អន្តរជាតិ
Tokyo Skytree អគារ​ប៉ម​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​
15, Sep 2016 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
Tokyo Skytree គឺជា​អគារ​ប៉ម​ខ្ពស់​ជាងគេ​លើ​លោក​ដែល​ស្ថិតនៅក្នុង​តំបន់ Sumida ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ អាគារ​កម្ពស់​៦៣៤​ម៉ែត្រ​នេះ ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក «Guinness World Records» កាលពី​ឆ្នាំ​២០១១ ក្នុងនាម​ជា «​ប៉ម​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​» (The Tallest Tower in The World) ជំនួស Canton Tower របស់​ចិន​។​



​រចនា​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម Nikken Sekkei អាគារ Tokyo Skytree ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០០៨ ហើយ​បញ្ចប់​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១២ មុននឹង​បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១២ ។ ក្រុមហ៊ុន Tobu Tower Skytree Co.,Ltd. បាន​ប្រើ​ទឹកប្រាក់​លើ​ការសាងសង់​អស់​ប្រមាណ​៨០៦​លាន​ដុល្លារ​អាមេរិក​។​



​បើ​គិតតែ​តួ​ប៉ម Tokyo Skytree មាន​កម្ពស់​ខ្ពស់​ជាងគេ​លើ​លោក ប៉ុន្តែ​បើ​ផ្អែកលើ​សំណង់​ទូទៅ វា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​ពីរ បន្ទាប់ពី​អាគារ Burj Khalifa នៅក្នុង​ទីក្រុង​ឌូ​បៃ ដែលមាន​កម្ពស់​៨២៩.៨​ម៉ែត្រ​។ កម្ពស់​៦៣៤​ម៉ែត្រ​មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ ដោយ​លេខ​នេះ ទាក់ទង​នឹង​ពាក្យ Musahi (Mu=៦, Sa=៣, Shi=៤)​។ Musahi គឺ​ឈ្មោះ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​ប្រទេស​ជប៉ុន​។​

​មាន​កម្ពស់​២៩​ជាន់ និង​ជ​ញ្ជើ​យន្ត​ចំនួន​១៣ អាគារ Tokyo Skytree ជា​បណ្តុំ​នៃ​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ (​វិទ្យុ និង​ទូរទស្សន៍​) ទូរគមនាគមន៍ ទីផ្សារ​ទំនិញ និង​ភោជនីយដ្ឋាន ជាដើម​។ បន្ថែម​ពីលើ​នេះ គេ​មើលឃើញ​នូវ​ទិដ្ឋភាព​ទាំងមូល​នៅក្នុង​ទីក្រុង​តូ​ក្យូ ដែល​ចេញពី Tokyo Skytree ដោយមាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ​៕




















Save

Tag:
 Tokyo Skytree
  អគារ​ប៉ម​
  JapanTour
© រក្សាសិទ្ធិដោយ thmeythmey.com