អន្តរជាតិ
សម្ព័ន្ធមិត្ត​មិន​ទុកចិត្ត​អាមេរិក​ដែល​ចាប់ដៃ​រុស្ស៊ី ដោះស្រាយ​បញ្ហា​សង្គ្រាម​ស៊ី​រី​?
16, Sep 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​មូ​ស្គូ​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រឿង​ខ្វះ​ឆន្ទៈ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​។ ចាប់តាំងពី​កិច្ចព្រមព្រៀង​ផ្អាក​ប្រយុទ្ធ​ចូល​ជា​ធរមាន​តាំងពី​ថ្ងៃ​ចន្ទ គូភាគី​រំលោភបំពាន​កិច្ចព្រមព្រៀង​ជាច្រើន​ដង តែ​រុស្ស៊ី​ព្យាយាម​ទម្លាក់កំហុស​លើ​អាមេរិក​និង​ក្រុម​ឧទ្ទាម​។ បច្ចុប្បន្ន​អាមេរិក​កំពុង​រង​សម្ពាធ​ខ្លាំង ដោយសារ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដូចជា​បារាំង​មិនសូវ​ទុកចិត្ត​អាមេរិក ហើយ​ទាមទារ​ឲ្យ​អាមេរិក​បង្ហាញ​កិច្ចព្រមព្រៀង​លម្អិត​ដែល​ខ្លួន​ឯកភាព​ជាមួយ​រុស្ស៊ី​ទៀត​។ ហើយ​ក្រុម​ឧទ្ទាម​ខ្លះ​បារម្ភ​ដែរ​ថា អាមេរិក​កំពុង​ព្យាយាម​ដោះដៃ​ចោល​ខ្លួន​ដែរ​។

 


​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​បាន​បន្ត​វាយប្រហារ​លើ​ទីតាំង​ជន​ស៊ីវិល​រស់នៅ​ក្រុង Al-Mayadin ភាគ​ខាងកើត​ខេត្ត Deir Ezzor ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ កញ្ញា ទោះបីជា​បទ​ឈប់​បាញ់​ថ្មី​បាន​ចូល​ជា​ធរមាន​តាំងពី​ថ្ងៃ​ចន្ទ ទី​១២​កញ្ញា ក៏ដោយចុះ​។ មនុស្ស ២៣​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​កុមារ​៩​នាក់​ផង​ផង​។ តែ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី បាន​បញ្ជាក់ថា ខ្លួន​មិនបាន​ដឹង​ច្បាស់​ថា យន្តហោះ​ចម្បាំង​ដែល​ចេញ​ប្រតិបត្តិការ​នេះ​ជា​របស់​ភាគី​ណាមួយ​ឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា បទ​ឈប់​បាញ់​ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន​ត្រូវបាន​គេ​បំពាន ៤៥​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​សោះ​។ ក្រសួង​នេះ​បាន​ចោទប្រកាន់​ក្រុម​ភេរវជន និង​បណ្តា​ក្រុម​ឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​ថា​បាន​បំពាន​កិច្ចព្រមព្រៀង​។ ហើយ​រដ្ឋាភិបាល​រុស្ស៊ី​ដែលជា​សហ​ស្ថាបនិក​នៃ​បទ​ឈប់​បាញ់​ស៊ី​រី ក៏បាន​ចោទប្រកាន់​អាមេរិក​ពេញៗ​មាត់​ដែរ​ថា អាមេរិក​មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​ក្នុង​កិច្ចព្រមព្រៀង​ព្រៀង​ឡើង​។​

​យ៉ាងណា​ក៏ដោយចុះ រុស្ស៊ី​បាន​អួតថា រដ្ឋាភិបាល​ស៊ី​រី បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​តាម​ការកំណត់​ក្នុង​កិច្ចព្រមព្រៀង​រួចរាល់​ហើយ នៅឡើយ​តែ​ភាគី​ក្រុម​ឧទ្ទាម​ប៉ុណ្ណោះ​។ ចំណែក​ក្រុង​វ៉ាស៊ីនតោន មិនបាន​និយាយ​អ្វី​ច្រើន​ឡើយ តែ​មហាអំណាច​នេះ​ទទួលស្គាល់ថា បទ​ឈប់​បាញ់​ត្រូវបាន​គូភាគី​ទាំងសងខាង​រំលោភបំពាន​មែន​។ ប៉ុន្តែ​យ៉ាងហោចណាស់ អាមេរិក​និង​រុស្ស៊ី​ប្តេជ្ញា​ថា​ខ្លួន​នឹង​បន្ត​ជ្រោមជ្រែង និង​បន្ថែម​ពេល​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ថ្វីបើ​វា​ផុយ​ស្រួល​បន្តិច​មែន​។

