្នុង​ជម្រៅ​១០០​ម៉ែត្រ​ដោយសារ​ចរន្ត​ខ្យល់​។​

​សីតុណ្ហភាព​នៃ​ទឹក​ធ្លាក់ចុះ​នៅពេលដែល​អ្នក​មុជ​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​បឹង ដែល​នេះ​មានន័យថា ទឹក​ក៏​កាន់​តែមាន​សម្ពាធ​ធ្ងន់​នៅពេល​អ្នក​ចូលក្នុង​ទឹក​កាន់តែ​ជ្រៅ​។ ការប្រែប្រួល​អាកាសធាតុ​បង្កឱ្យមាន​ការកើនឡើង​សីតុណ្ហភាព​នៅ​ខាងក្រៅ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​ខាងលើ​មាន​កំដៅ​ដែល​ធ្វើឱ្យ​វា​មាន​សម្ពាធ​ស្រាល​ជាង​មុន​។​

​ភាពខុសគ្នា​នៃ​ដង់ស៊ីតេ​រវាង​ផ្ទៃ​ទឹក​មាន​សម្ពាធ​ស្រាល​ដែលមាន​ផ្ទុក​អុកស៊ីសែន និង​ទឹក​ត្រជាក់​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម​មានន័យ​ថា ខ្យល់​មិនអាច​ធ្វើ​ឲ្យ​ទឹក​មាន​ល្បាយ​នៅ​ជម្រៅ​ធម្មតា​បានទេ​។ អុកស៊ីសែន​មិន​ធ្លាក់ចុះ​ទៅបាន​ជ្រៅ​ទេ ហើយ​សារធាតុចិញ្ចឹម​ក៏​មិន​ផុស​ឡើង​មកលើ​ដែរ​។​

​លោក Cohen ពន្យល់ថា​៖ «​អុកស៊ីសែន​ប្រហែលជា​ធ្លាក់​ចូលក្នុង​ទឹកបាន​១០០​ម៉ែត្រ​នៅ​កន្លែង​ខ្លះ កាលពី​៥០​ឆ្នាំមុន ហើយ​ឥឡូវនេះ វា​អាច​ធ្លាក់ចុះ​បាន​ជម្រៅ​តែ​៧០​ម៉ែត្រ​ប៉ុណ្ណោះ​។ ដូច្នេះ ជម្រក​ត្រី​ដែល​នៅ​បាត​បឹង​ដែល​កាលពីមុន​ទឹក​មាន​អុកស៊ីសែន​និង​ជា​កន្លែង​ដែល​សត្វ​អាច​រស់នៅ​បាន​នោះ វា​លែង​ជា​ជម្រក​ត្រី​ទៀតហើយ​»​។​

​ការផ្លាស់ប្តូរ​ជាស​កល និង ផលប៉ះពាល់​ក្នុងស្រុក​
​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​អាច​មើលឃើញ​នៅក្នុង​ទម្រង់​ទាំងអស់ រាប់​ចាប់តាំងពី​ការ​រលាយ​នៃ​ស្រទាប់​ទឹកកក​នៅក្នុង​តំបន់​អាក់​ទិ​ក រ​ហុត​ដល់​ការ​ផុត​ពូជ​សត្វ​កណ្តុរ​ដោយសារតែ​ជម្រក​របស់​ពួកវា​នឹងត្រូវ​នៅក្រោម​ទឹក​។ វា​ដូចគ្នា​ទៅនឹង​ខ្លាឃ្មុំ​តំបន់​ប៉ូល និង​សត្វ​កណ្តុរ​ដែល​បាត់បង់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ពួកវា​ដែរ មនុស្ស​ដែល​ពឹង​ផ្អែកលើ​ត្រី​នៅក្នុង​បឹង Tanganyika មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​ដើម្បី​បញ្ឈប់​ការប្រែប្រួល​អាកាសធាតុ​ទេ ប៉ុន្តែ​ពួកគេ​កំពុង​ធ្វើ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទាំងនោះ​។​

​លោក Ismael Aaron Kimirei គឺជា​នាយក​ដឹកនាំ​ការស្រាវជ្រាវ និង​ជា​នាយក​មជ្ឈមណ្ឌល​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​ប្រទេស​តង់​សានី ហៅ​កាត់​ថា TFRI​។ វិទ្យាស្ថាន TFRI បានផ្តល់​ដំបូន្មាន​ដល់​រដ្ឋាភិបាល​តង់​សានី លើ​បញ្ហា​ផ្សេង​ទាក់ទង​ទៅនឹង​ជលផល​។ លោក Kimirei បាន​ប្រាប់​វី​អូ​អេ​តាម​អ៊ីមែល​ថា ការព្រួយបារម្ភ​ចម្បង​របស់​ពួកគេ​គឺ​ធ្វើយ៉ាងណា​ឲ្យ​មាន​ផ្លាស់ប្តូរ​ការគ្រប់គ្រង​វិស័យ​ជលផល និង​គោលនយោបាយ​ប៉ះពាល់ ដើម្បី​ប្រភព​ដ៏​សំខាន់​នៃ​ប្រូ​តេ​អុ​ី​ន​មួយ​នេះ នឹង​នៅតែ​អាច​ប្រើប្រាស់​បាន​។​