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា ខ្លឹមសារ​ភាគច្រើន​នៃ​បទ​ឈប់​បាញ់​ថ្មី​យោងតាម​បទ​ឈប់​បាញ់​ដែល​អាមេរិក​និង​រុស្ស៊ី​បង្កើត​កាលពី​ខែកុម្ភៈ​ដែរ​។ ហើយ ក្រោម​អំណាច​នៃ​បទ​ឈប់​បាញ់​នេះ រាល់​ភាគី​ទាំងអស់​ត្រូវ​បញ្ចប់​ឲ្យ​បាន​នូវ​ការបាញ់បោះ លួច​វាយឆ្មក់ ឬ​ទម្លាក់​គ្រាប់បែក​ជាដើម ក្នុង​រយៈពេល ៧​ថ្ងៃ ហើយ​ភាគី​ពាក់ព័ន្ធ​ចាប់ផ្តើម​ចែកចាយ​ជំនួយ​មនុស្សធម៌​ទៅដល់​បណ្តា​ប្រជាជន​ស៊ី​រី​ដែល​រងគ្រោះ​ជាពិសេស​នៅ​ក្រុង Aleppo ដែលមាន​ប្រជាជន​៣​សែន​នាក់​រស់នៅ ។ ចំណែក ក្រុម​ឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​ត្រូវ​ផ្តាច់ទំនាក់ទំនង​ឲ្យ​អស់​ជាមួយ​ក្រុម​ភេរវកម្ម Jabhat al-Nusra ព្រោះ​ពួកគេ​នឹងត្រូវ​ចូលរួម​ក្នុងការ​ចរចា​និង​ពិភាក្សា​ស្វែងរក​សន្តិភាព​នៅពេល​ខាងមុខ​ទៀត​។​

 បើសិន​គ្មាន​ហិង្សា​ប្រដាប់អាវុធ​ក្នុងពេល ៧​ថ្ងៃ រដ្ឋាភិបាល​រុស្ស៊ី និង​អាមេរិក​នឹង​ចាប់ផ្តើម​បង្កើត​«​មជ្ឈមណ្ឌល​អនុវត្ត​ដំណោះស្រាយ​រួម​» ដែល​សំដៅលើ​ក្រុមការងារ​បង្កើត​ការ​សហប្រតិបត្តិការ​យោធា​រវាង​មហាអំណាច​ទាំងពីរ​ក្នុង​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម Jabhat al-Nusra និង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ក្រោយ​មានការ​សហការគ្នា​ល្អប្រសើរ​កម្ចាត់​ភេរវជន​ហើយ ភាគី​ជម្លោះ និង​ភាគី​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ពិភាក្សា​និង​ចរចា​គ្នា​ដំណោះស្រាយ​នយោបាយ​បន្តទៀត​។  ប៉ុន្តែ ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ​មិន​បញ្ចេញ​ចំណុច​សម្ងាត់​ច្រើន​ទៀត​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​អស់​ឡើយ ក្រោម​ហេតុផល​រក្សា​ទំនុកចិត្ត​រវាង​ភាគី​។​

១.​អាមេរិក​កំពុង​ផុងខ្លួន ចាញ់​ប្រៀប​រុស្ស៊ី​?
​ដោយឡែក ក្រៅពី​រង​ការចោទប្រកាន់​ពី​សំណាក់​រុស្ស៊ី អាមេរិក​កំពុង​ប្រឈម​បញ្ហា​មួយទៀត​គឺ​បាត់បង់​ទំនុកចិត្ត​ពី​សំណាក់​សម្ព័ន្ធមិត្ត​និង​ក្រុម​ឧទ្ទាម​។ អាមេរិក​លបលួច​ទៅ​ចរចា​ជាមួយ​រុស្ស៊ី​ស្ងាត់ៗ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ​រួមគ្នា ដោយ​មិន​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប និង​ក្រុម​ឧទ្ទាម​ស៊ី​រី​ដឹង ។ សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​មាន​មន្ទិលសង្ស័យ ព្រោះ​ពួកគេ​មិន​បានដឹង​ច្បាស់​ថា កិច្ចព្រមព្រៀង​នេះ​មាន​អត្ថន័យ​លម្អិត​បែបណា និង​ចែង​ពីអ្វី​ឲ្យ​ច្បាស់លាស់​ឡើយ​។

​ដូច​ឃើញស្រាប់​ហើយ បារាំង​បានស្នើ​ឲ្យ​អាមេរិក​បញ្ចេញ​កិច្ចព្រមព្រៀង​លម្អិត​ដែល​អាមេរិក​និង​រុស្ស៊ី​បង្កើត​រួមគ្នា​នោះ ដើម្បី​ឲ្យ​ខ្លួន​បាន​ដឹងផង​។ នេះ​បញ្ជាក់​ច្បាស់​ថា សម្ព័ន្ធមិត្ត​ក៏​មិនសូវ​ទុកចិត្ត​អាមេរិក​ដែរ ព្រោះ​អាមេរិក​ហាក់​ផុងខ្លួន​ទៅ​កៀក​ស្និទ្ធ​ជាមួយ​រុស្ស៊ី​ពេក​។