​គាត់​បាន​ពន្យល់ថា​៖ «​ជលផល​នៅលើ​បឹង​នេះ​គឺ​បើក​ឲ្យ​ប្រើ​យ៉ាង​ទូលាយ​។ ជារួម អ្នកណា​ក៏​អាច​ចូលទៅ​នេសាទ​ត្រី​នៅ​ទីនោះ ហើយ​មិនមាន​បទបញ្ញត្តិ​ថា តើ​ម្នាក់ៗ​អាច​នេសាទ​បាន​ច្រើន​ប៉ុណ្ណា​នោះទេ​។ ប្រសិនបើ​ការឡើង​កម្តៅ​នៅតែ​បន្ត ហើយ​ការនេសាទ​មិន​ត្រូវបាន​គ្រប់គ្រង​ទេនោះ និរន្តរភាព​នៃ​ការនេសាទ​ត្រី​នេះ​បានត្រឹមតែ​ជា​ពាក្យ​ប្រៀនប្រដៅ​ប៉ុណ្ណោះ​» ។​

​វិទ្យាស្ថាន TFRI កំពុងធ្វើការ​ជាមួយ​សាកលវិទ្យាល័យ​និង​អង្គការ​ដទៃទៀត ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​បឹង​នេះ និង​ជូនដំណឹង​ដល់​សហគមន៍​មូលដ្ឋាន និង​អ្នកបង្កើត​គោលនយោបាយ​។ លោក Kimirei សង្ឃឹមថា ការពន្យល់​ពី​ស្ថានភាព​នេះ​ដល់​ពួកគេ នឹងធ្វើ​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​ដំណើរ​ការធ្វើ​សេចក្តីសម្រេចចិត្ត​។ លោក​បាន​កត់សម្គាល់ថា ឧស្សាហកម្ម​នេសាទ​នេះ គឺជា​សកម្មភាព​សេដ្ឋកិច្ច​សំខាន់បំផុត​ទី​បី​នៅក្នុង​តំបន់ Kigoma ហើយ​បឹង​នេះ​គឺជា​ប្រភព​ផ្តល់​ប្រូតេអ៊ីន​ចម្បង​សម្រាប់​ប្រទេស​នេះ​។​

​លោក​និយាយថា ទោះជា​យ៉ាងណា «​យើង​បានកត់សម្គាល់​ឃើញថា ឥឡូវនេះ​ភាគច្រើន​នៃ​គ្រួសារ​ក្រីក្រ​មិនអាច​មានលទ្ធភាព​ទិញ​ត្រី​ដែលមាន​ប្រូតេអ៊ីន​នោះ​ដើម្បី​ទទួលទាន​ប្រចាំថ្ងៃ​បានទេ ដែល​នេះ​ក៏ដោយ​តែ​ការកើនឡើង​នៃ​តម្លៃ​ត្រី និង​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ទំនិញ​មួយ​នេះ​»​។​

​ការផ្តោត​លើ​សហគមន៍​មូលដ្ឋាន គឺជា​របៀប​ដែល​លោក Colin Apse កំពុង​ព្យាយាម​ពង្រឹង​ភាព​ធន់​របស់​ពួកគេ​។ លោក​គឺជា​នាយក​កម្មវិធី​អភិរក្ស​ទឹកសាប​សម្រាប់​កម្មវិធី​អភិរក្ស​ធម្មជាតិ​អាហ្វ្រិក​។ ការប្រឹងប្រែង​របស់គាត់​ដាក់បញ្ចូល​អង្គការ​នេសាទ​ក្នុង​សហគមន៍ ដែល​លើកកម្ពស់​បច្ចេកទេស​នេសាទ​ប្រកបដោយ​និរន្តរភាព ដូចជា​ការប្រើ​សំណាញ់​ចាប់​ត្រី​ដែល​មិន​ជាប់​ត្រី​តូច​។ លោក Apse បាប​បញ្ជាក់ថា ទោះបីជា​ការប្រែប្រួល​អាកាសធាតុ​បានធ្វើ​ឲ្យ​មាន​ធ្លាក់ចុះ​ត្រី​ក្នុង​រយៈពេល​យូរ​ទៅមុខទៀត​ក៏ដោយ ការមិន​ចាប់យក​កូន​ត្រី​ក្នុងចំណោម​ត្រី​ទាំងអស់ និង​ការចាក់​បំពេញ​តំបន់ឆ្នេរ​សមុទ្រ​ដោយ​ដីល្បាប់​នោះ មាន​ផលប៉ះពាល់​ធំ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​គាត់​បាន​ពន្យល់ថា ទាំងនេះ​គឺជា​ការគំរាមកំហែង​ដែល​ពួកគេ​អាច​ផ្តោត​ការយកចិត្តទុកដាក់ ខណៈពេលដែល​ពួកគេ​ក៏ត្រូវ «​ទទួលស្គាល់​ដែរ​ថា ការប្រែប្រួល​អាកាសធាតុ​គឺជា​កត្តា​កំណត់​ដែល​អ្នកភូមិ​ទាំងនេះ​មិនអាច​គ្រប់គ្រង​បាន​»​។​

​លោក Kimirei និយាយថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​អ្នករៀបចំ​ការ​សិក្សា​នេះ​ទទួលស្គាល់ថា ការកើនឡើង​នៃ​ការនេសាទ​មិនអាច​ត្រូវគេ​មើលរំលង​ទេ ខណៈដែល​ការប្រែប្រួល​អាកាសធាតុ​អាចជា​ចំណុច​ស្នូល​នៃ​ការធ្លាក់ចុះ​នេះ​។ នៅក្នុង​ទិដ្ឋភាព​នៃ​លទ្ធផល​ទាំងនេះ ពេលវេលា​កាន់តែ​អាក្រក់​ជាង​នេះ​ត្រូវគេ​រំពឹងថា​នឹង​កើតមាន ប្រសិនបើ​បឹង​នេះ នៅតែ​បន្ត​កើនឡើង​កម្តៅ ហើយ​ការនេសាទ​ត្រី​បន្ត ឥត​ស្រាកស្រាន្ត​នោះ​»៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com