​ដោយឡែក ក្រុម​ឧទ្ទាម​មួយចំនួន​ចាប់ផ្តើម​មាន​អារម្មណ៍​ថា អាមេរិក​កំពុង​ក្បត់​ខ្លួន ព្រោះ​កិច្ចព្រមព្រៀង​អាមេរិក​ឯកភាព​បង្កើត​ឡើងមក​ជាមួយ​រុស្ស៊ី​នេះ​ហាក់​មិន​ជួយ​គាំពារ​ពួកគេ​ទេ​។ ក្រុមខ្លះ យល់ថា អាមេរិក​កំពុង​ដោះដៃ​ចេញ ហើយ​ឲ្យ​រុស្ស៊ី​និង​រដ្ឋាភិបាល​ស៊ី​រី បំផ្លាញ​ខ្លួន​ថែម​ទៀតផង​។  ជាក់ស្តែង​ក្រុម​ឧទ្ទាម Ahrar Al-Sham ដែលមាន​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ខ្នងបង្អែក​និង​មាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ភេរវជន Jabhat al-Nusra បាន​ទាត់ចោល​បទ​ឈប់​បាញ់​នេះ​។​មេដឹកនាំ​ក្រុម​ឧទ្ទាម​នេះ​បានប្រកាសថា កិច្ចព្រមព្រៀង​អាមេរិក​និង​រុស្ស៊ី​ផ្តួចផ្តើម​បង្កើតឡើង​មកនេះ​វា​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​អន្តរាយ ហើយ​ជួយ​ពង្រឹង​អំណាចរដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ប៉ុណ្ណោះ​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​សូម្បី តែ​ក្រសួងការពារជាតិ​អាមេរិក​ក៏​មិនសូវ​ទុកចិត្ត ក្រសួងការបរទេស​អា​មេ​រិ​ក​ដែល​ឈានទៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​នៅពេល​ខាងមុខ​។ ដូច​បាន​អះអាង​ខាងដើម​ស្រាប់ បើសិនជា​ភាគី​អាច​រក្សា​ការអនុវត្ត​កិច្ចព្រមព្រៀង​បាន​ខ្ជាប់ខ្ជួន​ក្នុងពេល ៧​ថ្ងៃ កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រវាង​មហាអំណាច​ទាំងពីរ​នឹង​លេច​រូបរាង​ឡើយ​។

២. U.N អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​ការចែក​ចាយ​ជំនួយ​មនុស្សធម៌​
​យ៉ាងណា​ក៏ដោយចុះ អ្វីដែល​គេ​ត្រូវ​ខ្វាយខ្វល់​ពេលនេះ​គឺ​អាយុជីវិត​ប្រជាជន​ស៊ី​រី​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ ពួកគេ​កំពុង​ត្រូវការ ជំនួយ​ស្បៀងអាហារ ក៏ដូចជា​ថ្នាំសង្កូវ ដើម្បី​បន្ត​រស់រាន​ទៅមុខទៀត​។

​បញ្ហា​បច្ចុប្បន្ន​គឺ ជំនួយ​មនុស្សធម៌​ដែល​ត្រូវគេ​បញ្ជូនទៅ​ចែកចាយ​ជូន​ប្រជាជន​ស៊ី​រី នៅជាប់​ទ្រឹង​នៅត្រឹម​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ព្រោះ​ក្រុម​ដឹកជញ្ជូន​មិនអាច​ទទួលបាន​ការអនុញ្ញាត​ពី​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​។ ប្រជាជន​ទាំងនោះ​កំពុង​អត់បាយ​ក្រហាយ​ទឹក ព្រោះ​ពួកគេ​បានទទួល​ជំនួយ​តាំង​ខែកក្កដា​ម្ល៉េះ ហើយ​មកទល់​បច្ចុប្បន្ន​ពួកគេ​មិនទាន់​ទទួលបាន​ជំនួយ​ថ្មី​ឡើយ​។ ទាក់ទង​បញ្ហា​នេះ អង្គការសហប្រជាជាតិ​បាន​អំពា​នាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​មនុស្សជាតិ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vitaly Churkin បាន​បញ្ជាក់ថា រុស្ស៊ី​កំពុង​បញ្ចុះបញ្ចូល​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ស៊ី​រី​ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន ដើម្បី​ជួយ​សម្រួល​ដល់​ការផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ី​រី​។ ក្រុមប្រឹក្សាសន្តិសុខ​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​ស៊ី​រី ជាពិសេស​ផ្តោតលើ​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ី​រី​៕

​សង្គ្រាម​បង្ហូរឈាម​គ្នា​រយៈពេល ៥​ឆ្នាំ​នៅ​ស៊ី​រី​មិនអាច​ឈានដល់​ទីបញ្ចប់​ងាយៗ​ឡើយ​។ មហាអំណាច​ដូចជា​រុស្ស៊ី និង​អាមេរិក ដែល​លូកដៃ​ជួយ​ភាគី​ជម្លោះ​និង​មាន​គោលដៅ​រៀងខ្លួន​នោះ ជា​អ្នកកំណត់​ជោគវាសនា​ប្រទេស​កម្សត់​ដែលមាន​ប្រជាជន​ជា​២១​លាន​នាក់​នេះ​។


Tag:
 ​រុស្ស៊ី
  អាមេរិក​
  បា​សា អាល់ អាសាដ
© រក្សាសិទ្ធិដោយ thmeythmey.com